កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃលោកPrawitwongsuwanបានច្រានចោលព័ត៌មានថា កម្លាំងទាហានបានត្រៀមលក្ខណបង្កើតគណបក្សនយោបាយ ដើម្បីគាំទ្រដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនាពេលខាងមុខ។
កន្លងមក នៅក្នុងជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ កាលពីដើមខែតុលា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ថៃនឹងរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៨ ដើម្បីបង្កើតរដ្ឋាភិបាលស៊ីវិល ក្រោយការដឹកនាំមួយរយៈរបស់រដ្ឋាភិបាលយោធា។
បើទោះបីច្រានចោលព័ត៌មានចរចាមអារាម ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិបានលើកឡើងថា អាចនឹងមានគណបក្សរបស់យោធានាពេលអនាគត។ លោកPrawitwongsuwanបានបញ្ជាក់ថា «មកទល់ពេលនេះ យើងមិនទាន់មានហេតុផលណាមួយ ដែលត្រូវបង្កើតគណបក្សនយោបាយ ដោយសារតែយោធាមិនអាចចូលរួមនៅក្នុងនយោបាយឡើយ។ ប៉ុន្តែនៅពេលអនាគត អាចនឹងមានគណបក្សតំណាងឲ្យយោធា ប្រសិនបើស្ថានភាពផ្លាស់ប្តូរ និងការចាំបាច់»។
តាំងពីដើមមកយោធានៅក្នុងប្រទេសថៃតែងតែលូកដៃចូលក្នុងឆាកនយោបាយ ក្រោយពេលដែលមានវិបត្តិដោះស្រាយមិនចេញ។ យោធាថៃបានចូលរួមធ្វើរដ្ឋប្រហារ ទម្លាក់នាយករដ្ឋមន្ត្រីជាច្រើនលើកនាពេលកន្លងមក ហើយការធ្វើរដ្ឋប្រហារយោធា ដែលចាប់អារម្មណ៍បំផុតនោះគឺ រដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាមេដឹកនាំដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសថៃ ដោយមានការគាំទ្រខ្ពស់ពីពលរដ្ឋ។
នៅពេលនេះ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ត្រូវបានកាត់ទោសជាប់ពន្ធនាគា៥ឆ្នាំ ហើយលោកស្រីបានភៀសខ្លួនចេញទៅក្រៅប្រទេស។ កន្លងមកថ្មីៗ ក្រសួងការបរទេសថៃ បានសម្រេចលុបចោលលិខិតឆ្លងដែន ចំនួន៤របស់លោកស្រី យីងឡាក់ ក្នុងនោះមានលិខិតឆ្លងដែន២ ជាលិខិតមន្ត្រីរាជ្យការ និងលិខិត២ទៀតរបស់ស៊ីវិល៕ ម៉ែវ សាធី