ព័ត៌មានទាន់ហេតុការណ៍៖

ឈ្វេងយល់អំពីជំនឿបរមីខ្លាំងពូកែសាកសិទ្ធនៅវត្តព្រះអង្គធំនៅទីរួមខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អារាមមានអាយុកាលដ៏ចំណាស់មួយមានព្រះមួយអង្គធំដាក់តម្កល់សម្រាប់ជាទីសក្ការៈបូជានិងមានព្រះសង្ឃគង់នៅគោរពប្រតិបត្តិតាមផ្លូវព្រះពុទ្ធសាសនាមកដល់បច្ចុប្បន្ននេះមានជំនឿខ្លាំងណាស់ពិសេសអ្នកខេត្តស្ទឹងត្រែង។

 ជាមួយនឹងការជំនឿនេះ មានមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ពុទ្ធបរិស័ទជិតឆ្ងាយតែងតែទៅធ្វើបុណ្យដាក់ទានគោរពបូជានៅមុខព្រះ ព្រោះតែមានជំនឿតៗគ្នាថាមានបារមីដ៏ខ្លាំងពូកែសាកសិទ្ធបែបន់បានសម្រេចដូចបំណង អ្នក ខ្លះនិយាយមិនទៀងត្រង់ខុសនឹងពាក្យស្បថស្បែរចំពោះព្រះអាចនឹងមានគ្រោះកើតឡើងមកលើខ្លួនឯងឬក្រុមគ្រួសារ។

 ពលរដ្ឋខ្មែរដែលសំដៅទៅលើអ្នករស់នៅខេត្តស្ទឹងត្រែងខ្លះនិយាយប្រកែកគ្នាបើនិយាយមិនត្រង់មិនថាប្រជាជនឬមន្ត្រីរាជការទេនិយាយស្បថស្បែរឬភាពទាល់ច្រកនោះគេតែងនិយាយថាបើមិនជឿសុំទៅស្បថនៅវត្តព្រះអង្គធំ ប្រយ័ត្នព្រះអង្គធំកាច់បំបាក់កដល់អ្នកដែលនិយាយមិនត្រង់ជាដើម។

 បើនិយាយពីជំនឿមិនថា តែវត្តព្រះអង្គធំនៅខេត្តស្ទឹងត្រែងនោះទេ តាំងពីបុរាណកាលមកតាមជំនឿខ្មែរសូម្បីតែស្ដេចនាម៉ឺនមន្ត្រីរាជការប្រជារាស្រ្តគ្រប់ជាន់ថ្នាក់តែងតែបន់ស្រន់គ្រប់ទីកន្លែងសុំក្តីសុខសន្តិភាពដល់ប្រទេសនិងប្រាថ្នាលើមុខជំនួញរកស៊ីរៀងៗខ្លួន បែបន់សុំសុខសប្បាយដល់ក្រុមគ្រួសារនិងមានជំនឿគ្រប់ទីកន្លែងក្នុងសង្គមខ្មែរ។

 ពេលយើងទៅដល់វត្តនោះនឹងឃើញរូបសំណាកព្រះមួយអង្គដ៏ធំបែរព្រះភ័ក្រ្តទៅមាត់ទន្លេទិសខាងជើងនិងមានកំណត់ត្រាក្នុងឯកសារខ្លះបញ្ជាក់ថាព្រះអង្គធំមានកម្ពស់ ៦ម៉ែត្រទទឹង ៤ ម៉ែត្រសង់អំពីឥតបុរាណមានពណ៌មាសស្រស់ឆើតឆាយចាត់ទុកថាគឺជាព្រះធំជាងគេលើទឹកដីខេត្តស្ទឹងត្រែង មនុស្សជាច្រើនតែងទៅគោរពបូជានៅមុខរូបសំណាកព្រះអង្គធំនេះដែលបានបន្សល់ ទុកឆ្លងកាត់សម័យសង្គ្រាមជាច្រើនទសវត្សរ៍រហូត មកដល់សព្វថ្ងៃ។

 អារាមខាងលើនេះជារៀងរាល់ថ្ងៃឬថ្ងៃឧបោសថសីលថ្ងៃបុណ្យទានធំៗមន្ត្រីអ្នកមុខអ្នកការតូចធំមានក្រពុទ្ធបរិស័ទជួបជុំគ្នាធ្វើបុណ្យតាមជំនឿព្រះពុទ្ធសាសនា អ្នកខេត្តស្ទឹងត្រែងមានជំនឿលើអារាមមួយនេះសំដៅទៅលើព្រះមួយអង្គធំនិងបានហៅថាជាវត្តព្រះអង្គធំតរហូតមក។ ដោយសារតែមានជំនឿលើបារមីដូច្នេះហើយបានជាបច្ចុប្បន្នសិស្សសាលាខ្លះមុនពេលប្រឡងបានទៅអុជធូបបន់ស្រន់សុំឱ្យប្រលងជាប់ លុះពេលចេញលទ្ធផលក៏បានប្រឡងជាប់សញ្ញាបត្រមែន អ្នកខ្លះទៀតអុជធូបដាក់ផ្កាឈូកបន់សុំក្តីសុខសប្បាយផ្សងសំណាងក្នុងការរកស៊ីជួញដូរឬបែបន់ផ្សេងៗពិតជាបានដូចបំណងមែន។

នៅថ្ងៃសិលខ្លះមានការប្រគំបទភ្លេងពិណពាទ្យលាយឡំសំឡេងព្រះសង្ឃឱ្យពរដល់ពុទ្ធបរិស័ទដែលបានប្រគេនថវិកាជូនព្រះសង្ឃ អ្នកទៅបន់ភាគច្រើនអុជធូបផ្កាឈូកផ្សងនៅជំពោះមុខព្រះ ក្រោយមកអ្នកទៅបន់នោះក៏បានទៅជាវជាទានធូបស្លាម្លូសុធម៌ដូងចេកជាដើមដើម្បីថ្វាយលាបំណន់ក្នុងរោងតូចមួយ។

 លោកស្រី រឿង សារុំ អាយុ៤៣ឆ្នាំ អ្នកអង្គុយរងចាំទទួលអ្នកចូលទៅជាវស្លាម្លូសុធម៌ដូងជូនអ្នកទៅបន់ស្រន់ក្នុងរោងតូចនោះបាននិយាយរៀបរាប់ថាពាក់ព័ន្ធនិងរឿងជំនឿលើបារមីក្នុងវត្តព្រះអង្គធំនេះលោក មូ សាមឿន ប្រធានភូមិព្រែកនិងជាអាចារ្យវត្តផងនោះបានដឹងពីប្រវត្តិនិយាយរៀបរាប់ប្រាប់ឲ្យដឹងថា យោងតាមឯកសារចង ក្រងដោយមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែងបានរៀបរាប់ឲ្យដឹងថាសព្វថ្ងៃវត្តខាងលើនេះមានឈ្មោះថាវត្តពោធិ៍ញ្ញាណដែលមានដើមពោធិ៍ដ៏ធំមួយប៉ិនរង្វង់កង់រទេះផ្ដល់ម្លប់ដ៏ត្រជាក់ត្រឈឹងត្រឈៃនៅជាប់របងបន្ទាយកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។

 វត្តពោធិញ្ញាណស្ថិតក្នុងភូមិព្រែកសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខាងកើតជាប់ផ្លូវថ្នល់ខាងលិចជាប់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តខាងជើងជាប់ទន្លេមេគង្គខាងត្បូងជាប់ផ្លូវថ្នល់។

 ពីដើមឡើយមិនមានជាកន្លែងវត្តអីទេគឺគ្រាន់តែជារោងសម្រាប់តម្កល់ទីសក្ការៈគោរពបូជាតែប៉ុណ្ណោះរៀបចំដោយប្ដីប្រពន្ធពីរនាក់ជាជនជាតិចិនចេះនិយាយខ្មែររស់ នៅលើទឹកដីខេត្តស្ទឹងត្រែងតាំងពីយូរមកហើយគឺជាអ្នក ចាំថែរក្សា។ ក្រោយមកគេហៅថាវត្តលីងសឺនចាប់ ផ្ដើម កសាងនៅឆ្នាំ១៩៤៥ដោយលោកអុងប៉ាងសួយដើម្បីឧទ្ទិសកុសលឲ្យកម្ពុជារំដោះផុតចេញពីអាណានិគមបារាំង។

 លុះមកដល់ឆ្នាំ១៩៧៥វត្តនេះពុំទាន់បានសាងសង់នៅ ឡើយទេគឺនៅរក្សាទំហំខឿនទំហំព្រះអង្គដដែល ខឿនដែលមានកម្ពស់១ម៉ែត្របណ្ដោយ៣០ម៉ែត្រទទឹង ២២ម៉ែត្រ។ ចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ទីអាសនៈផ្សេងៗនៅក្នុងវត្តនេះទាំងអស់ត្រូវបានពួកប្រល័យពូជសាសន៍ប៉ុលពតវាយកំទេចព្រះពុទ្ធរូបចោលហើយយកព្រះកែសទៅទម្លាក់ក្នុងទឹកទន្លេសេកុងក្បែរកំពង់សាឡាងសព្វថ្ងៃនេះ។

 លុះក្រោយរំដោះ៧មករាឆ្នាំ១៩៧៩មកក៏ចាប់ផ្ដើមបង្កើតវត្តឡើងវិញ កាលនោះមានធ្វើពិធីស្រង់ដង្ហែរព្រះកែសដែលនៅសេសសល់បាក់បែកយកចេញពីទឹកមកទុកនៅរោងអ្នកតាចិន បន្ទាប់មកយកទៅភ្ជាប់ព្រះកាយនៅវត្តពោធិ៍ញ្ញាណគោរពប្រតិបត្រតាមព្រះពុទ្ធសាសនារហូតមកដល់សព្វថ្ងៃនេះ។

 សូមបញ្ជាក់ថារូបព្រះដែលមើលឃើញសព្វថ្ងៃនេះក្នុងវត្តពោធិញ្ញាណហៅវត្តព្រះអង្គធំគឺមិនមានទ្រង់ទ្រាយដូចពីដើមនោះទេប៉ុន្តែការជឿជាក់លើបារមីវត្តព្រះអង្គធំនៅតែមានជំនឿរហូតមកដល់បច្ចុប្បន្ននេះ៕

ដោយ៖ សូរិយា


ចែករំលែក៖