ភ្នំពេញ ៖ មានកត្តាបរិស្ថានគ្របដណ្តប់សំខាន់ ៣ ដែលបង្កលក្ខណៈដល់ការកសាងសមិទ្ធផលទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល គឺ៖ សន្តិភាព, សិទ្ធិសេរីភាព និងជីវភាព។ ទី១. សន្តិភាព គឺជាគុណតម្លៃនៃការរស់នៅដោយស្ងប់សុខទាំងផ្លូវកាយ និងផ្លូវចិត្ត និងគ្មានអំពើហិង្សា ហើយសន្តិភាពនេះ គឺជាមូលគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ទី២. សិទ្ធិសេរីភាព គឺជាអំណាចក្នុងការសម្រេចចិត្ត និងការជ្រើសរើសទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការរៀនសូត្រ, ការប្រកបអាជីពការងារ ឬធុរកិច្ច, ជំនឿសាសនា និងការចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ រួមទាំងការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិផងដែរ។ ទី៣. ជីវភាព គឺសំដៅដល់សុខភាព, គុណភាពជីវិត និងសុខុមាលភាពសង្គម ក៏ដូចជាការលើកកម្ពស់កម្រិតចំណូលសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែល្អប្រសើរ ហើយដែលធ្វើឱ្យសង្គមជាតិទាំងមូលកាន់តែពោរពេញដោយសេចក្តីសុខ និងភាពសុខដុមរមនាសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។
នេះជាការថ្លែងរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើជាអធិបតី ក្នុងពិធីសម្ពោធអគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលនានា នៅក្នុងវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។
លោកបានថ្លែងថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា, ការលើកស្ទួយវិស័យសាសនាឡើងវិញ ត្រូវបានចាត់ទុកជា អាទិភាពមួយក្នុងចំណោមកិច្ចការជាច្រើន។ កិច្ចការនេះ មិនមែនងាយស្រួលនោះឡើយ ពីព្រោះពេលនោះ ដៃម្ខាងត្រូវទប់ស្កាត់ការវិលមកវិញនៃរបបខ្មែរក្រហម ហើយដៃម្ខាងទៀត ត្រូវរៀបចំស្តារកសាងសង្គម-សេដ្ឋកិច្ចឡើងវិញ ហើយរហូតមកដល់បច្ចុប្បន្ន យើងមានវត្តព្រះពុទ្ធសាសនាប្រមាណជាង ៥ ពាន់វត្ត និងព្រះសង្ឃជាង ៧ ម៉ឺនអង្គ នៅទូទាំងប្រទេស ព្រមទាំងសាសនាផ្សេងៗទៀតជាច្រើន ក៏អាចធ្វើសកម្មភាព និងមានការគោរពបដិបត្តិបានពេញលេញ ដោយបង្កើតបានជាសុខដុមនីយកម្មសាសនា ដែលជាមូលដ្ឋានមួយដ៏សំខាន់ផងដែរក្នុងការបង្កើតសន្តិភាព៕
ដោយ ៖ សហការី