ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជាលោកស្រី Eva Nguyen Bing ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក កែវ រ៉េមី ប្រធានគណៈ កម្មាធិការសិទ្ធិ មនុស្សកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Eva Nguyen Bing ដែលជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជា លោក កែវ រ៉េមី ប្រធានគណៈ កម្មាធិការសិទ្ធិ មនុស្សកម្ពុជា បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតបារាំង អំពីវឌ្ឍនៈភាពថ្មីៗក្នុងកិច្ចការ សិទ្ធិមនុស្ស នៅកម្ពុជា រួមមានការលើកកំពស់សិទ្ធិស្ត្រី កុមារ និងកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា និងអង្គការសង្គមស៊ីវិល។ល។

អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ឌឹម សុវណ្ណារុំ បន្ទាប់ពីចប់ជំនួបនេះ បានជម្រាប ជូនអ្នកសារព័ត៌មានថា លោក កែវ រ៉េមី បានលើកឡើងនូវចំណុចសំខាន់ៗ ជុំវិញវឌ្ឍនៈភាព នៃសិទ្ធិមនុស្ស នៅកម្ពុជាដូចជាការលើកកំពស់សិទ្ធិស្រ្តី គឺដោយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានជម្រុញឱ្យ ស្រ្តីទទួលតំណែងជាអភិបាលខេត្ត រហូតទៅដល់ឧបនាយរដ្ឋមន្រ្តី និងត្រូវបានលើកកំពស់នៅតាមស្ថាប័នរដ្ឋជាច្រើន ជាពិសេសស្រ្តី និងនិស្សិតស្រីៗមានឱកាសរៀនសូត្រនៅគ្រប់កម្រិត។

លោកបន្តថា ការលើកកំពស់សិទ្ធិស្រ្តីនេះដែរ គឺរាជរដ្ឋាភិបាលបានរៀបចំឱ្យមានជា ហេដ្ឋារចនាសម្ព័ន្ធអប់រំ កាន់តែប្រសើរឡើង ដោយសាលារៀននៅនឹងកាំជណ្តើរ របស់ប្រជាជនតែម្តង ដូច្នេះសិស្សស្រ្តីអាចមាន ឱកាសចូលរៀនបានកាន់តែច្រើន។ ពាក់ព័ន្ធទៅនឹងសិទ្ធិផ្សេងទៀតដូចជា សិទ្ធិទារក និងមាតា លោក កែវ រ៉េមី បានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាល បានធ្វើកិច្ចការរបស់ ខ្លួនបានកាន់តែល្អប្រសើរឡើង ដោយកាត់ បន្ថយអត្រាស្លាប់ និងគ្រោះថ្នាក់របស់មាតា និងទារក ឱ្យថយចុះគួរឱ្យកត់សម្គាល់។ ចំណែកឯសិទ្ធិរបស់ជន ជាតិភាគតិចវិញ គឺរដ្ឋាភិបាលបានសម្រួល នូវហេដ្ឋារចនាសម្ព័ន្ធ តំរូវសម្រាប់ជនជាតិដើមភាគតិច កាន់តែ ច្រើនឡើង។

លោក ឌឹម សុវណ្ណារុំ បានបន្តថា នៅក្នុងជំនួបពិភាក្សាការងារនេះដែរ លោកស្រីឯកអគ្គរដ្ឋទូតបារាំង បានសួរទៅកាន់លោក កែវ រ៉េមី ចំនួន២សំណួរ ទី១-ពាក់ព័ន្ធទៅនឹងបណ្តឹង តើគណៈកម្មាធិការសិទ្ធិ មនុស្សបានធ្វើអ្វីខ្លះពាក់ព័ន្ធទៅនឹង ពាក្យបណ្តឹងនានាដែលគេប្តឹងមកគណៈកម្មាធិការសិទ្ធិ មនុស្ស កន្លងមក? លោក កែវ រ៉េមី បានឆ្លើយតបថា រហូតមកដល់ថ្ងៃនេះ គណៈកម្មាការសិទ្ធិមនុស្ស បានទទួល ពាក្យ បណ្តឹងរហូតទៅដល់២១ពាក្យបណ្តឹង ហើយបន្ទាប់ពីទទួលពាក្យបណ្តឹង គណៈកម្មាធិការ សិទ្ធិ មនុស្សកម្ពុជា បានធ្វើការសិក្សា ស្រាវជ្រាវ ថាតើពាក្យបណ្តឹងនោះ ពាក់ព័ន្ធនិងសិទ្ធមនុស្ស ឬជាបញ្ហា សិទ្ធិ បុគ្គល ឬពាក់ព័ន្ធនឹងរឿងអ្វីផ្សេង? គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានក្រុមការងារ ចុះស៊ើបអង្កេត លើបណ្តឹងទាំងនោះ និងមានជំនួយខាងផ្នែកច្បាប់ ដើម្បីជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែល មានកង្វល់ហើយស្នើសុំបណ្តឹងមកខាងគណៈកម្មាធិការ។ សំនួរទី២របស់លោកស្រីឯកអគ្គរដ្ឋទូត គឺពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិកាសិទ្ធិ មនុស្សកម្ពុជា និងអង្គការសង្គមស៊ីវិល ដែលគេធ្វើ ការងារជុំវិញកិច្ចការសិទ្ធិមនុស្ស។

ជាការឆ្លើយតប គឺលោក កែវ រ៉េមី បានជម្រាបទៅកាន់ លោកស្រីថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តែងតែលើកទឹកចិត្តឱ្យមានការចូលរួម រវាងគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល។ ជាក់ស្តែងកន្លងមក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើសកម្មភាព ជាប្រក្រតី ជាមួយអង្គការធ្វើការងារផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។

លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងថា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តែងតែចូលរួមក្នុង សិក្ខា សាលា និងកិច្ចពិភាក្សា ពាក់ព័ន្ធនឹង ការងារសិទ្ធិមនុស្ស របស់អង្គការសង្គមស៊ីវិល រួមទាំងបាន បញ្ជូនក្រុម ជំនាញ ដែលជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្ស ធ្វើជាវាគ្មិន នៅក្នុងសិក្ខាសាលា ផ្សេងៗទៀត ដើម្បីផ្លាស់ប្តូរយោបល់ និងលើកឡើងអំពីការដែលបាននិងកំពុងធ្វើការពាក់ព័ន្ធ និងសិទ្ធិមនុស្ស។

ជាមួយ គ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានត្រៀមសហការរៀបចំ ទិវាសិទ្ធិមនុស្ស ១០ធ្នូ ឆ្នាំ២០១៧ ដែលសហការជាមួយសាលា រាជធានីភ្នំពេញ និងសហការជាមួយដៃគូរពាក់ព័ន្ធ ដើម្បីអបអរសាទរនិង លើកកំពស់ សិទ្ធិមនុស្ស នៅកម្ពុជា។

នៅក្នុងជំនួបនេះដែរ លោក កែវ រ៉េមី លើកឡើងថា ក្រោយពីការបោះឆ្នោត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ យើង សង្កេតឃើញថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនឹងយុត្តធម៌ គ្មានការគំរាមគំហែង ហើយអ្នក ចូលរួមបោះឆ្នោតក៏មានចំនួនច្រើនផងដែរ។

លើសពីនេះទៀត ក៏មានការចូលរួមប្រកួតប្រជែង ពីគណបក្ស នយោបាយជាច្រើន ដែលបង្ហាញពីដំណើរការប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា។ លោកបន្ថែមថា ការងារ បន្តរបស់គណៈកម្មាធិការសិទ្ធិកម្ពុជា គឺធ្វើយ៉ាងម៉េចបន្តនាធាឱ្យមាន សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាទិសដៅរបស់រាជរដ្ឋាភិបាល ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ត្រូវដំណើរការការងាររបស់ ខ្លួននៅក្នុងបរិបទនេះផងដែរ។

លោក កែវ រ៉េមី បានលើកឡើងថា នៅកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់ បើទោះបីជាប្រទេសកម្ពុជា តូច និងមានប្រជាជនប្រមាណតែ ១៥លាននាក់ក៏ដោយ ក៏សារព័ត៌មាននៅកម្ពុជា មានរហូតដល់ទៅ៨០០ ក្នុងនោះទូរទស្សន៍មាន ២២, វិទ្យុមាន៣៣០ និងមានសមាគមអ្នកសារព័ត៌មាន រហូតដល់ទៅ៣៨ឯណោះ។ លោកបន្តថា កន្លងមកនេះ កាសែត Cambodia Daily, កាសែតភ្នំពេញប៉ុស្តិ៍ ទាំងអ្នកនិពន្ធផ្ទាល់ខ្លួនឯង ក៏ធ្លាប់បាននិយាយដែរថា សេរីភាពបញ្ចេញមតិនៅកម្ពុជាមានទំហំធំធេងជាង The New York Times នៅ New York និង វាស៊ីនតោន ប៉ុស្តិ៍ នៅវាស៊ីនតោន ទៅទៀត ហើយទោះបីពេលខ្លះមានការសរសេរ វាយ ប្រហារ មកលើរដ្ឋាភិបាលក៏រដ្ឋាភិបាល មិនដែលចាត់ទោសអូសដំណើរអ្វីដែរ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា អង្កការក្រៅរដ្ឋាភិបាលពីមុនមក តែងតែ រារែកក្នុងការសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប៉ុន្តែនៅពេលដែលលោក កែវ រ៉េមី បានធ្វើ ការលើកទឹកចិត្ត ជំរុញឱ្យមានការសហការរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលនោះ បច្ចុប្បន្នេះមានការ ផ្លាស់ប្តូរច្រើនជាងមុន ដោយមានការកិច្ចសហប្រតិបត្តិការ និងឆ្លើយតបជាវិជ្ជមានពីអង្គការសង្គមស៊ីវិល ទាំងក្នុង និងក្រៅរដ្ឋាភិបាល បានល្អប្រសើរជាមុន។

គួរបញ្ជាក់ថា ជំនួបនេះធ្វើឡើង ក្នុងគោលបំណងស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងស្វែងយល់ពីសកម្មភាពការងារ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងពិនិត្យមើល អំពីកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតបារាំង និងគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូតក៏ចង់ស្វែងយល់ផងដែរថា តើស្ថានទូតបារាំង និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អាចសហការគ្នាយ៉ាងដូចម្តេច ក្នុងការអបអរសាទរទិវាសិទ្ធិមនុស្សដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ៕ ហេង សូរិយា


ចែករំលែក៖