ខេត្តបាត់ដំបង៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការឆ្លុះបញ្ចាំងការអនុវត្តគម្រោងអប់រំ និងការបញ្ចប់បេសកកម្មរបស់អង្គការជំនួយព្រះវិហារហ្វាំងឡង់ (FCA) នៅប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។
ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នាអាណត្តិថ្មីនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគន្លឹះអាទិភាពចំនួន៤ ដើម្បីលើកកម្ពស់គុណភាពអប់រំ ដោយផ្ដោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ជាអាទិ៍រួមមាន៖
(១). អភិបាលកិច្ចសាលារៀន។
(២). សកម្មភាពក្រៅម៉ោងសិក្សា សម្រាប់អប់រំសីលធម៌ និងចរិយាធម៌។
(៣). សុខភាពសិក្សា ។
និង(៤). ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។
បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ផ្ដើមចេញពីការដាក់ឱ្យអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា ដែលគាំទ្រដោយ អង្គការ FCA, បច្ចុប្បន្ននេះ ក្រសួងបានពង្រីកគោលដៅអនុវត្តកម្មវិធីនេះទៅដល់គ្រឹះស្ថានមធ្យមសិក្សាទូទាំងប្រទេសសរុបចំនួន ១១៥សាលារៀន។ ក្រសួងនឹងរៀបចំគណៈគ្រប់គ្រងទទួលខុសត្រូវលើប្រឹក្សាអាជីព និងសកម្មភាពក្រៅកម្មវិធីសិក្សា (ក្លឹប គម្រោង អំណានដំបូង (ថ្នាក់បឋម-រៀនភាសាខ្មែរឱ្យច្បាស់មុនចាប់ផ្ដើមរៀនភាសាអង់គ្លេស)។ បន្ថែមពីនេះ ក្រសួងបានសម្រេចថានឹងដាក់បញ្ចូលមុខវិជ្ជាប្រឹក្សាអាជីពក្នុងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ព្រោះយន្តការនេះអាចជួយដោះស្រាយដល់ការអនុវត្តសកម្មភាពសាលារៀនគំរូ។
លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ទោះបីជំនួយរបស់ FCAត្រូវបានបញ្ចប់ តែសាលាត្រូវតែយកចិត្តទុកដាក់ និងត្រូវរក្សាបន្ត ដោយមានការបង្កើតជារចនាសម្ព័ន្ធដែលមានការចូលរួមពីនាយកសាលា លោកគ្រូ អ្នកគ្រូ នៅក្នុងសាលាផងដែរ។ មុននឹងបញ្ចប់ពិធីបិទសិក្ខាសាលានេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការកោតសរសើរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះវត្តមាន អង្គការ FCA ដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងបេសកកម្មការងាររបស់ខ្លួនរយៈពេល ៩ឆ្នាំ កន្លងមកនេះ ក្នុងការរួមចំណែកជួយដល់ការធ្វើកំណែទម្រង់វិស័យអប់រំកម្ពុជា ទទួលបាននូវលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរជាទីមោទនៈ៕
ដោយ ៖ សហការី