ភ្នំពេញ៖ លោកប្រាក់ សុវណ្ណារ៉ា អគ្គ នាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និង វិចិត្រសិល្បៈបានថ្លែងឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨នេះ ក្រសួងមានគម្រោងជួសជុលស្ពាន និងប្រាសាទបុរាណជាច្រើនដោយចំណាយថវិកាអស់រាប់សិបម៉ឺនដុល្លារអាមេរិកដែលថវិកាទាំងនេះគឺជាថវិកាជាតិនិងថវិកាមូលនិធិអង្គរ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ ប្រគល់សម្ភារនិងថវិកាមួយចំនួនដល់នាយកដ្ឋានការពារបេតិកភណ្ឌនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ លោក ប្រាក់ វណ្ណារ៉ា បានឲ្យដឹងថា គម្រោងជួសជុល និងសាងសង់ស្ពាន និងប្រាសាទបុរាណ នេះខ្លះជួសជុលរួចជាស្ថាពរហើយ និងខ្លះទៀតកំពុងចាប់ផ្តើម ។
បើតាមលោក ប្រាក់ សុវណ្ណារ៉ា ដដែល បានឲ្យដឹងថា បន្តទៀតថា ប្រាសាទនិងស្ពានបុរាណដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានគម្រោងជួសជុលឡើងវិញនេះគឺដើម្បីលើកស្ទួយ និងអភិរក្សសម្រាប់ទុកឲ្យក្មេងៗជំនាន់ក្រោយបានឃើញនិងស្គាល់ឡើងវិញបើទោះបីជាការជួសជុល មិនបានដូចដើមក៏ដោយចុះ ។
ទាក់ទងនឹងប្រាសាទបុរាណនេះនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការគ្នាជាមួយនឹងនគរបាលការពារបេតិកភណ្ឌ និង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀតនឹងបង្កើន កម្លាំងជាច្រើនសម្រាប់ការពារនៅតាម ប្រាសាទមួយចំនួនជាពិសេសគឺប្រាសាទអង្គរវត្តប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ និងប្រាសាទបុរាណខ្មែរជាច្រើនទៀតដើម្បីធានានូវសុវត្ថិភាពទាំងភ្ញៀវ ជាតិនិងអន្តរជាតិខណៈពួកគេទៅទស្សនានោះ ៕ ហេង សូរិយា