ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ សាឡង់កាយខ្សាច់បាតសមុទ្រកំពុងដំណើរការមុខពយអំពិល

ចែករំលែក៖

ប្រជាពលរដ្ឋអ្នកនេសាទបានឲ្យដឹងថា សាឡង់មួយគ្រឿងកំពុងធ្វើសកម្មភាពកាយខ្សាច់ បាតសមុទ្រនៅមុខពយអំពិល ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃ ។ គេមិនដឹងថា តើសកម្មភាពរបស់សាឡង់នោះ មានច្បាប់ទម្លាប់ត្រឹមត្រូវដែរ ឬយ៉ាងណាទេ ប៉ុន្តែសកម្មភាពបែបនេះ កំពុងបង្កមហន្តរាយធ្ងន់ មិនត្រឹមតែខ្សាច់នោះទេ វាធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិថែមទៀតផង ។

សកម្មភាពបូមកាយខ្សាច់នៅមុខពយអំពិល ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក សង្កាត់ស្ទឹងហាវ ខេត្តព្រះសីហនុ មានសាឡង់មួយគ្រឿងបូមខ្សាច់ជារៀងរាល់ថ្ងៃ ។ ប្រជានេសាទ អ្នកនេសាទទឹករាក់ ក៏ដូចជាអ្នកចិញ្ចឹមត្រីសមុទ្រនៅស្រុកស្ទឹងហាវ កំពុងមានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់មុខរបររាល់ថ្ងៃ ព្រោះថា ការកកាយខ្សាច់ក្នុងសមុទ្រកន្លែងទឹករាក់ មានផលប៉ះពាល់យ៉ាងខ្លាំង ដល់ការនេសាទ និងការចិញ្ចឹមត្រីរបស់ពួកគាត់ ។ គេមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបសកម្មភាពបូមខ្សាច់នៅទីនោះឡើយ បើទោះបីជាច្បាប់បានហាមឃាត់ក៏ដោយ ។

ប្រភពអះអាងថា វាជាការត្រូវរ៉ូវគ្នារវាងអាជ្ញាធរ ជាមួយពួកឈ្មួញថៅកែបូមខ្សាច់សមុទ្រទាំងនោះ ។ សកម្មភាពបូមខ្សាច់ទាំងនោះបានធ្វើឡើងជាចំហរ ដោយមិនខ្លាចរអារនរណាឡើយ ។ ប្រការនេះធ្វើឲ្យប្រជាសហគមន៍នេសាទយល់ថា អាចមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ច ទើបគេអាច កកាយបូមយកខ្សាច់ដោយសេរីយ៉ាងដូច្នេះបាន ។ ប្រជាពលរដ្ឋនៅក្នុងតំបន់រំពឹងថា អាជ្ញាធរខេត្តព្រះសីហនុ នឹងពិនិត្យមើលករណីនេះឡើងវិញ ៕

f4


ចែករំលែក៖