ព័ត៌មានទាន់ហេតុការណ៍៖

“កម្ពុជា និងថៃ ប្រកាសដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព”

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅព្រះរាជាណាចក្រថៃ នៅថ្ងៃ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធនៃមិត្តភាពជា ប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រទាំងពីរ។

នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី និងលោកជំទាវ បានចូលក្រាបថ្វាយបង្គំ គាល់ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្តៅចៅយូហួរ ព្រះមហាក្សត្រថៃ និងព្រះអគ្គមហេសី ស៊ីធិតា ផាត់ឆារ៉ាក់ស៊ីថាភិម៉ុនឡាក់សាណា។ សម្តេចធិបតី ក៏បានចូលជួបសម្តែងការគួរសមជាមួយ លោកសាស្ត្រាចារ្យ ផនភេត វិឈិតឆុលឆៃ ប្រធានព្រឹទ្ធសភាថៃ និង លោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធាន រដ្ឋសភាថៃ។

នៅក្នុងបរិយាកាសជិតស្និទ្ធនៃមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក នាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាយ៉ាងស៊ីជម្រៅលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន នយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការងារ វប្បធម៌ ការដឹកជញ្ជូន និងការតភ្ជាប់ កសិកម្ម បរិស្ថាន ការពារជាតិ សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ដើម្បីបន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង និងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិ ការឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងប្រកបដោយវិបុលភាពរវាងព្រះរាជាណាចក្រទាំងពីរ ជាពិសេសនាំ មកនូវសមិទ្ធផលជាក់ស្តែងជាច្រើនដល់ប្រជាជាតិទាំងពីរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានឯកភាពប្រកាសដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគីដាង ប្រទេសទាំងពីរទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។

នាយករដ្ឋមន្ត្រីទាំងពីរបានផ្ដល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ នៅឆ្នាំ២០២៥ខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរនឹង ត្រៀមរៀបចំសកម្មភាពរួមគ្នាដ៏មានអត្ថន័យមួយចំនួន ដើម្បីអបអរឆ្នាំដ៏សំខាន់នេះ។

ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំឡើងវិញនូវកិច្ចប្រជុំនៃយន្តការ កិច្ចសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ រួមមាន កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ (JCR) កិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ (JC) គណៈកម្មការព្រំដែន ទូទៅ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះផ្នែកពាណិជ្ជកម្មកម្ពុជា-ថៃ (JTC) ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការ និងកិច្ចសហការបន្ថែមទៀតរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីរបន្តតាំងចិត្តខ្ពស់ក្នុងការឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្ម ១៥ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥។ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ថៃនឹងរៀបចំកិច្ចប្រជុំ គណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម កម្រិតរដ្ឋមន្ត្រីពាណិជ្ជកម្មនៅដើមខែឧសភា ឆ្នាំ២០២៤។ នាយករដ្ឋមន្ត្រីទាំងពីរទទួលស្គាល់អំពីការដើរតួយ៉ាងសំខាន់ និងការចូលរួមយ៉ាងសកម្មរបស់វិស័យ ឯកជនក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

នៅក្នុងវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរ បានចាត់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ បន្តជំរុញ “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ” ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរមកប្រទេស ទាំងពីរ និងឯកភាពស្វែងរកមធ្យោបាយជួយសម្របសម្រួលការឆ្លងដែនសម្រាប់ភ្ញៀវទេសចរណ៍នៃ ប្រទេសទាំងពីរ និងមកពីប្រទេសទីបី។

នាយករដ្ឋមន្ត្រីទាំងពីរឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបញ្ឈប់ការបំពុលអ័ព្ទឆ្លង ដែន ដើម្បីធានាបាននូវខ្យល់អាកាសបរិសុទ្ធសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងនូវការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការរត់ពន្ធគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស ការឆបោកតាមប្រព័ន្ធអ៊ីនធឺណែត និងសន្តិសុខប្រព័ន្ធអ៊ីនធឺណែត។

សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃក្នុងការបញ្ចុះតម្លៃ ទិដ្ឋាការការងាររយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៧ ដែលតម្លៃស្នើសុំទិដ្ឋាការថ្មី២.០០០បាត និងតម្លៃបន្តទិដ្ឋាការ១.៩០០បាត ត្រូវបានបញ្ចុះទៅ៥០០បាត។ នាយករដ្ឋមន្ត្រីថៃបានចាត់ឱ្យរដ្ឋមន្ត្រីក្រសួងការងារពិចារណាសំណើរបស់នាយក រដ្ឋមន្ត្រីកម្ពុជាក្នុងការ លើកលែងការយកថ្លៃទិដ្ឋាការចេញ-ចូលសម្រាប់ពលករខ្មែរដែលនឹងធ្វើដំណើរត្រឡប់មកកម្ពុជាក្នុង ឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងត្រឡប់ទៅថៃវិញក្នុងខែមេសា ឆ្នាំ២០២៤។ តបតាមសំណើ របស់ សម្តេចធិបតី ឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋា បានអះអាងថាពលករកម្ពុជានៅថៃទាំងអស់នឹងទទួលបានប្រព្រឹត្តកម្មសមរម្យ និងការគាំពារសមស្រប។

ដើម្បីផ្តល់កិច្ចគាំពារដ៏ល្អប្រសើរជូនពលរដ្ឋរបស់ខ្លួនទាំងសងខាង នាយករដ្ឋមន្ត្រីទាំងពីរបាន សម្រេចបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជានៅសុងខ្លា និងស្ថានអគ្គកុងស៊ុលថៃនៅសៀមរាប។ ឆ្លៀតក្នុង ឱកាសនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរថៃដែលបានប្រគល់ត្រឡប់មកវិញនូវ ចម្លាក់ចំនួន១៦ និងបានបង្ហាញនូវក្តីសង្ឃឹមថាកិច្ចការបច្ចេកទេសសម្រាប់ការប្រគល់ត្រឡប់មកវិញនូវ ចម្លាក់ចំនួន២០ទៀត នឹងត្រូវបានពន្លឿន។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តមិនឱ្យនរណាម្នាក់ប្រើប្រាស់ទឹកដី កម្ពុជា ឬថៃជាវេទិកា ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពបង្កគ្រោះថ្នាក់ប្រឆាំងនឹង រដ្ឋាភិបាលរបស់ប្រទេសមួយទៀត។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខថាមពល។ ក្នុង ន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពិភាក្សាអំពីការធ្វើអាជីវកម្មរួមគ្នានូវធនធានអ្វីដ្រូកាបួននៅ តំបន់ត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។

នៅអំឡុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី បានថ្លែងសុន្ទរកថាបើកក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ ដែលមានការចូលរួមពីក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនថៃចំនួនប្រមាណ២០០។ សម្តេចធិបតី បាន អញ្ជើញវិនិយោគិនថៃឱ្យបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីឱ្យឃើញផ្ទាល់ពីសក្តានុពលសម្រាប់ធ្វើការ បណ្តាក់ទុន និងស្វែងយល់ពីឧស្សាហកម្មដែលកំពុងរីកចម្រើន និងធ្វើការសម្រេចចិត្តដោយឈ្លាសវៃ ដើម្បីបង្កើនអត្ថប្រយោជន៍ក្នុងទំនាក់ទំនងភាពជាដៃគូជិតស្និទ្ធរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សី និងស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នាសំខាន់ចំនួន៥ រួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យនៃការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រថៃ

២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃ ព្រះរាជាណាចក្រថៃស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

៣.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជានិង នាយកដ្ឋានគយនៃព្រះរាជាណាចក្រថៃ

៤. អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូល ថៃ ដើម្បីបង្កើតក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការអភិវឌ្ឍ និងគាំទ្រដល់ ក្រុមហ៊ុនសហគ្រាសសក្តានុពលរបស់កម្ពុជានិងថៃ ខាងផ្នែកពាណិជ្ជកម្មអន្តរជាតិនិងវិនិយោគ

៥. អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្ម ថៃ ដើម្បីចូលរួមលើកកម្ពស់ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

តាងនាមគណៈប្រតិភូកម្ពុជា សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន និងលោកជំទាវ ផាក់ភិឡៃ ថាវីស៊ីន និង ក្រុមការងារ សម្រាប់ការរៀបចំដ៏ល្អប្រសើរ និងបដិសណ្ឋារកិច្ចល្អជូនគណៈប្រតិភូកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖