ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន បញ្ជាក់ថា៖ ប្រធានបទទិវាពិភពលោកប្រឆាំងពលកម្មកុមារ១ មិថុនា គឺទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាព សម្រាប់កម្មករ និយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារពិតជាមានអត្ថន័យសមស្របតាមសភាពការណ៍នៅកម្ពុជា ។ ពលកម្មកុមារ គឺជាបាតុភូតសង្គមដ៏ស្មុគស្មាញដែលមានទំនាក់ទំនងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ចសង្គមកម្ពុជា និងឥរិយាបថសហគមន៍ និងគ្រួសារ ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ខណៈលោកស្រីចូលរួមជាអធិបតីភាព ក្នុងពិធីប្រារព្ធទិវាពិភព លោកប្រឆាំងពលកម្មកុមារអន្ដរជាតិ ១ មិថុនា ឆ្នាំ២០១៨នៅ មជ្ឈមណ្ឌកោះពេជ្រ កាលពីថ្ងៃព្រហស្បតិ៏ ២រោច ខែជេស្ន ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ៣១ ឧសភា ឆ្នាំ២០១៨ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ភាពក្រីក្រ និងការយល់ ដឹងរបស់សហគមន៍ដែលមានកម្រិតទាប គឺជាមូលហេតុចម្បងដែលនាំឱ្យមានពលកម្មកុមារ ។ ម៉្យាងទៀត ក្រុមគ្រួសារក្រីក្រដែលខ្វះធនធាន ខ្វះជំនាញ មានការអប់រំទាប និងមានប្រាក់ចំណូលតិចជាមុខសញ្ញា ក្នុងការប្រើប្រាស់ពលកម្មកុមារ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ ដោយសារមូលហេតុនេះ គេសង្កេតឃើញពលកម្មកុមារនៅតែមានក្នុងតំបន់មួយចំនួនកម្ពុជា ។
លោកស្រី ម៉ែន អំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាបញ្ហាអាទិភាពមួយ ។ ដើម្បីចាត់វិធានការឱ្យមានប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រឹងការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ ដោយផ្តោតលើគោលការណ៍ចម្បង ៣ គឺ៖ ការដកហូតកុមារ ពីទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ដើម្បីឱ្យកុមារទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្ម កុមារទៅក្នុងសង្គម ។ កិច្ចសហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្រ្តី និងកុមារ ។ លើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារកុមារ ។
លោក ស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានអនុម័តផែនការ សកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ (២០១៦ -២០២៥ ) កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាផែនទីបង្ហាញផ្លូវ និងជាឯកសារបច្ចុប្បន្នកម្មទៅលើ ផែនការសកម្មភាពជាតិ ស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ (២០០៨-២០១២) ។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ផែនការសកម្មភាពជាតិ បទដ្ឋានច្បាប់ បទប្បញ្ញត្តិទាំងឡាយដែលពាក់ព័ន្ធនឹងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្តអនុសញ្ញា នៃអង្គការពលកម្មកុមារ និងសហការ ជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ៕ សំរិត