សឹង្ហបូរី ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ២០នៅប្រទេសសឹង្ហបូរីនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី ៧ ក្នុងកិច្ចសន្ទនាសាំងគ្រីលា ក្រោមប្រធានបទ៖“ការអភិវឌ្ឍគំរូ សម្រាប់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ”។
ថ្លែងនៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ២០ នាឱកាសនោះ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច បានបង្កការ រំខានដល់ភាពសុខដុម និងវិបុលភាពនៃប្រទេសតូចតាចដទៃទៀត។ ជាការពិត គូប្រជែងមុខជាមិនបានទទួលផលចំណេញឡើយ ព្រោះពួកគេ ជៀសមិនផុតពីការពឹងពាក់គ្នាទៅវិញទៅមក យូរអង្វែងតទៅទៀត។ សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា៖ ថ្មីៗ នេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា យើងពិតជាមិនចង់ឃើញចិន ក៏ដូចជាអាមេរិកចុះខ្សោយនោះទេ។ ការចុះខ្សោយរបស់អ្នក ណាម្នាក់ ឬក៏របស់អ្នកទាំងពីរ នឹងបង្កឲ្យមានហានិភ័យសម្រាប់ប្រទេស ទូទាំងតំបន់ និងពិភពលោកជាក់ជាមិនខាន។
ក្នុងនាមជាសមាជិកមួយ នៃអាស៊ានកម្ពុជាចង់ឃើញការផ្លាស់ប្តូរឥរិយាបទរបស់គូប្រជែងទាំងអស់ ពីការផ្ចាញ់ផ្ចាលគ្នា ទៅជាការរួមគ្នាគិតគូអំពីផលប្រយោជន៍ទៅវិញទៅមក អំពីស្ថិរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។ យើងក៏ចង់ឲ្យមានការបន្ធូរភាពតាន តឹង និងធ្វើឲ្យប្រក្រតីឡើងវិញ នូវស្ថានភាពនៅសមុទ្រចិនខាងត្បូង និងការស្វែងរកវិធីសាស្រ្តណាមួយ ដែលអាចទទួលយកបានដើម្បីបញ្ឈប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ ការបង្កើតនិងដំណើរការនៃយន្តការមួយចំនួនដែលធ្វើឡើងដោយប្រទេសធំៗក្នុងតំបន់ កំពុងត្រូវបានយល់ឃើញក្នុងទិដ្ឋភាពផ្សេងៗគ្នា។ ជាការប្រសើរប្រសិនបើយន្តការ ឬភាពជាដៃគូទាំងនោះបម្រើឲ្យសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ផ្ទុយទៅ វិញ សកម្មភាពដែលមានចរិត ជាការធ្វើឲ្យអន្តរាយដល់ប្រទេសណាមួយទៀត នឹងរឹតតែបង្កើនភាពតានតឹងក្នុងតំបន់ ទោះបីជាមានការអះអាងថាវិធានការទាំងនោះគឺដើម្បីតុល្យភាពផ្នែកយុទ្ធសាស្ត្រក៏ដោយ។
ទាក់ទងទៅនឹងប្រទេសមីយ៉ាន់ម៉ា សម្តេចពិជ័យសេនា ទៀ បាញ់ បាន បញ្ចាក់ថា៖ បញ្ហាមីយ៉ាន់មា គឺជាភាពប្រឈមមួយដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ ភាពជឿជាក់ និងមជ្ឈភាព (Centrality) របស់អាស៊ាន។ នៅក្នុងទស្សនៈសម្តេចពិជ័យសេនា បានបន្ថែមថា៖ តួនាទីរបស់អាស៊ានក្នុងការជំរុញឲ្យមានដំណោះស្រាយ គឺពិតជាសំខាន់ណាស់ តែមិនអាចធានាជោគជ័យទាំង ស្រុងនោះទេ បើសិនគ្មានឆន្ទៈពិតប្រាកដពីមីយ៉ាន់ម៉ាខ្លួនឯង។ ការស្វែងរកទំនុកចិត្តគ្នាទៅវិញទៅមក ក្នុង ចំណោមតួអង្គទាំងឡាយរបស់មីយ៉ាន់ម៉ា អាចជាគន្លឹះ នៃដំណោះស្រាយ។
តាមបទពិសោធន៍របស់កម្ពុជានាអតីតកាល គោលនយោបាយ ឈ្នះ ឈ្នះ ដោយផ្អែកលើសម្បទាន រួមទាំងការផ្ដល់កិត្តិយស និងទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានដ៏រឹងមាំ សម្រាប់សន្តិភាព ភាពសុខដុមរមនា និងវិបុលភាព ស្ថិតស្ថេរយូរអង្វែង។ នេះក៏ជាគំរូមួយបទៀត ដែលកើតឡើងដោយការរួមបញ្ចូលគ្នាមិនអាចខ្វះបាន រវាង ឆន្ទៈនយោបាយ ឯកភាពជាតិ និងការជ្រោមជ្រែងដោយសុទ្ធចិត្តពីខាង ក្រៅឈរលើការគោរពផលប្រយោជន៍រួមជាធំ។
ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ សម្តេចពិជ័យសេនាថ្លែងថា ពិតមែនថាការបំផ្លាញធនធានធម្មជាតិនិងការបំពុលបរិស្ថាន កើតមាននៅគ្រប់ទិសទី តែប្រទេសឧស្សាហកម្មធំៗ គឺជាប្រភពចម្បងនៃការការ ប្រែប្រួលធាតុអាកាស។ យើងបានឃើញកិច្ចខិតខំប្រឹង ប្រែងជាបន្តបន្ទាប់ដើម្បី កាត់បន្ថយហានិភ័យធ្ងន់ធ្ងរសម្រាប់ផែនដីយើង តែហាក់មិនទាន់បានទទួល លទ្ធ ផលជាដុំកំភួននៅឡើយទេ។ជារឿយៗយើងបានឃើញ របាយ ការណ៍ស្តីពីស្ថានភាពនៃបម្រែបម្រួលធាតុ អាកាសកាន់ តែធ្ងន់ធ្ងរឡើង។ ដូច្នេះតម្រូវឲ្យមានការខិតខំរួមគ្នាច្រើនថែមទៀតនៅក្នុងបញ្ហានេះជាពិសេសប្រទេសឧស្សាហកម្មធំៗ ត្រូវធ្វើជាគំរូនៅក្នុងការខិតខំ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិស្ថានតាមរូបភាពផ្សេងៗទៀត៕
ដោយ៖ សូរិយា