ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ស្ថានភាពកំពង់ផែទឹកជ្រៅនៅកម្ពុជាកាលពីសម័យមុននិងបច្ចុប្បន្ន មានលក្ខណៈខុសគ្នាឆ្ងាយណាស់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កំពង់ផែទឹកជ្រៅបានដើរតួនាទីសំខាន់នៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា។ កាលពីទស្សវត្សទី៧០ ដែលជាសម័យសង្គ្រាម កំពង់ផែទឹកជ្រៅរបស់កម្ពុជាជាទីតាំងចល័តមួយ ហើយភាគច្រើននៃទំនិញនាំចេញ-នាំចូលគឺជាសព្វាវុធសម្រាប់ធ្វើសង្គ្រាម ដើម្បីយកមកប្រយុទ្ធគ្នា ក្រៅពីនោះ គឺជាស្បៀងអាហារដែលផ្តល់មកឱ្យប្រជាពលរដ្ឋកម្ពុជា ដោយសារនៅពេលនោះប្រទេសយើងលែងផលិតអ្វីបានទៀតហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ។ 

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កាលមុនសង្គ្រាម កម្ពុជា ធ្លាប់តែនាំផលិតផលកសិកម្មទៅក្រៅប្រទេសប៉ុណ្ណោះ តែបច្ចុប្បន្ននេះ វាបានក្លាយទៅជាកំពង់ផែ ដែលមានសក្តានុពលក្នុងតំបន់។ សម្ដេចធិបតីបានបន្តថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ទិសដៅ ក្នុងការអភិវឌ្ឍកំពង់ផែនេះជាបន្តបន្ទាប់ជាច្រើនអណត្តិមកហើយ។ 

សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ដែរថា ទៅថ្ងៃមុខរដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើកិច្ចការងារនេះបន្ថែមទៀត ដោយកែប្រែកំពង់ផែនេះ ឱ្យមិនត្រឹមតែជាកំពង់ផែ សម្រាប់ឆ្លងកាត់កុងតៃន័រនោះទេ ប៉ុន្តែគឺទៅជាមជ្ឈមណ្ឌល Logistics សម្រាប់តំបន់តែម្តង។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា  ៖ គម្រោងជីកព្រែកហ្វូណនតេជោ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ មិនមានអ្វីអាថ៌កំបាំងនោះទេ ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលគ្មានអ្វីត្រូវបិទបាំងជាមួយប្រជាពលរដ្ឋនោះទេ ទាក់ទិននឹងការជីកព្រែកហ្វូណនតេជោ និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការសាងសង់គម្រោងដ៏ធំទាំងពីរនេះគឺដើម្បីពង្រីកសក្ដានុពលរបស់កម្ពុជា ធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនជួយទៅដល់ជីវភាពប្រជាជនកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ពីទន្លេបាសាក់ទៅសមុទ្រខេត្តកែប គឺដើម្បីទាញយកសក្ដានុពលសេដ្ឋកិច្ច និងបម្រើដល់ការដឹកជញ្ជូនតាមផ្លូវទឹក ហើយក៏មិនមានអ្វីជាអាថ៌កំបាំង ដែលត្រូវតែលាក់លៀមនោះដែរ ។

ទន្ទឹមនោះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៩ ប្រទេសកម្ពុជានឹងស្វាគមន៍នាវាគ្រប់ប្រភេទទាំងអស់ ឱ្យចូលចតនៅកំពង់ផែរបស់កម្ពុជា។

សូមជម្រាបថា កម្ពុជាមានគម្រោងជីកព្រែកហ្វូណនតេជោ ដែលមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចេញពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ ឆ្លងចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតទៅដល់សមុទ្រខេត្តកែប។  គម្រោងសាងសង់នេះ គ្រោងចំណាយប្រាក់ប្រមាណ ១ ៧០០លានដុល្លាអាមេរិក និងប្រើប្រាស់ពេលប្រមាណ ៤ឆ្នាំ៕

ដោយ ៖ សហការី


ចែករំលែក៖