សារព័ត៌មាន TASS នាថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃចន្ទនេះបាននិយាយថា ការធ្វើកំណែទម្រង់នៅអង្គការសហប្រជាជាតិ (UN) ចាំបាច់ត្រូវតែក្លាយជាអាទិភាពសម្រាប់បណ្តារដ្ឋនៃតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដើម្បីឱ្យសំឡេងរបស់ក្រុមប្រទេសលោកខាងត្បូង អាចត្រូវបានឮនៅក្នុងក្រុមប្រឹក្សាសន្តិសុខ UN។
លោក ម៉ូឌី បានថ្លែងដូចខាងលើ អំឡុងនៃការបើកវេទិកាកិច្ចសហប្រតិបត្តិការឥណ្ឌា-ដែនកោះប៉ាស៉ីហ្វិក ហៅកាត់ថា FIPIC នៅឯប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ។ លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានបន្ថែមថា រូបលោកក៏មានបំណងចង់តំណាងឱ្យក្រុមលោកខាងត្បូង ដែលរួមមានទាំងក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក នៅតាមវេទិកាអន្តរជាតិនានា ដូចជា G20 ជាដើមផងដែរ។ យោងតាមលោក ម៉ូឌី ឥណ្ឌាចាត់ទុកជាភារកិច្ចរបស់ខ្លួន នូវការពាំនាំក្តីកង្វល់របស់ក្រុមប្រទេសលោកខាងត្បូងយកទៅបង្ហាញដល់ពិភពលោក តាមរយៈព្រឹត្តិការណ៍ G20។
គួរបញ្ជាក់ថា ទីក្រុងញូវដេលីបាននិងកំពុងព្យាយាមជំរុញការធ្វើកំណែទម្រង់នោអង្គការសហប្រជាជាតិ ដែលនឹងរួមមានការផ្តល់ឱ្យឥណ្ឌាក្លាយជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដែលជាស្ថាប័នកំពូលរបស់ UN។ លោក ម៉ូឌី ជឿថា ប្រការនេះនឹងផ្តល់សមត្ថភាពដើម្បីតំណាងឱ្យផលប្រយោជន៍របស់ក្រុមលោកខាងត្បូង ដែលរួមមានតំបន់អាហ្រ្វិក អាមេរិកឡាទីន សមុទ្រការីបង់ ប៉ាស៉ីហ្វិក និងប្រទេសអាស៉ីដែលកំពុងអភិវឌ្ឍន៍។
ដ្បិតក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ មានសមាជិកសរុបចំនួន១៥ក៏ពិតមែន ក្នុងចំណោមនោះ មានតែ៥ប្រទេសប៉ុណ្ណោះ គឺជាសមាជិកអចិន្រ្តៃយ៍ ដែលមានអំណាចវេតូ។ ប្រទេសទាំង៥នោះ រួមមានសហរដ្ឋអាមេរិក រុស្ស៉ី ចិន បារាំង និងអង់គ្លេស៕
ដោយ៖ ធីរីណា(រូបថត ៖ Reuters)