ភ្នំពេញ ៖ ក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រានធុនតូច មធ្យម ឆ្ពោះទៅវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន មានភាពធន់ និងចីរភាពចាំបាច់ត្រូវចូលរួមអនុវត្តនូវកត្តាសំខាន់ៗមួយចំនួន។
កត្តាសំខាន់ៗទាំងនោះរួមមាន៖
ទី១- ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈជំរុញការវិនិយោគដោយផ្ទាល់ពីបរទេសទៅលើវិស័យដែលមានបច្ចេកវិទ្យាជាមូលដ្ឋាន ឬមានតម្លៃខ្ពស់នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម។
ទី២- ការជំរុញបន្ទាន់ការផ្ទេរបច្ចេកវិទ្យាតាមរយៈខ្សែបណ្តោយ រវាងសហគ្រាស និងសហគ្រាស។
ទី៣- ការផ្ទេរបច្ចេកវិទ្យាអាទិភាព ចំណេះដឹង និងចំណេះធ្វើ ការបណ្តុះបណ្តាលជំនាញឡើងវិញ ការលើកកម្ពស់ជំនាញ។
ទី៤- ការជំរុញឱ្យមានលំហូរអ្នកមានទេពកោសល្យនិងការជំរុញឌីជីថលូបនីយកម្ម ប្រកបដោយបរិយាបន្ន ការរៀបចំបរិស្ថានល្អដើម្បីទាក់ទាញអ្នកដែលមានទេពកោសល្យ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញការពង្រឹងសមត្ថភាពបច្ចេកវិទ្យានិងការធ្វើឲ្យរីកចម្រើនរបស់សហគ្រាសក្នុងស្រុកដើម្បីទាញប្រយោជន៍ពីពាណិជ្ជកម្មពិភពលោក។
សម្តេចធិបតីបានលើកឡើងថា ៖ បានជំរុញឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើយ៉ាងណាឲ្យសម្រេចបាននូវការកសាងមូលដ្ឋាន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដោយបន្ថែម បច្ចេកវិទ្យា ជាអាទិភាពទី ៥ ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ។
ទន្ទឹមនឹងនោះសហគ្រាសធុនតូច និងមធ្យម នឹងមានតម្រូវការបច្ចេកវិទ្យាសម្រាប់ពង្រឹងសមត្ថភាព ដើម្បីចាប់យកទីផ្សារប្រកបដោយភាពប្រកួតប្រជែង ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ភាពធន់ ចីរភាព និងបរិយាប័ន្ន ។
សម្ដេចថា ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍របស់សហគ្រាស គឺជាកត្តាគន្លឹះ ដើម្បីសម្រេចបាននូវការចាប់យកខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល នៅក្នុងបរិការណ៍ ដែលប្រទេសកម្ពុជា កំពុងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ, សាធារណរដ្ឋប្រជាមានិតចិន, អារ៉ាប់អេមីរ៉ាតរួម និងក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership- RCEP) ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀង ហើយពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។សម្តេចធិបតី ក៏បានលើកទឹកចិត្តផងដែរ ដល់តួអង្គពាក់ព័ន្ធ មានជាអាទិ៍ ៖ ក្រសួង-ស្ថាប័ន, សកលវិទ្យាល័យ, មជ្ឈមណ្ឌលស្រាវជ្រាវ, វិស័យឯកជន និងសង្គមស៊ីវិល ឱ្យបន្តសហការគ្នាអនុវត្តនូវឯកសារគតិយុត្តទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមនានា ឱ្យទៅជាកាលានុវត្តភាព, បង្កើតសក្តានុពលពីការវិវត្តជាវិជ្ជមាននៃបច្ចេកវិទ្យាសំខាន់ៗ, បន្សាំ ចាប់យក និងបង្កើតបច្ចេកវិទ្យាថ្មីៗទៀត ក្នុងរយៈពេលខ្លី និងមធ្យម ដែលមានលក្ខណៈនវានុវត្តន៍ក្នុងរយៈពេលវែង សម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព និងភាពធន់៕
ដោយ ៖ សិលា