ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធី “អំណានដំបូង” នឹងជួយនាំមកនូវអនាគតភ្លឺស្វាងដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ កុមារតូចអាយុក្រោម ៦ ឆ្នាំ និងអាណាព្យាបាល ដែលបានចូលរួមក្នុងកម្មវិធី “អំណានដំបូង” ទទួលបានឱកាសអានសៀវភៅ និងធនធានផ្សេងទៀត ដែលជួយឲ្យពួកគាត់ត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការចូលរៀនថ្នាក់ទីមួយរបស់កូនៗគាត់ នេះបើយោងតាមទីប្រឹក្សាកម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូចនៃអង្គការ Save the Children ។

កុមារអាចចាប់ផ្តើមរៀនតាំងពីតូចៗទៅ ប៉ុន្តែកុមារជាច្រើននៅក្នុងប្រទេសកម្ពុជាមិនមានឱកាសអភិវឌ្ឍជំនាញដែលជួយឲ្យគាត់រៀនសូត្រឆាប់ចេះនោះទេ។ យោងតាមស្ថិតិរបស់រាជរដ្ឋាភិបាល មានកុមារតិចជាង៤២ភាគរយ ដែលបន្តចូលរៀនរហូតដល់បញ្ចប់ថ្នាក់ទី៩ តាមការកំណត់របស់រដ្ឋ ហើយមានកុមារប្រមាណ២២ភាគរយប៉ុណ្ណោះ ដែលទទួលបានការអប់រំនិងអភិវឌ្ឍន៍កុមារតូច។ មានការស្រាវជ្រាវនៅទូទាំងពិភពលោកដែលបង្ហាញយ៉ាងច្បាស់ថា កុមារដែលទទួលបានការអប់រំពីតូចទៅអភិវឌ្ឍចំណេះដឹងបានលឿនជាង និងល្អជាងកុមារដែលមិនបានទទួលការអប់រំពីតូចនៅពេលចាប់ផ្តើមចូលសាលា។

កម្មវិធី “អំណានដំបូង” គឺជាកម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូចនៅផ្ទះយ៉ាងល្អប្រសើរ និងគ្រប់ជ្រុងជ្រោយដែលលើកកម្ពស់មាតា បិតា និងអាណាព្យាបាលកុមារឲ្យចូលរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍជំនាញអក្ខរកម្មសំខាន់ៗ និងកសាងមូលដ្ឋានគ្រឹះសម្រាប់ការសិក្សារបស់កុមារនៅពេលអនាគត។ ក្រុមគ្រួសារដែលបានចូលរួមជាមួយកម្មវិធី “អំណានដំបូង” ទទួលបានសម្ភារៈសម្រាប់ហាត់រៀនអានដែលមានគុណភាព និងសមស្របតាមកម្រិតអាយុរបស់កុមារ ដែលជួយឲ្យកុមាររៀនព្យញ្ជនៈ ប្រកបពាក្យ និងចំណេះដឹងមូលដ្ឋានផ្សេងទៀត។ នៅពេលកុមារមានពេលវេលាហាត់រៀនអានជាមួយអាណាព្យាបាលច្រើនពួកគាត់អាចត្រៀមខ្លួនបានល្អនៅពេលចាប់ផ្តើមចូលរៀនថ្នាក់ទីមួយ។ កម្មវិធី “អំណានដំបូង” ក៏ជួយកុមារឲ្យអភិវឌ្ឍផ្នែកប្រាជ្ញាស្មារតីរាងកាយអារម្មណ៍ និងមានភាពចុះសម្រុងខ្ពស់ជាមួយអ្នកដ៏ទៃហើយការគាំទ្ររបស់យើងក្នុងកម្មវិធីនេះក៏ជួយបណ្តុះជំនាញនិងបង្កើនទំនុកចិត្តដល់អាណាព្យាបាលក្នុងការអប់រំកូនៗរបស់គាត់ផងដែរ។

អ្នកស្រីខូយរ៉ានីទីប្រឹក្សាកម្មវិធីគាំពារនិងអភិវឌ្ឍន៍កុមារតូចនៃអង្គការ Save the Children បានមានប្រសាសន៍ថា៖ “កម្មវិធី “អំណានដំបូង” មានគោលបំណងអភិវឌ្ឍកុមារដើម្បីឲ្យពួកគាត់អាចត្រៀមខ្លួនបានល្អសម្រាប់ការចូលរៀនបឋមសិក្សាថ្នាក់ទីមួយ។សម្រាប់កុមារដែលបានចូលរួមក្នុងកម្មវិធីនេះនៅពេលចាប់ផ្តើមចូលរៀនគឺគាត់ស្គាល់សៀវភៅ ចេះកាន់ខ្មៅដៃ គាត់ស្គាល់អក្សរមួយចំនួន គាត់ចេះរាប់លេខបានខ្លះៗ ហើយគាត់ចេះលេងជាមួយមិត្តភ័ក្តិដោយមិនបង្កជម្លោះនិងចេះរៀនសូត្រពីគ្នា។”

អ្នកស្រីបានបន្ថែមទៀតថា “ចំណែកឪពុកម្តាយនិងអាណាព្យាបាលកុមារ ដែលបានចូលរួមក្នុងកម្មវិធីនេះវិញ គាត់សប្បាយចិត្តដោយបានរៀនបច្ចេកទេសបង្រៀនកូនល្អៗ ដូចជាគាត់ចេះនិយាយពន្យល់កូនច្រៀងឲ្យកូនស្តាប់បង្រៀនកូនរាប់លេខ និងអានអក្សរដែលទាំងអស់នេះ សុទ្ធតែគាំទ្រនិងលើកកម្ពស់ការអភិវឌ្ឍប្រាជ្ញាស្មារតីរបស់កុមារ។”

មូលនិធិព្រូដិនស៍ដែលជាមូលនិធិអភិវឌ្ឍសហគមន៍នៃក្រុមហ៊ុនព្រូដិនសល ក្នុងតំបន់អាស៊ីបាននិងកំពុងឧបត្ថម្ភការអនុវត្តកម្មវិធីនេះ ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ អង្គការ Save the Children គឺជាអ្នកអនុវត្តកម្មវិធីនេះក្រោមភាពជាដៃគូជាមួយក្រសួងអប់រំយុវជន និងកីឡាអង្គការស៊ីប៉ាអង្គការវឌ្ឍនភាពមន្ទីរអប់រំខេត្តនិងអាជ្ញាធរមូលដ្ឋានក្នុងខេត្តគោលដៅចំនួនបួន គឺកំពង់ចាមត្បូងឃ្មុំក្រចេះនិងព្រៃវែង។

បន្ថែមពីនេះកម្មវិធី “អំណានដំបូង” បានផ្តល់ការបណ្តុះបណ្តាលដល់លោកគ្រូ-អ្នកគ្រូមត្តេយ្យមន្ត្រីកិច្ចការនារីឃុំព្រមទាំងឪពុកម្តាយនិងអាណាព្យាបាលកុមារអំពីការអប់រំកុមារតូចតាមផ្ទះ។បន្ទាប់ពីការអនុវត្តកម្មវិធីបានបីឆ្នាំដំបូង៨០ភាគរនៃឪពុកម្តាយនិងអាណាព្យាបាលកុមារដែលចូលរួមក្នុងកម្មវិធី “អំណានដំបូង” បានរាយការណ៍ថា ពួកគាត់បានបង្រៀនអក្សរនិងលេខដល់កូនៗរបស់ពួកគាត់នៅផ្ទះហើយ៦១ភាគរយនៃឪពុកម្តាយដែលមានកូនអាយុពី៣ទៅ៦ឆ្នាំបានបញ្ជាក់ថាគាត់បានអានសៀវភៅឱ្យកូនស្តាប់ជាប្រចាំ។ មូលនិធិព្រូដិនស៍ និងអង្គការ Save the Children រំពឹងថា កម្មវិធី “អំណានដំបូង” នេះ នឹងជួយអភិវឌ្ឍប្រាជ្ញាស្មារតីរាងកាយ និងអារម្មណ៍ ដល់កុមារតូចៗនៅកម្ពុជា និងធានាថា ពួកគាត់ត្រៀមខ្លួនរួចរាល់ដើម្បីចាប់យកចំណេះដឹងនិងកសាងអនាគតភ្លឺស្វាង៕ វឌ្ឍនា


ចែករំលែក៖