ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី ៖ ក្រសួងការ បរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ; តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ ម៉ារស៊ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោកឧបនាយករដ្ឋមន្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចូលរួមសម័យពេញអង្គនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៦ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយ តំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស នៅទីក្រុងហ្សាការតា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ)

រដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ អាស៊ាន នៅក្នុងបរិបទវិវឌ្ឍន៍នៃនិម្មាបនកម្មតំបន់ ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃ កំណើន” និង អាទិភាពរបស់ឥណ្ឌូនេស៊ី ដែលផ្តោតលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-បាស៊ីហ្វិក (AOIP)1

កិច្ចប្រជុំបានស្វាគមន៍នូវវឌ្ឍនភាពនៃការសម្រេចបានសមិទ្ធផលរបស់អាស៊ានសម្រាប់ឆ្នាំ ២០២៣ ដែល រួមមាន វឌ្ឍនភាពក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ការពង្រឹង សមត្ថភាពនិងប្រសិទ្ធភាពស្ថាប័នអាស៊ាន និងការគាំទ្រទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិ របស់អាស៊ាន។

កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងសាមគ្គី អាស៊ាន នៅ ក្នុងកិច្ចសហការជាមួយនឹងដៃគូខាងក្រៅរបស់អាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ាន រំពឹងទុកនូវការចុះហត្ថលេខារបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លើលិខិតូបករណ៍ចូលជាភាគី នៃសន្ធិសញ្ញាស្ដីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងបានស្វាគមន៍ការខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ានចំពោះការបញ្ចូលប្រទេសម៉ិកស៊ិក ប៉ាណាម៉ា ស៊ែប៊ី និងអេស្ប៉ាញ ចូលជាភាគីនៃ TAC នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបាន សម្រេចផ្ដល់ឋានៈជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានជូនទៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។

កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍ រួម ក៏ដូចជា : បញ្ហាផ្សេងៗ ដែលតម្រូវនូវការយកចិត្តទុកដាក់ និងការឆ្លើយតបរួមគ្នា។ កិច្ចប្រជុំបាន សង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅ ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅទាំងអស់។ យន្តការដែលដឹកនាំដោយអាស៊ាននៅតែ ជាយន្តការដែលមានសារៈសំខាន់ខ្ពស់ចំពោះការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដែល ប្រកបដោយស្ថាបនា នឹងរួមចំណែកដល់ការអភិវឌ្ឍនិម្មាបនកម្មតំបន់ ដែលកំពុងតែវិវឌ្ឍស្របតាម ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ដើម្បីភ្ជាប់ ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និង សកម្មភាពជាក់ស្ដែង អំឡុងពេលដែលមានការកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាចនានា ក្នុងភូមិសាស្ត្រនយោបាយ ព្រមទាំងត្រូវផ្តោតសារៈសំខាន់ទៅលើគោលការណ៍បើកចំហ តម្លាភាព និងបរិយាបន្ន។ លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមអំពីភាពចាំបាច់ ក្នុងសមាហរណ កម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មសេរី ប្រកបដោយយុត្តិធម៌ បើកចំហ និង បរិយាបន្ន ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជាជាមួយដៃគូខាងក្រៅនានា។ លើសពីនេះ ទៀត លោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមថា អាស៊ានត្រូវតែស្វែងរកប្រភពកំណើនថ្មីៗ ដូចជា តាមរយៈឌីជីថលភាវូបនីយកម្ម ការប្រែក្លាយបៃតង បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីត្រៀម ខ្លួនជាស្រេចសម្រាប់ពេលអនាគត។

កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)

កិច្ចប្រជុំបានប្ដេជ្ញាចិត្តសារជាថ្មីចំពោះការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធមហាប្រល័យផ្សេងទៀត ដូចបានកំណត់នៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញ SEANWFZ ហើយ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តសន្ធិសញ្ញានេះ រួមទាំងការអនុវត្ត ផែនការសកម្មភាព (២០២៣-២០២៧) ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំបានអនុម័តឯកសារទស្សនទាន ស្ដីពីលទ្ធភាពនៃគំនិតផ្តួចផ្ដើមរួមគ្នារវាងទីភ្នាក់ងារ សម្រាប់ការហាមឃាត់អាវុធនុយក្លេអ៊ែរ នៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន (OPANAL) និង អាស៊ាន នៅក្នុងឆ្នាំ២០២៣ នេះ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ តាមរយៈការចែក រំលែកបទពិសោធន៍ និងឧត្តម្មានុវត្ត រវាងតំបន់គ្មានអាវុធនុយក្លេអ៊ែរទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគុណសម្បត្តិនៃវិធីសាស្ត្រ “មកមុនទទួលមុន” សម្រាប់ការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា SEANWFZ ដោយគ្មាន “ខបម្រុង” ដើម្បីជំរុញ ដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចុះហត្ថលេខាជាបន្តបន្ទាប់។ លោកឧបនាយករដ្ឋមន្ត្រីក៏ បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជា ចំពោះការស្ម័គ្រចិត្តរបស់ចិន ក្នុងការចុះហត្ថលេខាលើ ពិធីសារនេះមុនគេ ដោយគ្មាន “ខបម្រុង” ហើយដូចបានស្នើដោយប្រធានអាស៊ាន ការចុះហត្ថលេខាលើ ពិធីសារខាងលើអាចនឹងធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅខែកញ្ញា ឆ្នាំនេះ។

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពី សិទ្ធិមនុស្ស (AICHR)

រដ្ឋមន្ត្រីការបរទេសអាស៊ានបានកត់សម្គាល់លើរបាយការណ៍ប្រចាំឆ្នាំ២០២៣ – (ពីខែកក្កដា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣) របស់ AICHR និងបានអនុម័តកម្មវិធីឬសកម្មភាពអាទិភាព

៊៊របស់ AICHR ក្នុងឆ្នាំ២០២៤ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន ក្នុងការពង្រឹងដល់ការលើកកម្ពស់ និងកិច្ចការពារសិទ្ធិមនុស្ស នៅក្នុងតំបន់។

លោកឧបនាយករដ្ឋមន្ត្រីបានចែករំលែកនូវទស្សនថា ដោយហេតុអាស៊ានមានវប្បធម៌ សម្បូរបែប និងផ្នែកនយោបាយចម្រុះ ប្រទេសសមាជិកអាស៊ាននីមួយៗមានយុទ្ធសាស្ត្រពាក់ព័ន្ធទៅ នឹងកិច្ចការសិទ្ធិមនុស្សផ្សេងៗគ្នា ក្នុងការជំរុញរបៀបវារៈសង្គម និងបរិបទរៀងៗខ្លួន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក៏បាន ស្នើឱ្យ AICHR ពិចារណាអំពីការរៀបចំនិងបោះពុម្ពរបាយការណ៍ប្រចាំឆ្នាំ ដែលចងក្រងសកម្មភាព និងកម្មវិធីនានាដែលអាស៊ាននិងប្រទេសសមាជិកអាស៊ាននីមួយៗសម្រេច បាន ក្នុងកិច្ចការពារនិងការលើកកម្ពស់សិទ្ធិមនុស្ស នៅក្នុងប្រទេសរៀងៗខ្លួន។

ជំនួបទ្វេភាគី

លោកឧបនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសទទួលជួបទ្វេភាគីជាមួយលោក Bendito dos Santos_Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការទីម័រឡេស្តេ និងលោក Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មព្រុយណេទី២ ដើម្បីពង្រឹងទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត ព្រមទាំងបានផ្លាស់ប្ដូរទស្សនអំពីបញ្ហានានា ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖