ប្រជាពលរដ្ឋស្រុកពាមជរ ខេត្តព្រៃវែង បានខ្សឹបថា ច្រករបៀងកោះស្កូ ដែលស្ថិតនៅជាប់ច្រកព្រំដែនកោះសំពៅ នៅស្រុកពាមជរ ខេត្តព្រៃវែង មានករណីនាំចូល និងនាំ ចេញទំនិញគេចពន្ធជារៀងរាល់ឆ្នាំ។ ប្រភពដដែលបានបញ្ជាក់ថា ឈ្មួញដែលធ្វើសកម្ម ភាពនាំចូលនិងនាំចេញទំនិញគេចពន្ធភាគច្រើនជាមន្រ្តីកម្លាំងប្រដាប់អាវុធជនជាតិខ្មែរដោយសហការជាមួយឈ្មួញជនជាតិវៀតណាម ។
ទំនិញដែលនាំចូលពីប្រទេសវៀតណាមមានដូចជាគ្រឿងទេស ផលិតផលកសិកម្ម ជាដើម ។ ចំណែកទំនិញដែលនាំចេញពីប្រទេសកម្ពុជាមានដូចជាបារី ស្ករស និងឈើ ប្រណីតដែលទំនិញទាំងនោះត្រូវបានដឹកតាមរថយន្ត ហើយផ្ទេរដាក់តាមទូកដើម្បីដឹកឆ្លងដែន។ ប្រជាពលរដ្ឋស្រុកពាមជរបានបញ្ជាក់ថា ពួកឈ្មួញវៀតណាម និងមន្រ្តី កម្លាំងប្រដាប់អាវុធកម្ពុជាបានសហការគ្នាដឹកជញ្ជូនទាំងយប់ទាំងថ្ងៃដោយគ្មានញញើត ឡើយ ។
មន្រ្តីនគរបាលឈ្មោះ ពៅ និងឈ្មោះ ភារុណ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា ជាអ្នកឃុបឃិតប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចធំជាងគេនៅច្រករបៀងខាងលើ ហើយមន្រ្តីទាំងនោះមិនខ្លាចញញើតច្បាប់ឡើយ ព្រោះពួកគេបាននិយាយត្រូវរ៉ូវជាមួយមន្រ្តីជំនាញ ពាក់ព័ន្ធអស់ហើយ។ ប្រភពដដែលបានបញ្ជាក់ថា ឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនតាមរថយន្ត ហើយយកមកទម្លាក់ដាក់ទូករបស់ជនជាតិយួនដែលចាំទទួលនៅច្រាំង ទន្លេរួចជាស្រេច ៕