ព័ត៌មានទាន់ហេតុការណ៍៖

ផែនការណែនាំស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាបុណ្យប្រពៃណី ជាតិខ្មែរយើង ដែលតែងតែប្រារព្ធធ្វើតាំងពីបរមបុរាណយូរលង់ ណាស់មកហើយ។

ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក នឹង ប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥កើត និង ថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២-៣-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមដង ទន្លេ សាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសដល់ពលរដ្ឋមកចូលរួមកម្សាន្តសប្បាយ រីករាយអបអរសាទរបុណ្យប្រពៃណីជាតិ ដោយមានបណ្តែតប្រទីបអុជកាំជ្រួច និង មានសម្តែងសិល្បៈទាំង៣ថ្ងៃជូនបងប្អូន ទស្សនាកម្សាន្ត។

ដើម្បីរៀបចំព្រះរាជពិធីបុណ្យនេះឱ្យបានមហោឡារិក ស្របទៅតាមប្រពៃណី ជាតិ និងសភាពការណ៍សេដ្ឋកិច្ចជាក់ស្តែង របស់ប្រទេសជាតិផង និងធានាសុវត្ថិភាព ការសប្បាយ រីករាយផងនោះ គណៈ កម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលចុះហត្ថលេខាដោយសម្តេចចៅ ហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល កាលពីដើមខែកញ្ញាកន្លងទៅថ្មីៗ នេះ សូមណែនាំដូចតទៅ៖

១.រាជធានី និងគ្រប់ខេត្ត ត្រូវការណែនាំ ដល់មូលដ្ឋាន ដែលមានទូកង ទូកអុំ និងទូកចែវ ដោយស្ម័គ្រចិត្តឥតបង្ខំ ឱ្យធ្វើ ការហ្វឹកហាត់សាកល្បង និងជ្រើសរើស ទូកណា ដែលមានចំណុះពី ១៨ខ្ទង់ឡើង ទៅហើយជាប្រភេទទូក ដែលមានល្បឿន លឿន និងមានលក្ខណៈសមស្រប។ ក្រោយការសាកល្បងនិងជ្រើសរើស រាជធានី និងខេត្ត ត្រូវធ្វើចំណាត់ ថ្នាក់ តាមលំដាប់លំដោយប្រភេទទូកលឿន ទូកមធ្យម និងទូកគូពិសេសដើម្បីងាយ ស្រួល ដល់គណៈប្រយោគផ្គូផ្គងរវាងទូកនីមួយៗ ។

២.ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រាជធានី និងគ្រប់ខេត្ត ត្រូវចាត់ តាំង ធ្វើប្រវត្តិសង្ខេបរបស់ទូកនីមួយៗ និងបញ្ជីរាយនាមអ្នកអុំ អ្នកចែវ ឱ្យបាន ច្បាស់លាស់ដោយ ត្រូវជ្រើសរើសអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែល ទឹកស្ទាត់ជំនាញ ហើយផ្ញើមកអគ្គលេខា ធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិឱ្យបានមុន ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ជាកំណត់។ ទូកទាំងឡាយនឹងអាចចាត់តាំងចូលរួមបាន លុះ ត្រាតែបានទទួលការឯកភាពពីអាជ្ញាធរ មូលដ្ឋានសាមី តាមរយៈឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី និងខេត្ត ឬថ្នាក់ដឹក នាំក្រសួង រដ្ឋលេខាធិការដ្ឋានស្ថាប័ន អង្គភាព។

ត្រូវចាត់តាំង អនុគណៈកម្មការមួយមានសមត្ថភាពទទួលខុសត្រូវលើការគ្រប់គ្រងទូក និងប្រទីប ហើយត្រូវធ្វើការណែនាំ អប់រំបំពាក់បំប៉នដល់អ្នកអុំ និងអ្នកចែវទាំងអស់ឱ្យយល់ពីខ្លឹមសារនៃព្រះរាជពិធីបុណ្យ អុំទូក ដែលជាបុណ្យប្រពៃណីជាតិ ចៀង វាងការប្រទូសរ៉ាយគ្នាទៅវិញទៅមក ដោយ ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ការសប្បាយ រីករាយ និងភាពថ្លៃថ្នូរ ស័ក្តិសមជាអ្នក ស្រឡាញ់កីឡាប្រណាំងទូក និងរក្សាបានប្រពៃណីជាតិពិតប្រាកដ។

ត្រូវម្ចាស់ការខិតខំដោះស្រាយផ្ទាល់ ខ្លួនខោ អាវ មួកសញ្ញាប្រចាំមូលដ្ឋាន និងអង្គភាព និងដោះស្រាយ ម្ហូបអាហារ រយៈពេល៥ថ្ងៃ ព្រមទាំងគ្រប់មធ្យោបាយធ្វើដំណើរទៅមក។ គណៈកម្មាធិការ រៀបចំបុណ្យជាតិ-អន្តរជាតិ នឹងជួយ ឧបត្ថម្ភតែទីស្នាក់អាស្រ័យ រង្វាន់ជូនដល់ ទូកទទួលជ័យលាភី និងរង្វាន់លើកទឹកចិត្តសម្រាប់សង្កត់ក្បាលទូកតែប៉ុណ្ណោះ ។ ត្រូវតុបតែង លម្អទង់ជាតិ ទង់ក្អែប បដាពាក្យ ស្លោក អាហ្វីស ប៉ាណូ និងបំភ្លឺភ្លើងពណ៌ តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រាជធានី ខេត្ត មន្ទីរ អង្គភាព សាលារៀន វត្តអារាម អគារ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រោងចក្រសហគ្រាសតាមសួនច្បារ ទីសាធារណៈ និងលំនៅឋាន ប្រជារាស្ត្រ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៧។

៣.ទូកនីមួយៗត្រូវលាបលន និងតុបតែងលម្អក្បាច់រចនាឱ្យបានល្អប្រណីតតាម រចនាប័ទ្មខ្មែរពិតប្រាកដ។ រីឯអ្នកអុំ និងអ្នក ចែវត្រូវមានសម្លៀកបំពាក់សមរម្យជាឯក សណ្ឋាន តាមប្រពៃណីកីឡា។ ហាម ស្លៀកក្រមា ពាក់អាវវាលក្លៀក ឬលែង ខ្លួនទទេ ដែលពុំមែនជា លក្ខណសម្បត្តិ របស់កីឡាករប្រកបដោយសេចក្តីថ្លៃថ្នូរ។ អនុគណៈកម្មការវប្បធម៌ ទំនៀមទម្លាប់ និងសោភណភាព នឹងធ្វើចំណាត់ថ្នាក់ផ្តល់ រង្វាន់ជ័យលាភីផ្នែកខាងសោភណភាព របស់ទូក និងសម្លៀកបំពាក់របស់កីឡាករ កីឡាការិនី។

៤.ទោះចាញ់ ឬឈ្នះ សូមទូកទាំងអស់ដាច់ខាតត្រូវចូលរួមក្នុងពិធីកាត់ព្រ័ត្រ ដើម្បី សម្តែងអំណរសាទរលទ្ធផលនៃការបញ្ចប់ដោយជោគជ័យនូវព្រះរាជពិធីបុណ្យអុំទូកជា ប្រពៃណីជាតិ ។ រូបភាពនៃការ រៀបចំពិធីកាត់ព្រ័ត្រ នឹងត្រូវកំណត់ជាក់លាក់នៅក្នុងបទបញ្ជាផ្ទៃក្នុងមួយដោយ ឡែក ។

៥.ចំនួនប្រទីបរបស់រដ្ឋ ដែលនឹងត្រូវបណ្តែតអបអរសាទរក្នុងព្រះរាជពិធីបុណ្យនេះ មានចំនួន១៤គឺ៖ ១.ប្រទីបព្រះបរម​រាជវាំង, ២.ប្រទីបព្រឹទ្ធសភា, ៣.ប្រទីប​រដ្ឋសភា, ៤.ប្រទីបរាជរដ្ឋាភិបាល, ៥.ប្រទីប ក្រសួងយុត្តិធម៌, ៦.ប្រទីបក្រសួងការ ពារជាតិ, ៧.ប្រទីបក្រសួងមហាផ្ទៃ, ៨.ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ៩.ប្រទីបក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ១០.ប្រទីបក្រសួងពាណិជ្ជកម្ម, ១១.ប្រទីប ក្រសួងទេសចរណ៍, ១២.ប្រទីបក្រសួងរ៉ែ និងថាមពល, ១៣.ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង១៤.ប្រទីបសាលា រាជធានីភ្នំពេញ។

ស្ថាប័នដែលមានប្រទីប ត្រូវលើក គម្រោងថវិកាចំណាយគំនូសរូបភាពប្រទីប និងបទ អត្ថាធិប្បាយរបស់ប្រទីបនីមួយៗផ្ញើមកអគ្គលេខាធិការដ្ឋានគណៈកម្មា ធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ឱ្យបានមុនថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។ ក្រសួង ស្ថាប័ន អាជ្ញាធរ ដែលមានលទ្ធភាព សម្ភារ ថវិកា ធ្វើប្រទីបដោយផ្ទាល់ខ្លួនបាន និងក្រុមហ៊ុនឯកជន ដែលមានបំណងចង់ ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនអាចនឹង រៀបចំធ្វើប្រទីបចូលរូមអបអរសាទរបាន តែសូមផ្តល់រូបគំនូសប្រទីប និងត្រូវដាក់ ពាក្យស្នើសុំមកអគ្គលេខាធិការដ្ឋាន គណៈ កម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ពិនិត្យជាមុន។

៦.ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ចាត់តាំង កម្មវិធីសិល្បៈសម្តែងជូនប្រជា រាស្រ្ត ទស្សនាកម្សាន្តសប្បាយនៅរមណីយដ្ឋានវត្តភ្នំ និងតំបន់ អភិវឌ្ឍន៍ជ្រោយ ចង្វា (OCIC) ស្របតាមកម្មវិធីកំណត់ ជាក់ស្តែង។

ក្រុមហ៊ុន និងសប្បុរសជន ដែលមានបំណងចង់ជួយឧបត្ថម្ភជាសម្ភារថវិកា ដើម្បី បម្រើការរៀបចំ ព្រះរាជពិធីបុណ្យ និងជូន ជារង្វាន់ដល់កីឡាករ កីឡាការិនីអុំទូកក្នុងស្មារតីចូលរួមចំណែកជួយថែរក្សាប្រពៃណីជាតិដ៏ល្អនេះអាចជួយឧបត្ថម្ភតាមសទ្ធា ជ្រះថ្លា។

ទទួលបានផែនការណែនាំនេះ គ្រប់ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រាជធានី និងគ្រប់ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយ និងអនុវត្តន៍ដោយគំនិតច្នៃប្រឌិត ក្នុងស្មារតីសន្សំសំចៃខ្ពស់ធានាទាន់ពេលវេលា និង ទទួលបានលទ្ធផលល្អស្របតាមគោល បំណង និងសំណូមពររបស់រាជរដ្ឋាភិ បាល ។

គណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្តរជាតិ សង្ឃឹម និងជឿជាក់ថា ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គ ភាព រាជធានី និងគ្រប់ខេត្តនឹងចូលរួមយ៉ាងសកម្មដើម្បីធ្វើឱ្យ ព្រះរាជពិធីបុណ្យជា ប្រពៃណីជាតិនេះ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងធានាបាននូវសុវត្ថិភាពល្អប្រសើរ ៕ សហការី


ចែករំលែក៖