ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្រ្តរបស់ សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ដោយសម្រេចបានសមិទ្ធផលជាក់ស្តែងថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញហើយ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្ដម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ ទស្សនកិច្ចផ្លូវការ រយៈពេល៤ថ្ងៃនេះ សម្រេចបានលទ្ធផលយ៉ាងធំធេងទាំងផ្នែកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងផលប្រយោជន៍សេដ្ឋកិច្ច និងការវិនិយោគ ក៏ដូចជាការជំរុញវិស័យទេសចរណ៍។
ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការ សម្ដេចធិបតី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតី និង ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបដាច់ដោយឡែក ប្រកបដោយ មនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅនោះ ថ្នាក់ដឹកនាំកំពូលៗចិន បានបង្ហាញការគាំទ្រ និងអបអរសាទរជាថ្មីទៀត ជាមួយប្រជាជនកម្ពុជា ក្នុងឱកាសដែល សម្ដេចធិបតី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានផ្ដាំផ្ញើការសួរសុខទុក្ខដោយក្ដីនឹករលឹកដ៏ស្មោះ ជូន សម្តេចតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមគ្គុទ្ទេសក៍ឆ្នើមក្នុងប្រវត្តិសាស្ត្រ និងដែលបានពូន ជ្រុំទំនាក់ទំនងការទូតកម្ពុជា-ចិន បន្តពីស្នាព្រះហស្ថ និងស្នាដៃដ៏ឧត្ដុង្គឧត្តមខ្ពង់ខ្ពស់របស់ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់។ ឯកឧត្តម ប្រធានាធិបតីចិន មានប្រសាសន៍ថា សម្តេចតេជោ បានរួមចំណែកជាប្រវត្តិសាស្ត្រ ក្នុងបុព្វហេតុមិត្តភាពចិន-កម្ពុជា ជាពិសេសបានបើកសករាជថ្មី នៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងគូសបញ្ជាក់ទៀតថា ចំណង មិត្តភាពប្រទេសទាំងពីរ ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំដែលបានចាក់ឬសយ៉ាងជ្រៅ និងយ៉ាងរឹងមាំ ហើយ ប្រជាជាតិទាំងពីរបានទទួលផ្លែផ្កានិងផលប្រយោជន៍ជារៀងរហូតមិនអាចកាត់ថ្លៃបាន។
ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានពិនិត្យ និងព្យាបាល ព្រះរាជសុខភាពជាទៀងទាត់ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សម្ដេចធិបតី បានជម្រាបថ្នាក់ដឹកនាំកំពូលៗចិនអំពីការផ្តាំផ្ញើនូវ ក្ដីនឹករលឹកពី សម្ដេចតេជោ ជូន ឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលៗចិនផងដែរ។ ក្នុងនាម រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចធិបតី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន សម្រាប់ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយមិត្តភាព ជាពិសេសការជំរុញ និងអនុវត្តនូវកិច្ចព្រមព្រៀងទាំង ឡាយដែលរួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
សម្រាប់ក្របខ័ណ្ឌទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន សម្ដេចធិបតី បានគូសបញ្ជាក់អំពីជំហរនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ក្នុងការបន្តអនុវត្តនយោបាយចិនមួយ យ៉ាងខ្ជាប់ខ្ជួន និងគាំទ្រការ រៀបចំគំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣។ សម្ដេចធិបតី ក៏បានស្នើសមភាគីចិនពិនិត្យពិចារណាគម្រោង ពាក់ព័ន្ធនឹងសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការជំរុញ និងលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោង កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក៏ដូចជាការស្តារ និងជំរុញវិស័យទេសចរណ៍។ ឯកឧត្ដម នាយករដ្ឋមន្ត្រីចិន បានថ្លែងអំណរគុណចំពោះសំណើនេះ ហើយបញ្ជាក់ពីភាពរីករាយក្នុងការបន្តសហការ និងជំរុញអនុវត្តឱ្យចេញ ជាលទ្ធផល។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាបន្តគាំទ្រ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងសាកល។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានបន្តអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១៥ ក្នុងនោះក៏មានឯកសារស្តីពីផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ និងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពាន ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ជាដើម។
ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចពហុភាគី និងវិស័យឯកជន សម្ដេចធិបតី បានទទួលជួបប្រធានក្រុមហ៊ុនចិន ធំៗកម្រិតអន្តរជាតិ រួមមានក្រុមហ៊ុន SINOMACH Heavy Equipment Group ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្រុមហ៊ុន China Huaneng Group និងក្រុមហ៊ុន Huawei Technology Co.Ltd។ ក្រៅពីនេះ សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា-ចិន។ ក្នុងកិច្ចពិភាក្សា និងជំនួបសំណេះសំណាលនោះ សម្ដេចធិបតី បានគូសបញ្ជក់ អំពីទិន្នផលគ្រប់រដូវកាលដែលកើតចេញពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងប្រកបដោយទំនុកចិត្តខ្ពស់បំផុត រវាងកម្ពុជា និងចិន ព្រមទាំងសារៈសំខាន់ និងភាពអំណោយផលនៃច្បាប់ស្តីពីវិនិយោគដែលមានយន្តការលើកទឹក ចិត្តដ៏ទាក់ទាញ និងជាក់លាក់ ក៏ដូចជាអំណោយផល នៃច្បាប់ស្តីពីភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន។ ប្រធានក្រុមហ៊ុនចិនកម្រិតអន្តរជាតិ បានបង្ហាញការគាំទ្រចំពោះការដឹកនាំរបស់ សម្ដេចធិបតី និងបានបញ្ជាក់អំពី ការត្រៀមខ្លួនពង្រីកនូវគម្រោងវិនិយោគថ្មីៗបន្ថែមទៀត នៅកម្ពុជា។ សម្តេចធិបតី បានស្វាគមន៍ និងបញ្ជាក់ពីការ ត្រៀមគាំទ្រ និងសម្របសម្រួលជូនវិនិយោគិនចិន មកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ នៅកម្ពុជា។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ក៏បានបន្តដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងពិធីបើក ពិព័រណ៍អាស៊ាន-ចិន និងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ នាឱកាសនោះ សម្តេចធិបតី បានអនុញ្ញាតឱ្យ ឯកឧត្តម លាវ និង លេខាបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចូលជួប សម្តែងការគួរសម ដោយក្នុងជំនួបនោះ ឯកឧត្តម លាវ នឹង បានអបអរសាទរជូន សម្តេចធិបតី ដែលត្រូវបាន រដ្ឋសភាជ្រើសតាំងជានាយករដ្ឋមន្ត្រី និងបានគោរពរាយការណ៍ជូនអំពីសក្តានុពល ឧត្តមភាព និងភាពខ្លាំង នៃតំបន់ ស្វយ័តជនជាតិជាំងក្វាងស៊ី ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្ដុះបណ្តាល ធនធានមនុស្ស។ ភាគីចិន និងកម្ពុជា ក៏បានឯកភាព គ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ខិតខំបន្ថែមទៀតក្នុងការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការបង្កើនជើងហោះហើរត្រង់ ព្រមទាំងពិនិត្យលទ្ធភាពពន្លឿនដំណើរការរៀបចំនីតិវិធីចុះអនុស្សរណៈ នៃកិច្ចសហ ប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ដែលផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល និងកសិកម្មវៃឆ្លាត។ នៅទីក្រុងណានឹងនោះដែរ សម្ដេចធិបតី និង លោកជំទាវ បានអញ្ជើញចូលរួមពិធី ជប់លៀងផ្លូវការ រៀបចំដោយ ឯកឧត្ដម នាយករដ្ឋមន្ត្រីចិន និងបានឆ្លៀតសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រទេសសមាជិកអាស៊ានផ្សេងទៀតផងដែរ។
នាពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី២០ ក្រោមមូលបទ “រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ» សម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាដោយគូសបញ្ជាក់ថា កិច្ចសហ ប្រតិបត្តិការអាស៊ាន-ចិន គឺជាតួអង្គដ៏សំខាន់ក្នុងការបង្ហាញឧទាហរណ៍ដល់ពិភពលោកអំពីផលប្រយោជន៍កើតចេញពី ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម ឯកតោភាគីនិយម ឬគំនិតជាតិ និយមសេដ្ឋកិច្ច។ សម្ដេចធិបតី ក៏បង្ហាញការប្ដេជ្ញាបន្តប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ តាម រយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្នុងគោលបំណងដើម្បី លើកកម្ពស់ផលិតភាព ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។ ក្នុងឱកាសនោះ សម្ដេចធិបតី ក៏ បានអញ្ជើញកាត់ខ្សែបូសម្ពោធពន្លាជាតិ និងស្តង់ពិព័រណ៍កម្ពុជា រៀបចំដោយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល កម្ពុជា ព្រមទាំងសហគ្រាសធុនតូច និងមធ្យម ពីប្រទេសកម្ពុជា ជាច្រើនទៀត។
បន្ទាប់មក សម្ដេចធិបតី បានអនុញ្ញាតឱ្យ ឯកឧត្តម ឡាន ធានលី អភិបាល នៃតំបន់ស្វយ័តជនជាតិ ជាំងក្វាងស៊ី ចូលជួបសម្តែងការគួរសម ដោយនៅក្នុងជំនួបនោះ សម្តេចធិបតី បានស្នើ ឯកឧត្តមអភិបាល ជួយគាំទ្រ និងជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការដែល សម្ដេចធិបតី បានឯកភាពជាមួយ ឯកឧត្តម លេខាបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ជាការឆ្លើយតប ឯកឧត្ដម ឡាន ធានលី បានសន្យាជំរុញ និងគាំទ្រឱ្យ កិច្ចសហប្រតិបត្តិការទាំងនោះចេញជាផ្លែផ្កា ជាពិសេសការបង្កើនជើងហោះហើរត្រង់រវាងកម្ពុជា និងក្វាងស៊ី។
សម្រាប់កិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) សម្តេចធិបតី បានអញ្ជើញថ្លែងសុន្ទរកថាដោយចាត់ទុក ក្របខ័ណ្ឌតំបន់ RCEP ថានៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក ដែលមានលក្ខណៈ ទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។ ភ្ជាប់នឹងទស្សនាទានគន្លឹះ៥ចំណុច សំខាន់ៗ សម្ដេច ធិបតី បានសង្កត់ធ្ងន់ពីសារៈសំខាន់របស់ RCEP ក្នុងការពង្រឹងទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារ សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក ដោយឈរលើគោល ការណ៍ឈ្នះ-ឈ្នះ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លទ្ធផលជាក់ស្ដែងដូចបានសង្ខេបជូនខាងលើនេះ គឺជាសមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ក្នុង ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីជោគជ័យដ៏ធំធេងដែលកម្ពុជាទើបទទួល បាននៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា កាលពីពេលថ្មីៗនេះ។
ដោយឡែក ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិននោះដែរ សម្តេច មហាបវរធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទទួលព្រះបរមរាជានុញ្ញាត ចូលបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់ក្រុងប៉េកាំង ក្នុងឱកាសព្រះអង្គទាំងទ្វេយាងទទួលការថ្វាយនូវការពិនិត្យព្រះរាជសុខភាព ដោយ ក្រុមវេជ្ជបណ្ឌិតចំណានៗ នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសរួមដំណើរជាមួយ សម្តេចធិបតី បំពេញ ទស្សនិច្ចផ្លូវការនោះដែរ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញទស្សនាមហាកំផែង និងធ្វើទស្សនកិច្ចនៅមហាវិមានប្រជាជនផងដែរ៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មាន៖
ដោយ៖ស តារា