សារព័ត៌មាន AP បានផ្សាយថា ព្រះ រាជទស្សនកិច្ចរបស់សម្តេចប៉ាប ហ្វ្រង់សុីសទៅកាន់ប្រទេសមីយ៉ាន់ម៉ាកើតឡើងចំពេលដែល មានការប៉ះទង្គិចគ្នា ជាទ្រង់ទ្រាយធំ រវាងក្រុមឧទ្ទាម នឹងទាហានរដ្ឋាភិបាលនៅ រដ្ឋរ៉ាឃីន បណ្តាលឲ្យពលរដ្ឋជាង ៦សែន នាក់ ជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាត្រូវភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែស និងប្រទេសជិតខាងផ្សេងទៀត ក្នុងរយៈ ពេល៣ខែចុងក្រោយនេះ។
សម្តេចប៉ាប កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានយាងទៅដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចាប់ផ្តើមព្រះរាជទស្សនកិច្ចរយៈពេល៤ថ្ងៃ ដោយជួបពិភាក្សាជាមួយ ប្រមុខដឹកនាំ មីយ៉ាន់ម៉ា ក្នុងនោះមានលោកស្រី អ៊ុង សាន ស៊ូជី និង ជួបពិភាក្សាជាមួយ មេ បញ្ជាការកងទ័ពប្រទេសនេះលោក Min Aung Hlaing ។
នេះជាព្រះរាជដំណើរទស្សនកិច្ច យ៉ាងកម្រទៅកាន់ប្រទេសដែលមានអ្នកកាន់សាសនាគ្រិស្តតិចបំផុត ដោយមាន ប្រមាណ ជិត៧សែននាក់ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋមីយ៉ាន់ម៉ាបានជាង៥១លាននាក់។ សាសនិកគ្រិស្ត ប្រមាណ២សែននាក់ មកពីគ្រប់ទិសទីក្នុងប្រទេសមីយ៉ាន់ម៉ា មកកាន់ ទីក្រុងYangon ដើម្បីស្វាគមន៍សម្តេច ប៉ាប។ កម្លាំងទាហានមីយ៉ាន់ម៉ា បានបញ្ជាក់ ថា យុទ្ធនាការយោធានៅក្នុងរដ្ឋរ៉ាឃីនគឺ ជាការឆ្លើយតបទៅនឹងសកម្មភាព វាយ ប្រហាររបស់ក្រុមភេរវកម្មទៅលើទីតាំង របស់កម្លាំងប៉ូលិស មីយ៉ាន់ម៉ាកាលពីខែ សីហាកន្លងមក។
ព្រះរាជដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបធ្វើឡើង ក្នុងពេលដែលមីយ៉ាន់ម៉ា និងបង់ក្លាដែស បានចុះកិច្ចព្រមព្រៀង ឲ្យពលរដ្ឋភៀសខ្លួនជនជាតិរ៉ូហីុងយ៉ាវិល ត្រឡប់មកកាន់កន្លែងដើមវិញនៅក្នុងរដ្ឋ រ៉ាឃីន។
ព្រះរាជដំណើរទស្សនកិច្ចខាងលើរបស់សម្តេចប៉ាប ធ្វើឲ្យមនុស្សជាច្រើន មានការងឿងឆ្ងល់ថាហេតុអ្វីបានជាព្រះរាជជ្រើសរើសរកប្រទេសដែលកាន់សាសនាព្រះពុទ្ធជាង ៩០ភាគរយ និងកាន់សាសនាគ្រិស្ត តែជាង១ភាគរយប៉ុណ្ណោះ។
សម្តេចប៉ាបហ្វ្រង់សុីស បានប្រកាន់ ជំហរ ជាសម្តេចប៉ាបរបស់អ្នកក្រ ជាវិហារ កាតូលិករបស់ជនក្រីក្រ តូចតាច របស់ជនជាតិភាគតិចត្រដររស់ប្រឈមនឹងអំណាចរបស់អ្នកភាគច្រើនអ្នកមានអំណាចព្រះ អង្គបានតាំងខ្លួនជាតំណាងសន្តិភាព ជាអ្នក បង្រួបបង្រួមអន្តរសាសនា។ ដូច្នេះហើយទើបព្រះអង្គជ្រើសរើសយាងមកប្រទេសអាស៊ីដែរ ពោលគឺមីយ៉ាន់ម៉ានិងបង់ក្លាដែសតែម្តង ដែលជាប្រទេសក្រីក្របំផុតជាងគេមួយផង ហើយសាសនាកាតូលិកជាតំណាងសាសនាភាគតិចមែនទែន និងហើយជាចៃ ដន្យ ប្រទេសទាំងពីរកំពុងតែមានវិបត្តិអន្តរជាតិសាសន៍ នឹងគ្នាស្រាប់ទៀត។
ខាងមីយ៉ាន់ម៉ាវិញ ការណ៍ដែលសុខ ចិត្តទទួលសម្តេចប៉ាប ក៏ព្រោះតែដំណើរ ទស្សនកិច្ចនេះ ត្រូវបានគ្រោងរៀបចំនៅពេលលោកស្រីអ៊ុងសាន ស៊ូជី បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់។ នៅ ពេលនោះ លោកស្រីនៅមានការគោរពកោតក្រែងក្នុងនាមជាជ័យលាភីណូបែលសន្តិភាព នាមជាព្រះគ្មានប្រកាន់សាស នាឡើយ ទោះជាពេលមុនមានប្រតិបត្តិការកម្ចាត់ពួកឧទ្ទាមរ៉ូហ៊ីងយ៉ា ដែលអង្គការ សហប្រជាជាតិចោទថាជាការបោសសម្អាតជាតិពិន្ធុ និងដែលសម្តេចប៉ាបផ្ទាល់ក៏បានធ្វើការរិះគន់ចំៗ ពីបុរីវ៉ាទីកង់តែម្តង ឱ្យនាំ គ្នាសូត្រធម៌ឧទ្ទិសដល់ “បងប្អូន” រ៉ូហ៊ីង យ៉ា។
នៅថ្ងៃនេះ គ្រាន់តែបានយាងទៅ មីយ៉ាន់ម៉ាភ្លាម សម្តេចប៉ាបក៏បានយាង ចូលជួបលោក មិន អូន ហាស់ឡាំង Min Aung Hlaing ប្រមុខយោធាមីយ៉ាន់ម៉ា ដែលក្រុមអង្គការសិទ្ធិមនុស្សចោទថាអ្នកទទួលខុសត្រូវធំ ក្នុងយុទ្ធនាការបោស សម្អាតបង្ក្រាបពួកឧទ្ទាមរ៉ូហ៊ីងយ៉ា។ ជា កម្មវិធីបន្ថែមក្រោយគេមែន ប៉ុន្តែសម្តេច បានជ្រើសរើសជួប ឥស្សរជនយោធា រូបនេះ មុនជំនួបជាមួយលោកស្រី អ៊ុង សាន ស៊ូជីទៅទៀត ដើម្បីលើកតម្លៃមេ ដឹកនាំយោធា ឱ្យក្លាយជាដៃគូសន្ទនាទី មួយ សម្រាប់ដោះស្រាយវិបត្តិជាតិពិន្ធុ។ នាឱកាសនោះ សម្តេចប៉ាបនឹងអំពាវនាវ ឱ្យមានការបន្ធូរបន្ថយ ទម្លាក់កំហឹង និង អនុវត្តកិច្ចព្រមព្រៀង ដែលលោកស្រី អ៊ុង សាន ស៊ូជី ទើបបានចុះហត្ថលេខាជាមួយសមភាគីបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍។
ចំពោះជំនួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី សម្តេចប៉ាប ដែលយាងមកលើកទឹកចិត្តលោកស្រីក៏ត្រូវរក្សាការប្រុងប្រយ័ត្នខ្លាំងដែរ ព្រោះលោកស្រីជាជ័យលាភីណូបែលសន្តិភាព និងជាប្រមុខការបរទេសមីយ៉ាន់ម៉ាត្រូវរងការចោទប្រកាន់ពីសំណាក់សហគមន៍អន្តរជាតិ ថាបានស្ងៀមជ្រុលមិនអើពើនឹងសកម្មភាពបោសសម្អាតជាតិពិន្ធុ តែសម្តេចប៉ាបវិញ ព្រះអង្គយល់ថាការរិះ គន់លើលោកស្រីតែម្នាក់មិនយុត្តិធម៌ទេ ខាងយោធាក៏ជាចំណែកទទួលខុសត្រូវនយោបាយដែរ នៅក្នុងប្រទេសនេះ៕ ម៉ែវ សាធី