ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន ៖ រួមគ្នាបើកយុទ្ធនាការបញ្ឈប់ការជួញដូរនិងបញ្ឈប់ការហូបសាច់សត្វព្រៃ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងអង្គការ WWF ប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានរួមគ្នាបើកយុទ្ធនាការបញ្ឈប់ការជួញដូរនិងបញ្ឈប់ការហូបសាច់សត្វព្រៃ នៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ យុទ្ធនាការបញ្ឈប់ការជួញដូរនិងហូបសាច់សត្វព្រៃដែលជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យដែលក្រសួងបរិស្ថាន និងដៃគូបានអនុវត្តដោយជោគជ័យចំនួន៦ខេត្តនាកន្លងមក បានព្រឹត្តទៅក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថាន តំណាងអង្គការ WWF និងអ្នកសារព័ត៌មានជាច្រើន អង្គភាពដើម្បីចូលរួមផ្សព្វផ្សាយ។ 

នៅក្នុងសន្និសីទសារព័ត៌មានបើកយុទ្ធនាការបញ្ឈប់ការជួញដូរនិងហូបសាច់សត្វព្រៃនេះ លោក នេត្រ ភក្ត្រា រស្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមានទី១៖ លើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ក្នុងខេត្តមណ្ឌលគិរីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដោយបញ្ឈប់ការលក់ដូរមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃក្នុងភោជនីយដ្ឋានរបស់ខ្លួននិងចូលរួមផ្សព្វផ្សាយឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ទី២៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈនូវហានីភ័យសុខភាពពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃ និងឃោសនាជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិតមិនត្រឹមត្រូវពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃដែលវាមិនផ្តល់ប្រយោជន៍សម្រាប់សុខភាព ឬគ្មានឥទ្ធិពលអ្វីបង្ហាញពីកិត្តិយស ឬឋានៈក្នុងសង្គមដូចអ្វីដែលមនុស្សមួយចំនួនតូចបានគិត និងដើម្បីឱ្យពួកគេបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ទី៣៖ ផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយបន្ថែមទៀតអំពីយន្តការអនុវត្តច្បាប់របស់ខេត្តមណ្ឌលគិរីក្នុងនោះមានក្រុមជំនួយអនុវត្តច្បាប់ចល័ត ព្រមទាំងសេចក្តីណែនាំនិងវិធានការនានារបស់ខេត្តពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ។ 

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា រយៈពេល១៨ខែ ក្នុងឆ្នាំ២០២២១ ដល់ឆ្នាំ២០២២ ពោលគឺ១២ខែ ក្នុងឆ្នាំ២០២១ និងរយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធរបានបង្រ្កាប ការជួញដូរសត្វព្រៃរហូតដល់ ១,៣៥៣គីឡូក្រាម នៅខេត្តមណ្ឌលគិរី។ ដោយឡែកក្នុងរយៈពេល៦កន្លងមកនៅខេត្តមណ្ឌលគិរី ក៏បានបង្រ្កាបការជួញដូរសាច់សត្វព្រៃចំនួន ២៣៥គីឡូក្រាមផងដែរ»។ លោក នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា៖ «បើរាប់ចំនួននៃការបង្រ្កាប និងទប់ស្កាត់អាជ្ញាធរពាក់ព័ន្ធមានសកម្មភាពខ្លាំងក្លាជាងមុន។ សកម្មភាពនេះបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមអនុវត្តនៃយុទ្ធនាការអន្ទាក់សូន្យ ដែលក្រសួងបរិស្ថាន និងដៃគូរបានដាក់ឱ្យអនុវត្តកន្លងមក»។ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ព្រមតាំងអំពាវនាវឱ្យភោជនីយដ្ឋានបញ្ឈប់ការលក់សាច់សត្វព្រៃ សូមកុំចូលព្រៃសម្លាប់សត្វព្រៃត្រូវបញ្ឈប់បន្ទាន់។ ព្រោះថា អំពើទាំងនេះខុសច្បាប់ វាជាទង្វើដែលសង្គមមិនទទួលស្គាល់សោះឡើយ។

បើតាមលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី អាជ្ញាធរបានទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃយ៉ាងខ្លាំងក្លា ដើម្បីថែរក្សាសត្វព្រៃនៅលើទឹកដីមណ្ឌលគិរីឱ្យបានគង់វង្ស។ មន្រ្តីពាក់ព័ន្ធគ្រប់ផ្នែកមិនត្រឹមតែចុះទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃទេ ថែមទាំងថែរក្សាទីជម្រកសត្វព្រៃយ៉ាងខ្លាំងក្លាស្ទើរគ្រប់កន្លែងទៀតផង។

 ចំណែកលោក សេង ទៀក ប្រធានអង្គការ WWF បានគូសបញ្ជាក់ពីសារៈសំខាន់នៃយុទ្ធនាការអន្ទាក់សូន្យដែលទទួលបានជោគជ័យក្នុងក្លាយជាគំរូសម្រាប់បណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី និងបានលើកឡើងថាយុទ្ធនាការប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់គឺជាការធ្វើឱ្យសត្វព្រៃមានសុវត្ថិភាពនិង ព្រៃឈើដែលកម្ពុជាខិតខំប្រឹងប្រែងការពារបានល្អប្រសើរ មានវត្តមានសត្វព្រៃ។ 

ក្រសួងបរិស្ថាន និងដៃគូទាំងអស់ ក៏កំពុងសហការគ្នាដើម្បីផ្តល់នូវជម្រើសនៃរបរចិញ្ចឹមជិវិតបន្ថែមរាប់បញ្ចូលទាំងរបរក្នុងវិស័យកសិកម្ម កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិ ជូនដល់សហគមន៍ មូលដ្ឋានដែលរស់នៅក្បែរតំបន់ការពារធម្មជាតិ។ កិច្ចសហការនេះ ក៏ផ្តោតលើគោលបំណងកែប្រែឥរិយាបថនិងការនិយមបរិភោគសត្វព្រៃរបស់ប្រជាជនផងដែរ ដើម្បីការពារសុខភាពសាធារណៈពីហានិភ័យនៃប្រភេទជំងឺឆ្លងផ្សេងៗ ជាយថាហេតុនៅថ្ងៃអនាគត៕

ដោយ : សហការី


ចែករំលែក៖