ភ្នំពេញ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងស្នើដល់សាកលវិទ្យាល័យទាំងផ្នែកសាធារណៈ និងឯកជន រួមទាំងគ្រឹះស្ថានសិក្សាវិស័យសុខាភិបាល ត្រូវអភិវឌ្ឍខ្លួន ទៅតាមអ្វីដែលជាភាពជឿលឿននៅលើសកលលោក និងពិភពលោកកំពុងជំរុញ ដើម្បីបម្រើសេវាសុខភាព ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋកម្ពុជា។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នាឱកាសសន្និសីទថ្នាក់ជាតិ ស្ដីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៣។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងបន្ដថា ជាក់ស្ដែងសន្និសីទថ្នាក់ជាតិនេះ គឺជាឱកាសដ៏សំខាន់ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ ពីការមើលឃើញជាក់ស្ដែង រួមទាំងការពិភាក្សាលើទ្រឹស្ដី និងវិធីសាស្ដ្រនៃការវិភាគតាមបែបការអប់រំ ផ្ដោតលើសមត្ថភាព ជាបច្ចេកទេស ជាមួយវាគ្មិនបរទេសចំនួន ៩រូប ដែលនឹងធ្វើបទបង្ហាញចែករំលែកនូវគន្លឹះសំខាន់ៗក្នុងវិស័យសុខាភិបាល។
លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានបន្ថែមថា «ដូច្នេះដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់នោះ គឺផ្ដើមចេញពីការបណ្ដុះបណ្ដាលទាំងនេះផងដែរ។ ក្នុងឱកាសនេះ សូមស្នើដល់សាកលវិទ្យាល័យ ទាំងផ្នែកសាធារណៈ និងឯកជន និងគ្រប់គ្រឹះស្ថាន សូមឱ្យយកចិត្ដទុកដាក់ក្នុងការបណ្ដុះបណ្ដាលឱ្យអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ដ្រ ឱ្យចេះធ្វើកិច្ចការដោយសហការគ្នាឱ្យបានល្អ និងគុណភាពខ្ពស់»។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រីបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ដ្រីក្រសួងសុខាភិបាល ដែលបានរៀបចំសន្និសីទជាតិ ដ៏មានសារៈសំខាន់នេះ។ ជាពិសេសថ្លែងអំណរគុណដល់អង្គការដៃគូទាំងអស់ ជាពិសេសធនាគារពិភពលោក (World Bank) និង kfw ដែលបានជួយឧបត្ថម្ភសហការបានយ៉ាងល្អដល់ក្រសួងសុខាភិបាល និងការគាំទ្រលើគម្រោងនៃការអប់រំសុខាភិបាល មុនពេលបម្រើការងារសម្រាប់មន្ដ្រីសុខាភិបាលនាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ន និងនាពេលអនាគត។
ការពង្រឹងនូវក្រមសីលធម៌និងវិជ្ជាជីវៈក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល នវានុវត្ដន៍ និងការវិនិយោគនៃការអប់រំវិស័យសុខាភិបាល ព្រមទាំងស្វែងយល់ពីនិន្នាការនៃការរីកចម្រើន លើការអភិវឌ្ឍល្អបំផុត ដែលលើកកម្ពស់នូវគុណភាពនៃការអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរនាពេលខាងមុខ ដើម្បីបង្កើនធនធានមនុស្សក្នុងវិស័យសុខាភិបាល ប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ ព្រមទាំងអាចធ្វើការជាក្រុម និងការបំពេញតាមស្ដង់ដារជាតិ និងតំបន់ ក្នុងការបម្រើសេវាសុខភាព ប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់នូវអនុសាសន៍គន្លឹះ ចំនួន ៤ចំណុច ដែលជាគ្រឹះសម្រាប់អនុវត្ដពេលទៅបំពេញការងារក្នុងវិស័យសុខាភិបាល ជូនសិក្ខាកាមចូលរួម។ លោករដ្ឋមន្ដ្រី បានសង្ឃឹមយ៉ាងមុតមាំថា វាគ្មិនបរទេសចំនួន ៩រូប ដែលបានចូលរួមក្នុងការនៅថ្ងៃនេះ និងបានដកពិសោធន៍រវាងអ្នកវិទ្យាសាស្ដ្រ សំដៅធ្វើយ៉ាងណាកែលម្អនូវការបណ្ដុះបណ្ដាលរបស់កម្ពុជា ឱ្យបានកាន់តែប្រសើរឡើងរៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ លោករដ្ឋមន្ដ្រីក៏បានសំណូមពរ ចូលរួមបង្កើតថ្មីទាំងរបៀបបង្រៀន ការប្រឡង ដែលមានសំណួរថ្មីៗ ដើម្បីឱ្យចំណេះដឹងកាន់តែទូលំទូលាយ។
សូមជម្រាបថា ក្រសួងសុខាភិបាល បានបង្កើតឱ្យមាននូវគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់វិជ្ជាជីវៈសុខាភិបាល ដោយប្រើប្រាស់ថវិការរបស់ធនាគារពិភពលោក (World Bank)និង kfw ក្នុងគោលបំណងពង្រឹងការងារ ការបណ្ដុះបណ្ដាលមុនពេលចេញបម្រើការងាររបស់អ្នកវិជ្ជាជីវៈសុខាភិបាល ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាព និងសុវត្ថិភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងសុខាភិបាល។
គម្រោងនេះនឹងវិនិយោគលើការកសាងសមត្ថភាពធនធានមនុស្សតាមរយៈការអភិវឌ្ឍន៍ និងកែលម្អគុណភាពនៃការបណ្តុះបណ្តាល នៅតាមគ្រឹះស្ថាន បណ្តុះបណ្តាលវិស័យសុខាភិបាល ដោយរួមបញ្ចូលទាំងការពិនិត្យកែសម្រួលលើក្របខណ្ឌសមត្ថភាពស្នូល និងកែសម្រួលកម្មវិធីសិក្សាដោយផ្ដោតលើសមត្ថភាពជំនាញ។
សម្រាប់សន្និសីទនេះ មានអ្នកចូលរួមសរុបចំនួន ៣៦៥នាក់ រួមមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធ, វាគ្មិនជាតិ-អន្តរជាតិ, គណៈវិជ្ជាជីវៈសុខាភិបាល, សមាគមវិជ្ជាជីវៈសុខាភិបាល, មន្ទីរពេទ្យថ្នាក់ជាតិ, មជ្ឈមណ្ឌលជាតិ, មន្ទីរសុខាភិបាល២៥ រាជធានី-ខេត្ត, មន្ទីរពេទ្យបង្អែក២៥ រាជធានី-ខេត្ត, គ្រឹះស្ថានបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាលសាធារណៈ និងឯកជននិងនិស្សិតស្ម័គ្រចិត្ត។
វាគ្មិនដែលនឹងបង្ហាញនូវប្រធានបទនានា សរុបចំនួន ១៨នាក់ ក្នុងនោះវាគ្មិនអន្តរជាតិចំនួន ៩នាក់ មកពីប្រទេសអាមេរិក សឹង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម។ សន្និសីទបានផ្ដោតលើប្រធានបទសំខាន់ ដែលទាក់ទងនឹងការអប់រំ សម្រាប់វិជ្ជាជីវៈសុខាភិបាល ក្នុងនោះក្រៅពីការអប់រំផ្ដោតលើសមត្ថភាព សម្រាប់ការអប់រំវិជ្ជាជីវៈសុខាភិបាល ក៏មានក្រមសីលធម៌ និងវិជ្ជាជីវៈនៅក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាលផងដែរ៕
ដោយ៖ សហការី