ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម គានហោ អនុញ្ញាតឱ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយមបានអនុញ្ញាតឱ្យ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfeng Zheng ប្រធាននាយកដ្ឋាន Southeast Asia និងលោក Jan Hansen នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ។

លោករដ្ឋមន្រី្តបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ADB ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានជួបពិភាក្សាការងារជាមួយលោកនាពេលនេះ ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ដល់ភាគី ADB ដែលក្នុងពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និយាយជារួម និងដោយឡែកជាមួយក្រសួង ធនធានទឹក និងឧតុនិយម ។ តាមរយៈកិច្ច សហប្រតិបត្តិការនេះ ADB បានជួយ ដល់ក្រសួងយ៉ាងច្រើន ទាំងលើការបណ្តុះ បណ្តាលធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដើម្បីដោះស្រាយទឹកបម្រើដល់ការងារបង្កបង្កើន ផលរបស់ប្រជាកសិករ ។

លោក Jiangfeng បានជម្រាបជូនលោក រដ្ឋមន្ត្រីថា ADB ពិតជាមានការពេញ ចិត្ត ដោយបានចូលរួមចំណែកជាមួយរាជ រដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ។ យុទ្ធសាស្ត្ររបស់ADB គឺ តែងតែត្រូវបានរៀបចំឡើង ដោយផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ពិសេសផ្តោតទៅលើវិស័យជាអាទិភាព ទាំង៤ ដោយក្នុងនោះការដោះស្រាយទឹកសម្រាប់បម្រើឱ្យវិស័យកសិកម្ម គឺជាយុទ្ធសាស្ត្រអាទិភាពមួយរបស់ADB ក្នុងការ ជំរុញដល់ការអភិវឌ្ឍប្រទេសកម្ពុជា ។

លោក Jiang បន្តថា ភាគី ADB ពិតជា មានមោទនភាព ដោយបានពិនិត្យឃើញ ថា កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ត្រូវបានលើកកម្ពស់ តាមរយៈការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដោយមានការ ចូលរួមពី ADB ។ ការអភិវឌ្ឍប្រព័ន្ធធារា សាស្ត្រ ក៏បានឆ្លើយតបផងដែរទៅលើតម្រូវការផ្លូវគមនាគមន៍នៅតំបន់ជនបទ ។

ក្នុងន័យនេះ ADB នឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធធារាសាស្ត្រនៅកម្ពុជា

ដោយលើកទឹកចិត្តឱ្យមានការធ្វើទំនើប កម្មលើវិស័យធារាសាស្ត្រ ដើម្បីឈានទៅ គ្រប់គ្រង និងបែងចែកទឹកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

លោកបន្តទៀតថា គម្រោងប្រព័ន្ធធារា សាស្ត្រតាំងក្រសាំង បានក្លាយជាគម្រោងដែលមានជោគជ័យបំផុត ក្នុងចំណោម គម្រោងជាច្រើនរបស់ ADB នៅតំបន់ អាស៊ី ។ ភាពជោគជ័យនេះ ត្រូវបាន ADB កំណត់យកធ្វើជាគំរូសម្រាប់អនុវត្តគម្រោងក្រោយៗទៀតទាំងលើទិដ្ឋភាពបច្ចេកទេស ការអនុវត្តនីតិវិធី និងគុណភាពគម្រោង ។

នៅចុងបញ្ចប់លោក Jiang បាន ជម្រាបជូនលោករដ្ឋមន្ត្រីថា នៅក្នុង ជំហានទី១ នៃការអនុវត្តផែនការ ២០១៨-២០២១ ភាគី ADB បានសម្រេចបង្កើនហិរញ្ញប្បទានដល់ក្រសួងធនធានទឹក និង ឧតុនិយមឱ្យកើនដល់៩២លានដុល្លារ​អាមេរិក (ពីមុនគ្រោងត្រឹម៧៥លាន​ដុល្លារ​អាមេរិកតែប៉ុណ្ណោះ) ។ ទន្ទឹមនេះភាគី ADB ក៏បាន និងកំពុងពិចារណា លើការផ្តល់ហិរញ្ញប្បទានដល់ក្រសួងធនធានទឹក និង ឧតុនិយម តាមរបៀប MFF (Multiple Financing Factory) ។ ការផ្តល់ហិរញ្ញប្បទាន តាមរបៀបនេះ គឺអាចអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពកាន់តែច្រើន ជាងមុន ក្នុងការធ្វើទំនើបកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រធំៗបន្ថែមទៀត ៕ ហេង នរិន្ទ្រ


ចែករំលែក៖