ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ នៅឆ្នាំ២០១៨អាចនឹងមានសង្គ្រាមមួយទៀតផ្ទុះឡើងរវាងអុីស្រាអែលនឹងក្រុមហេសបូឡាហ៍

ចែករំលែក៖

សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាពិបាកក្នុងការរកទីបញ្ចប់ឃើញ ក្នុងពេលដែលឆ្នាំ២០១៧ជិតឆ្លងផុតទៅហើយ។ នៅឆ្នាំ ២០១៧នេះ ក្រៅពីសង្គ្រាមនៅក្នុងប្រទេសស៊ីរី សង្គ្រាមវាយប្រហារក្រុមអ៊ិស្លាមបង្កើតរដ្ឋ អាចនឹងមានសង្គ្រាមមួយទៀតកើតឡើងរវាងអីុស្រាអែលនឹងក្រុមហេសបូឡាហ៍នៅប៉ាឡេស្ទីន។

ប៉ុន្តែអ្វីដែលគេកត់សម្គាល់នោះគឺ សង្គ្រាមនាពេលនេះមិនចាប់ផ្តើមឡើងដោយអាមេរិកដូចកាលពីមុនឡើយ ដោយអាមេ រិកទុកឲ្យប្រទេសជាសម្ពន្ធមិត្តធ្វើសង្គ្រាម វិញម្តងខ្លួនជាអ្នកនៅពីក្រោយខ្នងជួយផ្តល់ទាំងថវិកានិងសព្វាវុធ ដូចសង្គ្រាមវាយ ប្រហារក្រុមIS ជាដើម។ អាមេរិកបានហត់នឿយក្នុងការធ្វើសង្គ្រាមអស់ជាងមួយទសវត្សកន្លងមក ដល់ពេលដែលប្រទេសជាមិត្តអាមេរិកធ្វើវិញម្តង។

ហេសបូឡាហ៍ ជាចលនានយោបាយ និកាយឈីអ៊ីត នៅលីបង់។ ចលនានេះ លេចជារូបរាងឡើងនៅឆ្នាំ១៩៨២ និងមានឈ្មោះជាផ្លូវការនៅឆ្នាំ១៩៨៥ ដើម្បីប្រឆាំងនឹងការឈ្លានពានអុីស្រាអែលលើលីបង់។ នៅឆ្នាំ១៩៨២ ទាហានអុីស្រាអែលបាន ចូលលុកលុយប្រទេសលីបង់ ក្នុងរង្វង់៤០គីឡូម៉ែត្រពីព្រំដែន ដើម្បីទប់ទល់និងបោសសម្អាតពួកភេរវជននៃអង្គការរំដោះប៉ាឡេស្ទីន អាចឈរជើងនៅភាគខាងជើងប្រទេសអុីស្រាអែលបាន។

កម្មវត្ថុនេះបានសម្រេច ប៉ុន្តែអុីស្រា អែលលោភលន់ ឈ្លានពានភាគខាងត្បូង មិនអស់ចិត្ត ចង់លុកលុយដល់ក្រុងបេរ៉ូត ដើម្បីកម្ចាត់ឱ្យអស់ក្រុមរំដោះប៉ាឡេស្ទីន និងចង់ប្តូរផ្លាស់លីបង់ ប្រទេសពហុវប្ប ធម៌និងសាសនា ទៅជាប្រទេសកាតូលិក ដូចមិត្តអុីស្រាអែលផ្សេងទៀត។ មិនតែ ប៉ុណ្ណោះ អុីស្រាអែលបានប្រើទម្លាប់ចាស់ ធ្វើទារុណកម្ម សាបព្រោះអំពើឃោរឃៅ បង្ក្រាប ដូចធ្លាប់ធ្វើបាបពលរដ្ឋប៉ាឡេស្ទីន ទើបពលរដ្ឋលីបង់ដែលភាគច្រើនជាអ្នកកាន់និកាយសុីអុីត លេចគំនិតបង្កើតចលនាតស៊ូបះបោរប្រឆាំងឡើង ដែលមាន ឈ្មោះ ថាហេសបូឡាហ៍នេះឯង។

ការស្អប់ខ្ពើម និងប្រឆាំងអុីស្រាអែល បានរុញច្រានឱ្យចលនាហេសបូឡាហ៍ ​ ចូលស៊ប់ក្នុងផ្នត់គំនិតមនោគមន៍វិជ្ជាយុទ្ធសាស្ត្រ ដែលប្រឆាំងគ្នារវាងក្រុមសុីអុីតអុីរ៉ង់ព្រមទាំងសម្ពន្ធមិត្ត ស៊ីរី និងក្រុមមហា ​ អំណាចបស្ចិមលោកព្រមទាំងក្រុមសាន់នីដូចយ៉ាង អារ៉ាប៊ីសាអ៊ូឌីត។ ដូច្នេះហើយ បានជាចលនាហេសបូឡាហ៍ ត្រូវបាន ពង្រឹងកាន់តែនៅខ្លាំង នៅពេលអុីរ៉ង់ក្រោមការដឹកនាំរបស់ខាមេណីចូលលូកដៃជួយក្រុមអ្នក សុីអុីតដូចគ្នា។ ហេសបូឡាហ៍ ​បានផ្តល់មេរៀនដល់អុីស្រាអែលតាមរយៈការបើកប្រតិបត្តិការទ្រង់ទ្រាយ ធំវាយអុីស្រា អែល ដែលមិនដឹងខ្លួន និងដែលមិនបាន នឹកស្មានថាមានសត្រូវខ្លាំងដល់ម្លឹង។

ក្រោយការវាយប្រហារផ្លូវអាកាសរបស់អុីស្រាអែលសម្លាប់មេដឹកនាំចលនាហេសបូឡាហ៍ (Hezbollah) លីបង់ម្នាក់ដល់ ទឹកដីស៊ីរីមក គេមិនអាចធ្វេសប្រហែស បានឡើយនឹងការផ្ទុះអំពើហិង្សាប៉ះទង្គិចគ្នា ជាថ្មីនៅក្នុងតំបន់។ អុីស្រាអែលនិង ហេសបូឡាហ៍លីបង់ ជាសត្រូវចាស់នឹងគ្នា យូរឆ្នាំមកហើយ និងជាប្រភពបង្កអស្ថិរ ភាពដ៏សំខាន់មួយប្រចាំភូមិភាគ។ តើជម្លោះ អុីស្រាអែល និងហេសបូឡាហ៍លីបង់ មាន ប្រភពនិងដើមហេតុយ៉ាងដូចម្តេច ?

អុីស្រាអែលនិងហេសបូឡាហ៍ (Hezbollah) ធ្វើសង្គ្រាមនឹងគ្នា និងបន្តប្រឈម អាវុធដាក់គ្នា តាំងពីជាង៣០ឆ្នាំមក ហើយ។ យូររហូតដល់គេចាត់ទុកជារឿងបន្ទាប់បន្សំមួយរយៈ ជាពិសេសក្រោយពីការផ្ទុះបដិវត្តន៍អារ៉ាប់នៅស៊ីរីនិងលីប៊ី។ ប៉ុន្តែគូសត្រូវពីរនាក់មិនដែលបានបញ្ឈប់សកម្មភាពញុះញង់គ្នាទេ។ កន្លងមកអុីស្រា អែលបានវាយប្រហារតាមផ្លូវអាកាស សម្លាប់សកម្មជនជាន់ខ្ពស់របស់ ហេស បូឡាហ៍ម្នាក់ ដល់ប្រទេសស៊ីរី ហើយជាការតបស្នងក៏មានការបាញ់ចេញពីលីបង់ សំដៅទឹកដីអុីស្រាអែល វិញភ្លាម។ ប៉ុន្តែទោះពុំបង្កមានអ្នករងរបួសក៏ដោយ ក៏ អុីស្រាអែលមិនបង្អង់នឹងបញ្ចេញប្រតិកម្មបាញ់កាំភ្លើងធំតបដាក់ វិញដែរ។

តើដំណាក់កាលបន្ទាប់ ជាការប្រយុទ្ធ គ្នាឬ ? ជាសម្មតិកម្មដែលមិនអាចច្រានចោលបានឡើយ ព្រោះគូសត្រូវមួយគូនេះធ្លាប់ច្បាំងគ្នាញយដងមកហើយ និងបាន ធ្វើឲ្យពលរដ្ឋប៉ាឡេស្ទីន មានការព្រួយ បារម្ភយ៉ាងខ្លាំង។

នៅឆ្នាំ១៩៩២ហេសបូឡាហ៍ ក្លាយជា បក្សនយោបាយមួយរបស់លីបង់ ដែលមានចំណុចខ្លាំងផ្នែកសន្តិសុខតែក៏មិនព្រមបោះបង់អាវុធចោលដែរ ព្រោះអុីស្រាអែលមិនទាន់ដកទ័ពទាំងស្រុងចេញពីភាគខាងត្បូងលីបង់ ទាហានអុីស្រាអែលបន្តវត្តមាននៅតំបន់ខ្ពង់រាបហ្គោឡង់ដដែល។ ការប៉ះ ទង្គិច និងប្រយុទ្ធគ្នាតែងកើតមានជារឿយៗនៅភាគខាងត្បូងលីបង់ ម្តងនៅឆ្នាំ១៩៩៣ រយៈពេល៧ថ្ងៃ ទើបបិទបញ្ចប់ទៅដោយ បទឈប់បាញ់ ជាសេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិ និងម្តងទៀតនៅឆ្នាំ ១៩៩៦ ដែលនៅទីបំផុតភាគីទាំងពីរបានព្រមព្រៀងគ្នាក្រៅផ្លូវការ ជាលាយលក្ខណ៍អក្សរឈប់បាញ់នៅតំបន់មានមនុស្ស នៅ។

នៅឆ្នាំ២០០០ អុីស្រាអែលបានដកទ័ពចេញអស់ពីតំបន់ភាគខាងត្បូងលីបង់ តែហេសបូឡាហ៍ មានការប្រុងប្រយ័ត្នខ្លាំង សំងំនៅដើមទសវត្សរ៍២០០០-២០០៦ អភិវឌ្ឍន៍អាវុធមីស៊ីលនិងក្បាលគ្រាប់ដល់ទៅ១ម៉ឺនគ្រាប់ ក្រោមក្រសៃភ្នែកព្រួយបារម្ភរបស់អុីស្រាអែល ហើយគ្រាន់តែបានឮ ហេសបូឡាហ៍ ប្រកាសសាមគ្គីភាពជាមួយ ចលនាហាម៉ាស ប៉ាឡេស្ទីនភ្លាម សង្គ្រាមក៏បានផ្ទុះឡើងនៅឆ្នាំ២០០៦។ ក្នុងរយៈពេល៣៣ថ្ងៃមានស្លាប់ពលរដ្ឋលីបង់១២០០នាក់ និងអុីស្រាអែល១៦៥នាក់។ រដ្ឋាភិបាលលីបង់ការពារហេសបូឡាហ៍និង អាវុធជាងពេលណាៗទាំងអស់។

ក្រោយពីបានស្ងប់ស្ងាត់បន្តិច ដោយមានព្យុះបដិវត្តន៍អារ៉ាប់គ្របដណ្តប់តំបន់ខ្លាំងពេក នៅឆ្នាំ២០១៥ រងើកភ្លើងសង្គ្រាមហាក់ផ្តើមមានអណ្តាតឡើងវិញ ដោយមានការប៉ះទង្គិចនិងបាញ់សម្លាប់ទាហានគ្នានៅ តំបន់ហ្គោឡង់ ទៅវិញទៅមក។ មរណ ភាពរបស់ សកម្មជនហេសបូឡាហ៍លីបង់ ពិតជាបញ្ឆេះភាពតានតឹងដាក់គូសត្រូវ ចាស់ទាំងពីរ។ បើនរណាហ៊ានជ្រុល តែ មួយជំហាននោះសង្គ្រាមពិតជាអាចផ្ទុះឡើងបាន។ ភាគីទាំងពីរមិនចង់ល្បងសង្គ្រាមជាថ្មីទេ ប៉ុន្តែតើគេអាចទប់បានប៉ុនណា? និងរហូតដល់ពេលណា? ៕ ម៉ែវ សាធី


ចែករំលែក៖