ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធី៨០៤នាក់ទទួលវិញ្ញាបនបត្រភាសាអង់គ្លេសLevel12

ចែករំលែក៖

ភ្នំពេញ៖ ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ សា​លា ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ប្រា​រព្ធ​​ពិ​ធី​ប្រ​គល់​វិ​ញ្ញា​បន​បត្រ​ជូនដល់​សិស្ស​ ភា​សា​អង់​គ្លេស​ទូ​ទៅ Level12 ជំនាន់ទី៤១ ដល់ទី៤៤ ចំ​នួន ៨០៤នាក់ នៅ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិទី១​ (សាខាទួល​ស្លែង)​ ក្រោម​អ​ធិប​តី​ភាព​ដ៏ខ្ពង់ខ្ពស់របស់ ​លោក លី ឆេង​ អគ្គ​នា​យក​ ប៊ែល​ធី ​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ និង​លោកស្រី​ ។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថា៖​ បច្ចុប្បន្ននេះ សាលា ប៊ែលធី​ អន្តរជាតិ មាន២១ សាខា​​ ក្នុងនោះ ១៨សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៣៥.០៨២នាក់ ដោយឡែកសិស្សភាសាអង់គ្លេស Level​12 ដែលបានប្រឡងបញ្ចប់ទាំង ៤៤ជំនាន់ មានចំនួន ៥.​ ៤៧៣នាក់។ សាលា ក៏បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និង ភាសាអង់គ្លេស រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែង ទេពកោសល្យ​ និងទី៨.កម្មវិធីកីឡាហើយក្នុងឆ្នាំសិក្សានេះ សាលាកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម(STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។

លោក លី ឆេង ក៏បានបន្ថែមទៀតថា ដោយមានការសំណូមពរពីមាតាបិតា អាណាព្យាបាល និងសិស្ស-និស្សិត ក្នុងឆ្នាំ២០១៧​នេះ សាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិបានបើកកម្មវិធីសិក្សាជាភាសាជាតិ បន្ថែមលើកម្មវិធីសិក្សាអន្តរជាតិដែលមានស្រាប់ ដោយបង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ១ឆ្នាំដោយឥតគិតថ្លៃ ដើម្បីបំពេញសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សា ០៥ ធំៗ ដូចជា៖ ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរៀន ១ឆ្នាំ ២ដងគឺ ខែតុលា និងខែមីនា ដោយសិក្សាលើមុខជំនាញសំខាន់ៗ ដែលស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត ស្របតាម​សម្ព័ន្ធអប់​រំ​អា​ស៊ាន​ “​ជំ​នាញ​អ​នា​គត​ សម្រាប់​អា​ជីព​អ​នា​គត​”​។

លោក​ ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួយៗ​ សិស្ស​ជ័យ​លា​ភី​ឲ្យ​ខិត​ខំយកចិត្តទុកដាក់​បន្ត​ការ​សិក្សា​បន្ថែម​ទៀត​នៅ​ថ្នាក់​ឧត្តម​សិក្សា​ដើម្បី​បង្កើន​ចំ​ណេះដឹង​របស់​ខ្លួន ​ដណ្តើម​ទី​ផ្សារ​ការ​ងារ​ជាតិ​ និង​អន្តរ​ជាតិ​ ព្រម​ទាំង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។ បន្ទាប់​មក ​លោក ​ប្រ​ធាន​គណៈ​អ​ធិប​តី​ ក៏​បាន​ចូល​រួម​អប​អរ​សា​ទរ​ និង​ប្រ​គល់​វិញ្ញាបនបត្រដល់​សិស្ស​ជ័យ​លាភី​ទាំង​ ៨០៤​នាក់​ នា​ពេល​នោះ​ផង​ដែរ​៕ ស រស្មី


ចែករំលែក៖