ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេគយខេត្តកំពតជិះសេះលែងដៃ

ចែករំលែក៖

មកដល់ពេលនេះ​អំពើពុករលួយ​របស់លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ក្នុងការ​បើកដៃ​ឲ្យ ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ព្រែក​ចាក ច្រក​តន់​ហន់ និង​តាម​ដែនសមុទ្រ​យ៉ាង​ពេញបន្ទុក គឺជា​រឿង​មិនអាច​បិទបាំង​បាន​តទៅ​ទៀតឡើយ​។ ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​មេ​គយ​ខេត្តកំពត គឺ​លោក ហេង សំបូរ បាន​សាង​ភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​ជុំវិញ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​តន់​ហន់ ច្រក​ព្រែក​ចាក និង​តាម​ច្រក​ដែនសមុទ្រ ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​។

រឿងរ៉ាវ​ពុករលួយ​របស់លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ត្រូវបាន​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​នេះ​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ បានដឹង​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ដោយហេតុថា លោក ហេង សំបូរ បន្ទាប់ពី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តកំពត ក៏មាន​ឈ្មោះ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមមន្ត្រី​គយ​តូចតាច​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បង្ហើប​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​គយ​ធំៗ​នៅ​ខាងលើ​ទេនោះ​គឺ​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។

​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​លោក ហេង សំបូរ ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តកំពត កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ ២០១៦ រហូតមក​គឺ​ឈ្មួញ​ធំៗ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​លោក ហេង សំបូរ តែម្តង​។ ប្រការនេះ​បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ៕

 


ចែករំលែក៖