ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ ខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ផ្ដោតលើកិច្ចការការងារកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបឱ្យបានទាន់ពេលទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា ដោយឈរលើកត្តា ២ គឺ (១) ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត និង (២) កាត់បន្ថយនូវផលអវិជ្ជមានទាំងឡាយ
ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុង វិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ ។
ក្នុងឱកាសក៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះអង្គភាពជ័យលាភី រួមមាន សាលាបឋមសិក្សា, អនុវិទ្យាល័យ និង មណ្ឌលសុខភាព ដែលទទួលបានចំណាត់ថ្នាក់ជាអង្គភាពផ្តល់ សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៣ ព្រមទាំងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រប់លំដាប់ថ្នាក់ នៃគណៈកម្មការវាយតម្លៃ ដែលបាន ដឹកនាំអនុវត្តដំណើរការនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រកបដោយតម្លាភាព គណនេយ្យ ភាព និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ឈរលើនីតិវិធី និងគោលការណ៍ច្បាស់លាស់ ។
សម្តេចធិបតី បានធ្វើការគូសបញ្ជាក់ថា នាឆ្នាំ២០២៣ កន្លងមក, រាជរដ្ឋាភិបាល អាណត្តិទី ៧ បានសម្រេចដាក់ឱ្យអនុវត្តការប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូនៅតាមសាលារៀនក្នុងកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព បន្ថែមលើការប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូនៅតាមសាលា រៀនក្នុងកម្រិតវិទ្យាល័យ និងមន្ទីរពេទ្យបង្អែក ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់ កម្រិត ១ កម្រិត ២ និង កម្រិត ៣ និងបានបង្កើតយន្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ទៅតាមឋានានុក្រមមាន ៣ កម្រិត រួមមាន ៖ កម្រិតថ្នាក់ជាតិ កម្រិតថ្នាក់រាជធានី-ខេត្ត និងកម្រិតក្រុង-ស្រុក-ខណ្ឌ របស់រាជរដ្ឋាភិបាល អាណត្តិទី ៦ កន្លងទៅ ដែលការបង្កើតយន្តការវាយតម្លៃ ជាមួយនឹងការកំណត់លក្ខណៈវិនិច្ឆ័យគោល និង លក្ខណៈវិនិច្ឆ័យលម្អិតច្បាស់លាស់នេះ សំដៅពង្រឹងអភិបាលកិច្ចសាលារៀន ពោលគឺចាប់ពីសាលាមត្តេយ្យ សិក្សារហូតដល់វិទ្យាល័យ និងមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ។
សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បាន និងកំពុងខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ផ្ដោតលើកិច្ចការការងារកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបឱ្យបានទាន់ពេលទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា ដោយឈរលើកត្តា ២ គឺ (១) ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត និង (២) កាត់ បន្ថយនូវផលអវិជ្ជមានទាំងឡាយ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ស្នូលនៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ គឺផ្តោតលើ ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ រឹងមាំ ឆ្លាតវៃ និងស្អាតស្អំ ដែលជាមូលដ្ឋានសំខាន់ សម្រាប់ការកែទម្រង់រដ្ឋបាល សាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់ តាមវិស័យអាទិភាពគន្លឹះផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ។ សម្រាប់ក្របខ័ណ្ឌការងារកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗទៅតាមវិស័យអាទិភាព និងរៀបចំបង្កើតនូវយន្តការអនុវត្ត ដើម្បីដោះស្រាយ បញ្ហាប្រឈម ធានាប្រសិទ្ធភាព ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេលទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល រួមមាន ៖ (១) បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធ ជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ និងការរៀបចំដាក់ឱ្យ អនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព; (២) បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់ គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារៀន ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា សម្រាប់ ផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញ ការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ; និង (៣) បង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។
ជាចុងក្រោយ សម្តេចនាយករដ្ឋមន្ត្រី បានធ្វើការលើកទឹកចិត្តចំពោះអង្គភាពដែលបានចូលរួមទាំងអស់ ឱ្យបន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព នៃការផ្តល់សេវា សាធារណៈជូនប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងជានិច្ចនិរន្តរ៍ ៕
ដោយ៖ តារា