ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បង្គន់ក៏ឡើងថ្លៃដែរ

ចែករំលែក៖

ប្រជាពលរដ្ឋដែលទៅកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅមុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ បានខ្សឹបខ្សៀវថា ក្រៅតែពីសេវាផ្ញើម៉ូតូឡើងថ្លៃលើបបូរមាត់រហូត៥ពាន់រៀលនោះ សេវាបង្គន់អនាម័យក៏ឡើងដល់១ពាន់រៀល ឬ២ពាន់រៀល ពោលគឺអាស្រ័យទៅលើអ្នកមើលថែទាំបន្ទប់ទឹកទាំងនោះជាអ្នកកំណត់ ។ ទង្វើបែបនេះ ញាំងឲ្យអ្នកទៅចូលរួមព្រះរាជពិធីបុណ្យបង្ហាញភាពថ្នាំងថ្នាក់ចំពោះអាជ្ញាធរ មានសមត្ថកិច្ច ។

មន្ត្រីសាលារាជធានីភ្នំពេញ បានអះអាងថា គេបានពង្រាយបង្គន់អនាម័យជាច្រើនកន្លែង ប្រយោជន៍ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាន និងភាពស្រស់ស្អាតរបស់រាជធានី ។ បន្ទប់ទឹក ឬបង្គន់អនាម័យទាំងនោះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈដោយមិនតម្រូវឲ្យបង់ប្រាក់នោះឡើយ ។ អតិថិជនអាចមានមនោសញ្ចេតនាជាលុយកាក់ចំពោះអ្នកថែទាំបោសសម្អាតនៅទីនោះ ប៉ុន្តែមិនអាចកំណត់តម្លៃស្រេចតែទៅលើបបូរមាត់អ្នកមើលថែទាំយ៉ាងនេះដែរ ។ ទង្វើបែបនេះនាំឲ្យប្រជាពលរដ្ឋ អ្នកទៅចូលរួមពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ អាក់អន់ស្រពន់ចិត្ត ។

សេវាសាធារណៈ ក៏ដូចជាបញ្ហាសុវត្ថិភាពសណ្តាប់ធ្នាប់ហាក់មានភាពប្រសើរឡើងជាងបណ្តាឆ្នាំមុនៗ ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការឡើងថ្លៃតម្លៃផ្ញើម៉ូតូ១គ្រឿង៥ពាន់រៀល និងការចូលបន្ទប់ទឹក (បង្គន់អនាម័យ) កន្លែងខ្លះត្រូវអ្នកមើលថែទាំទារប្រាក់១ពាន់រៀល និងកន្លែងខ្លះ២ពាន់រៀល ។ បើទោះបីជាប្រជាពលរដ្ឋបានរអ៊ូរទាំច្រើនអំពីបញ្ហានេះក្តី ក៏មិនឃើញអាជ្ញាធរចាត់វិធានការលើបញ្ហានេះឲ្យមានប្រសិទ្ធភាពនោះដែរ ។ គេគួរតែកែប្រែចំណុចអវិជ្ជមាននេះឲ្យទាន់ពេលវេលា ប៉ុន្តែអាជ្ញាធរ ហាក់ដូចជាមានផលប្រយោជន៍ចំពោះបញ្ហានេះ ៕

 


ចែករំលែក៖