ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យឆាប់សិក្សា និងរៀបចំប្រព័ន្ធតភ្ជាប់រវាងតំបន់ទឹកសាបនិងទឹកប្រៃ ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ច

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្ដេចបានប្រគល់ភារកិច្ចទៅឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្សាលើយុទ្ធសាស្រ្តមួយចំនួនបន្ថែមទៀត ដោយវាយតម្លៃឡើងវិញលើ់ប្រព័ន្ធជញ្ជូនតាមផ្លូវទឹកសាប ហើយផ្តុំឡើងវិញរវាងការតភ្ជាប់តំបន់ទឹកសាប ព្រែកជីក និងតំបន់ទឹកប្រៃ ឱ្យមានភាពប្រទាក់ក្រឡាគ្នារវាងផ្លូវគោក និងផ្លូវទឹក ដែលទាំងតំបន់ទឹកសាប និងទឹកប្រៃត្រូវយកចិត្តទុកដាក់ដូចគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិធានការនេះ គឺដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ច នៅតាមខេត្ត ជាប់បណ្តោយទន្លេមេគង្គ និងទន្លេសាប ភ្ជាប់ជាមួយខេត្តតាមបណ្តោយទឹកទាំងអស់។ សម្ដេចធិបតីថា នេះជាកិច្ចការចាំបាច់ដែលយើងត្រូវធ្វើ និងវាយតម្លៃ ដែលសំខាន់ត្រូវរៀបចំផែនការមួយ គឺផែនការមេ ដើម្បីត្រៀមសម្របសម្រួល និងបើកឱកាសឱ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍ។

សម្ដេចនឹងធ្វើឱ្យកំពង់ផែរបស់កម្ពុជា មានសមត្ថភាពអាចទទួលស្វាគមន៍​កប៉ាល់គ្រប់ធន់ទាំងអស់ដែលដឹកទំនិញមកពីគ្រប់ប្រទេសមកកាន់កម្ពុជាដោយមិនឲ្យពួកគេទៅហួសមកហួសទៀតនោះឡើយ។

សូមបញ្ជាក់ថា :  ចំណតផែទឹកជ្រៅ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ២៤៣លានដុល្លារអាមេរិក រួមបញ្ចូល​ទាំងថវិកា​បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងនោះ។ ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវា​កុងតឺន័រមាន​ចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើន​ដល់​ប្រមាណ១,២៥លាន TEUs ក្នុងមួយឆ្នាំៗ។

គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុនតូអា ខបផើរសិន(TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផនខូអេ (Nippon Koei) និងក្រុមហ៊ុន OrientalConsultants Global។ បើតាមការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីក្រុមហ៊ុន នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ ពោលគឺនៅឆ្នាំ២០២៦ ៕

ដោយ ៖ សហការី


ចែករំលែក៖