ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រថយន្តធំៗនៅតែបរកណ្តាលក្រុងទាំងថ្ងៃ

ចែករំលែក៖

បើទោះបីជាអាជ្ញាធររាជធានីភ្នំពេញប្រកាសរិតបន្តឹងមិនអនុញ្ញាតឲ្យរថយន្តធំៗ ធ្វើចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែគេសង្កេតឃើញថា រថយន្តធំៗ សណ្តោងរ៉ឺម៉កវែងៗនៅតែបន្តធ្វើចរាចរណ៍ កណ្តាលក្រុងដដែល ។ មានន័យថា បទបញ្ជារបស់អាជ្ញាធរ មិនមានប្រសិទ្ធភាពសម្រាប់ម្ចាស់រថយន្តធំៗទាំងនោះទេ ។

មានហានិភ័យច្រើនណាស់ នៅគ្រាដែលរថយន្តធំៗ បើកបរកណ្តាលរាជធានីនោះ ។ ក្រៅពីបង្កឲ្យមានការកកស្ទះចរាចរណ៍ មានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលបណ្តាលមកពីរថយន្តធំៗទាំងនោះ ។ នៅពេលដែលរថយន្តធំៗសណ្តោងរ៉ឺម៉កត្រូវការបត់ គឺវាបានធ្វើឲ្យរាំងស្ទះដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ ហើយអាចនឹងបង្កគ្រោះថ្នាក់ថែមទៀត ។ រថយន្តធំៗបត់ទទឹងទទែងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទយល់ឃើញថា វិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ ពិតជាត្រឹមត្រូវណាស់ក្នុងការរាំងខ្ទប់មិនឲ្យរថយន្តធំៗធ្វើចរាចរណ៍កណ្តាលរាជធានីទាំងថ្ងៃនោះ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺវិធានការនេះ មិនមានប្រសិទ្ធភាពនោះឡើយ ។ ជួនកាលគេឃើញរថយន្តធុនធំសណ្តោងកន្ទុយរ៉ឺម៉កធ្វើចរាចរណ៍ទាំងព្រឹកព្រលឹមតាមបណ្តោយមហាវិថីម៉ៅសេទុង ។ នៅតាមផ្លូវផ្សេងៗទៀត ក៏គេតែងតែប្រទះភ្នែកឃើញរថយន្តធុនធំធ្វើចរាចរណ៍ទាំងព្រឹក ទាំងល្ងាច ហាក់ដូចជាមិនដឹងអំពីបម្រាមរបស់សាលារាជធានីភ្នំពេញនោះឡើយ ។

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ រំពឹងថា អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខណ្ឌកណ្តាលក្រុងមិនបណ្តោយឲ្យវិធានការរបស់ខ្លួនធ្លាក់រីយ៉ីករយាកបែបនេះទៀតឡើយ ។ ការអនុវត្តឲ្យមានប្រសិទ្ធភាពចំពោះច្បាប់ដែលបានកំណត់គឺជាអ្វីដែលប្រជាពលរដ្ឋរីករាជអបអរសាទរ ហើយក៏ជាវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ ដូច្នេះប្រជាពលរដ្ឋរំពឹងថា ទៅថ្ងៃខាងមុខ ប្រហែលជាលែងឃើញរថយន្តធុនធំបើកបរនៅកណ្តាលរាជធានីទៀតហើយ ៕ ប្រជាពលរដ្ឋម្នាក់

22

 


ចែករំលែក៖