ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អ៊ឹង ឈុនផេង បើកល្បែងជល់មាន់ បៀ អាប៉ោងកណ្តាលក្រុងក្រចេះអួតថារត់ការជាមួយសមត្ថកិច្ចអស់ហើយ!

ចែករំលែក៖

មិនមែនជាការឡង់សេ ឬ ផ្សាយពាណិជ្ជកម្មឲ្យបងប្អូននៅខេត្តក្រចេះត្រូវតែរូតរះទៅលេងល្បែងស៊ីសងឲ្យត្រជាក់ប្រម៉ាត់ស្អីនោះទេ នៅពេលដែលប្រជាពលរដ្ឋអះអាងថា វង់ ល្បែងជល់មាន់ បៀ អាប៉ោង របស់លោក អ៊ឹង ឈុនផេង ហៅ ផេង កំពុងបើកលេងស្ទើរ២៤ ម៉ោង លើ២៤ ម៉ោង ដោយគាត់(អ៊ឹង ឈុនផេង)ជាម្ចាស់វង់បានសន្យាថា លេងដោយសេរីចុះ គ្មានសមត្ថកិច្ចណាហ៊ានទៅបង្រ្កាបឡើយ ព្រោះគាត់រត់ការបំបិទមាត់សមត្ថកិច្ចគ្រប់ស្ថាប័ន ក្នុងខេត្តក្រចេះ អស់ហើយ ។

វង់ល្បែងស៊ីសងរបស់ លោក អ៊ឹង ឈុនផេង ហៅផេង បើកលេងដោយសេរី ក្រោមលេសបានរត់ការបំបិទមាត់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងខេត្តក្រចេះនេះ ស្ថិតនៅ ភូមិបន្ត្រោង សង្កាត់-ក្រុង-ខេត្តក្រចេះ គឺបើកលេង ជល់មាន់ក៏មាន បៀក៏មាន អាប៉ោងក៏មាន…មិនចាញ់កាស៊ីណូប៉ុន្មានទេ ។

ប្រជាពលរដ្ឋរស់នៅភូមិមួយនេះបាននិយាយថា តាំងពីឈ្មោះអ៊ឹង ឈុនផេង បើកវង់ ល្បែងស៊ីសងនៅក្នុងភូមិនេះពីពេលណាមក មានគ្រួសារខ្លះចាញ់អស់គោ ក្របី ម៉ូតូ ឡាន និងគ្រួសារខ្លះទៀតជំពាក់បំណុលធនាគារ ឬ អង្គការ រាប់ពាន់ម៉ឺន ដុល្លារ ព្រោះតែចាញ់ល្បែងនៅ វង់លោក អ៊ឹង ឈុនផេងនេះ ។ ជាមួយនេះក៏មានគ្រួសារខ្លះត្រូវអន្តរាយទ្រព្យ រហូតឈានដល់ លែងលះគ្នាក៏មានដែរ ព្រោះតែបានទៅវក់នឹងល្បែងនៅទីនេះ ។

ប្រជាពលរដ្ឋបានលាន់មាត់ថា រឿងដែលគួរឲ្យហួសចិត្តទៀតនោះ អាជ្ញាធរដែនដីគួរតែ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល មិនគួរណាត្រូវថ្នាំរបស់លោក អ៊ឹង ឈុនផេង តាមរយៈយកលុយទៅបិទភ្នែកនោះទេ ។ អាជ្ញាធរមានសមត្ថកិច្ចទាំងនោះគួរតែ ទៅបង្រ្កាបវង់ល្បែងនេះជាបន្ទាន់ បើពុំដូច្នេះទេមិនថាប្រជាពលរដ្ឋនៅកណ្តាលក្រុងក្រចេះ សូម្បីអ្នកនៅជាយក្រុងនេះ គឺត្រូវអន្តរាយទ្រព្យ តាមរយៈវង់ល្បែងស៊ីសងរបស់លោក អ៊ឹង ឈុនផេង បញ្ចុះបញ្ចូលឲ្យទៅលេងមិនខាន ។

មហាជនជាច្រើនកំពុងរង់ចាំមើលថា តើស្ថាប័នមានសមត្ថកិច្ចខេត្តក្រចេះណាខ្លះដែលលោក អ៊ឹង ឈុនផេង យកលុយទៅបំបិទមាត់ហើយមិនទៅបង្រ្កាប ? បើមិនទៅបង្រ្កាប មែននោះ បានន័យថាឥទ្ធិពលលុយ លោក អ៊ឹង ឈុនផេង ខ្លាំងដូចគាត់អួតមិនខុសមែន ៕

 


ចែករំលែក៖