ភ្នំពេញ៖ ដោយមើលឃើញពីការប្រើពាក្យពេចន៍ក្នុងវិស័យកីឡាក្នុងប្រទេស កម្ពុជាហាក់មិនទាន់បានឆ្លុះបញ្ចាំងពី ភាសាជាតិនោះក្រុមប្រឹក្សាជាតិភាសាខ្មែរ និងរាជបណ្ឌិត្យសភាកម្ពុជាបានទទួល សំណើពីតំណាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាតំណាងសហព័ន្ធកីឡាជាតិ អ្នកសារព័ត៌មាននិងអ្នកធ្វើអត្ថាធិប្បាយ កីឡាដើម្បីរួមគ្នាបង្កើតនូវសទ្ទានុក្រមកីឡាមួយសម្រាប់ទុកឲ្យពលរដ្ឋគ្រប់រូបយកទៅប្រើប្រាស់ឲ្យចំពាក្យខ្មែរជៀសវាងប្រើ ភាសាបរទេសជំនួយ ។
នេះបើតាមការសន្យារបស់លោក ចាន់ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីចែកវិញ្ញាបនបត្រជូនដល់មន្ត្រី សហព័ន្ធកីឡាជាតិអ្នកសារព័ត៌មាន និងអ្នក ធ្វើអត្ថាធិប្បាយកីឡាកាលពីរសៀលថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៦នៅទីស្នាក់ការNOCC។
លោក ចាន់ សំណព្វ មានប្រសាសន៍ថា ការចងក្រងវាក្យស័ព្ទសម្រាប់ប្រើក្នុង វិស័យកីឡាមានសារសំខាន់ណាស់ ព្រោះយើងបានបញ្ជាក់ពីអត្តសញ្ញាណនៃកីឡាជាតិនីមួយៗ ពិសេសកីឡាល្បុក្កតោដែលជាក្បាច់គុនបន្សល់ទុកពីដូនតាខ្មែរតាម រយៈចម្លាក់នានានៅប្រាសាទអង្គរ ។
ការ ប្រើពាក្យបច្ចេកទេសរបស់កីឡាភាគច្រើន ជាពាក្យបរទេស ដូច្នេះទាំងអ្នកធ្វើអត្ថា ធិប្បាយនិងអ្នកសរសេរចង់ក្លាយទៅជា ទម្លាប់ ប៉ុន្តែបើយើងគ្រប់គ្នាព្យាយាមប្រើ ពាក្យខ្មែរជំនួសការប្រើពាក្យបរទេសអ្នក ទស្សនាអ្នកសា្តប់អ្នកអានដែលជាប្រជា ពលរដ្ឋខ្មែរងាយយល់អំពីកីឡានោះ ហើយពួកគាត់អាចទទួលបានចំណេះដឹងបន្ថែមពីវិស័យកីឡានីមួយៗទោះបីកីឡាមួយចំនួនមិនមែនជារបស់ខ្មែរក៏ដោយ ។
លោកប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានបន្តទៀតថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងរាជបណ្ឌិត្យសភាកម្ពុជាមិនសរសេរ ប្រធានបទណាមួយឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិដោយខ្លួនឯងបានទេ។
ដូច្នេះមានតែសហព័ន្ធ កីឡាជាតិនីមួយៗខ្លួនឯងប៉ុណ្ណោះ ដែល អាចសរសេរសេចក្តីព្រាងនូវពាក្យបច្ចេកទេសក្នុងកីឡារបស់ខ្លួនរួចហើយយកទៅឆ្លងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយនាំយកទាំងសេចក្តីព្រាង និងធនធានមនុស្សរបស់ខ្លួនដែលអាចឆ្លើយតទល់ជាមួយសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនិងរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីការពារនូវសេចក្តីព្រាងក្នុងកីឡារបស់ខ្លួនរាល់ពាក្យបច្ចេកទេសណាមួយដែលខ្លួនធ្លាប់ប្រើដែលជាក្បួនខ្នាតបានប្រើក្នុងកីឡានោះយូរមកហើយ។
មានតែធ្វើបែបនេះទេទើបយើងអាចឈានទៅចងក្រងសទ្ទានុក្រមមួយដែលមានគុណភាពឲ្យពលរដ្ឋយកទៅប្រើជា ភាសាបច្ចេកទេសផ្លូវការប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ។
យើងបង្កើតវាក្យស័ព្ទប្រើក្នុងវិស័យកីឡា ដើម្បីចង់ឲ្យកូនខ្មែរ ជំនាន់ក្រោយចងចាំថាយើងមាន “ពាក្យខ្មែរ” សម្រាប់ប្រើក្នុងវិស័យកីឡា ដោយមិនចាំបាច់យកភាសាបរទេសមកជំនួសទេ ប៉ុន្តែសទ្ទានុក្រមនេះអាចកើតឡើងបានអាស្រ័យលើការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ គឺ ក្រសួងអប់រំយុវជននិងកីឡាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហព័ន្ធកីឡា ជាតិបូកបញ្ចូលជាមួយក្រុមប្រឹក្សាជាតិ ភាសាខ្មែរនិងរាជបណ្ឌិត្យសភាកម្ពុជាផងដែរ ៕ សារីម