ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈកូនខ្មែរ៖ លោក សាម អ៊ីន ថា «ដេកផ្ទះ ឈ្នះឯង» ជាកំហុសនយោបាយធ្ងន់ធ្ងររបស់ សម រង្ស៊ី!

ចែករំលែក៖

ម្តងហើយម្តងទៀត លោក សម រង្ស៊ី បានប្រព្រឹត្តកំហុសនយោបាយធ្ងន់ធ្ងរនៅចំពោះមុខប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា ក៏ដូចជាចំពោះនយោបាយការបរទេសនៅលើឆាកអន្តរជាតិ។ ក្រោយពីសាងកំហុសជាបន្ត បន្ទាប់រហូតផុងខ្លួនជាប់បណ្តឹងផ្លូវច្បាប់រើខ្លួនមិនរួច និងរហូតដល់រុញឲ្យបក្សរបស់ខ្លួនអោយរលាយបាត់ពីឆាក នយោបាយហើយនោះ លោក សម រង្ស៊ី នៅតែបង្ហាញនយោបាយមិនដឹងទិសខ្យល់បក់របស់គាត់ដដែល។

នយោបាយដ៏អាក្រក់បំផុតរបស់លោក សម រង្ស៊ី នៅដំណាក់កាលចុងក្រោយនេះមាន 2បន្ទាប់ពីគាត់ បានទទួលបរាជ័យយ៉ាងអាម៉ាសជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ។ កំហុសធ្ងន់ទី 1 គឺការកៀរគរអ្នកគាំទ្រដ៏ តិចតួចទៅតវ៉ាឲ្យប្រទេសជប៉ុនញ្ឈប់ការផ្តល់ជំនួយផ្នែកបោះឆ្នោតដល់កម្ពុជា។ កំហុសធ្ងន់ទី2គឺ ការអំពាវនាវ កុំឲ្យពលរដ្ឋចេញទៅបោះឆ្នោតដោយប្រើពាក្យថា «ដេកផ្ទះ ឈ្នះឯង»។

ហេតុអ្វីបានជាខ្ញុំចាត់ទុកសកម្មភាពរបស់លោក សម រង្ស៊ី ទាំងពីរនេះថាជាកំហុសនយោបាយធ្ងន់ធ្ងរ? ចម្លើយ គឺជប៉ុន គឺជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំមួយនៅអាស៊ី និងមានភាពចាស់ទុំខាងនយោបាយខ្លាំង ណាស់។ ភាពរឹងមាំខាងសេដ្ឋកិច្ច និងភាពចាស់ទុំខាងនយោបាយរបស់ជប៉ុនត្រូវបានទទួលស្គាល់ពេញ ពិភពលោក។ ដូច្នេះ ការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងតូក្យូពិតជាមិនមែនជាការសម្រេចចិត្តបែបកូនក្មេង បៀមដៃនោះឡើយ។ ក្នុងន័យនេះ ប្រទេសជប៉ុនមិនចាំតែធ្វើតាមការតវ៉ាគ្មានមូលដ្ឋានរបស់លោក សម រង្ស៊ី នោះឡើយ។ ផ្ទុយទៅវិញក្រុមលោក សម រង្ស៊ី កំពុងបង្ហាញពីភាពកម្សោយរបស់ខ្លួន និងភាពកំសាកឥតបាន ការនៅចំពោះមុខពលរដ្ឋខ្មែរ ក៏ដូចជាចំពោះមុខសហគមន៍អន្តរជាតិ។

ចំណែកឯការអំពាវនាវកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត ក៏ជាកំហុសឆ្គងដ៏ធំធេងមួយទៀតរបស់លោក សម រង្ស៊ី ដែរ។ ក្នុងនាមកូនខ្មែរម្នាក់ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការវិវឌ្ឍន៍ស្ថានការណ៍ នយោបាយចុងក្រោយនៅកម្ពុជា ខ្ញុំពិតជាយល់ស្របទាំងស្រុងជាមួយលោកបណ្ឌិត សាម អ៊ីន មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រង់ថាការអំពាវនាវរបស់លោក សម រង្ស៊ី បែបនេះជាការយល់ខុសទាំងស្រុង គឺខុសទាំងក្នុងបរិបទប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា និងទាំងបរិបទនយោបាយការបរទេស។

សម្រាប់ប្រទេសកម្ពុជាដែលប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស ការបោះឆ្នោត គឺជាយន្តការ សំខាន់តែមួយគត់ដើម្បីជ្រើសរើសមេដឹកនាំ។ ប្រសិនបើការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ខាងមុខ មានតែគណបក្ស ប្រជាជនម្នាក់ឯង ប្រហែលជាការអំពាវនាវរបស់លោក សម រង្ស៊ី មានតម្លៃ ប៉ុន្តែសូមកុំភ្លេចថា មានគណបក្ស នយោបាយដល់ទៅ ២០ ចូលរួមប្រកួតប្រជែង។ ដូច្នេះ ប្រជាពលរដ្ឋអ្នកបោះឆ្នោតមាន ជម្រើសយ៉ាងទូលំទូលាយ ក្នុងការជ្រើសរើសគណបក្សណាមួយដែលខ្លួនពេញចិត្ត។ ប៉ុន្តែ លោក សម រង្ស៊ី ខ្លួនឯងទេតើដែលបានយក ប្រជាធិបតេយ្យនៅកម្ពុជាទៅធ្វើជាចំណាប់ខ្មាំងចងភ្ជាប់ជាមួយខ្លួន ដោយចាត់ទុកប្រជាធិបតេយ្យជាកម្មសិទ្ធិ ផ្តាច់មុខរបស់ខ្លួន។ គឺវាមិនខុសអ្វីពីគណបក្សហ៊្វុនស៊ិនប៉ិចដែលចាត់ទុករបបរាជានិយមថាជាកម្មសិទ្ធិផ្តាច់មុខ របស់ខ្លួននោះឡើយ។ នេះមកពីបក្សនេះភ្លេចមើលរដ្ឋធម្មនុញ្ញដែលចែងថា កម្ពុជាប្រកាន់យករបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ មានន័យថា ទោះបីជាបក្សណាឈ្នះកាន់អំណាច ក៏ត្រូវប្រកាន់យករបបរាជានិយមដែរ។ ដូច្នេះការទាញយករបបរាជានិយមថាជារបស់ខ្លួនម្នាក់ឯងជារឿងខុសឆ្គង និងឥតន័យ។

យ៉ាងណាមិញ ការអំពាវនាវរបស់លោក សម រង្ស៊ី មិនឲ្យពលរដ្ឋទៅបោះឆ្នោត ដោយយករបប ប្រជាធិបតេយ្យ សេរី ពហុបក្ស ធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនក៏ជាកំហុសឆ្គងធំធេងរបស់លោក សម រង្ស៊ី និង ក៍គ្មានន័យសម្រាប់ពលរដ្ឋខ្មែរ ក៏ដូចជាសម្រាប់សហគមន៍អន្តរជាតិឡើយ។ សម្រាប់ពលរដ្ឋខ្មែរដែលបាន ទទួលផ្លែផ្កាពីរបបប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងច្រើនក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ពួកគេមិនអាចបោះបង់ផ្លូវបោះឆ្នោត ហើយបែរទៅប្រកាន់យកចលនាបដិវត្តន៍ពណ៌ដែលលោក សម រង្ស៊ី និងក្រុមរបស់គាត់បានសាបព្រួសនោះឡើយ។ ពលរដ្ឋខ្មែរមានពិសោធន៍គ្រប់គ្រាន់ និងបានទទួលមេរៀន ជីវិតឆ្អែតឆ្អន់ហើយពីការផ្តួលរំលំគ្នាដោយប្រើកម្លាំង ដែលមិនមែនតាមផ្លូវប្រជាធិបតេយ្យ។ ទីបំផុតគឺឈាម និងទឹកភ្នែកពុះជ្រែកដោយវិប្បដិសារីអស់មួយជីវិត។ ដូច្នេះ មានតែផ្លូវបោះឆ្នោតតែមួយគត់ដែលអាចរក្សា ស្ថានភាព និងលំនឹងរបស់ប្រទេសជាតិ ក៏ដូចជាលំនឹងនៃជីវភាព និងការអភិវឌ្ឍប្រទេសបាន។ ការអំពាវនាវ កុំឲ្យពលរដ្ឋទៅបោះឆ្នោតវាគ្រាន់តែជាការចង់កេងចំណេញពីអត្រាអ្នកមិនចេញទៅបោះឆ្នោតដើម្បីបិទបាំងអវត្តមានរបស់ខ្លួនដែលមិនបានចូលរួមបោះឆ្នោតជាមួយគេតែប៉ុណ្ណោះ ត្រង់ប្រទេសជាតិទៅជាអ្វីក៏មិនខ្វល់។ ការអំពាវនាវបែបនេះក៏បានបង្ហាញឲ្យឃើញថា លោក សម រង្ស៊ី កំពុងបំបាក់ទឹកចិត្តប្រជាពលរដ្ឋខ្មែរកុំឲ្យ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យតទៅទៀតដែលខុសស្រឡះពីចរន្តរបស់ពិភពលោក ក៏ដូចជាចរន្តរបស់ពលរដ្ឋ ខ្មែរដែលតែងតែស្រេកឃ្លានចង់បានការបោះឆ្នោតជ្រើសរើសមេដឹកនាំ។

នេះហើយជាចរិតរបស់អ្នកនយោបាយដូចលោក សម រង្ស៊ី ដែលចាំតែនិន្ទាឈ្នានិះគេឯង ពោល គឺបើ មិនបានអញអ្នកណាក៏មិនត្រូវបានដែរ។ ប៉ុន្តែ លោក សម រង្ស៊ី ពិតជាយល់ច្រឡំទាំងស្រុង។ គាត់រវល់តែដើរ ក្រៅប្រទេសពេក ហើយពុលនឹងព័ត៌មានអាក្រក់ៗ ព័ត៌មានបំភ្លៃ បំប៉ោងដែលខ្លួនគាត់និងបក្សពួកបានប្រឌិត សំរាប់ការបោកប្រាស់និងពង្វក់សាធារណមតិ ទើបបានជាមិនស្គាល់ការពិតនៅកម្ពុជា ហើយក៏ជ្រើសរើស យកជម្រើសនយោបាយបែបទាល់ច្រក បែបអស់សង្ឃឹមមកធ្វើជាមាគ៌ារបស់ខ្លួន។ គាត់ច្រឡំស្មានថា កម្ពុជា សម័យ ២០១៨ ដូចគ្នាទៅនឹងកម្ពុជាសម័យឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ។ គាត់ភ្លេចគិតថា ភ្នំពេញបច្ចុប្បន្ន ស្ទះចរាចរណ៍គ្រប់ពេលដោយសារយានយន្តគ្រប់ប្រភេទចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គាត់ភ្លេចគិត ថា ប្រជាពលរដ្ឋជនបទបច្ចុប្បន្នមានម៉ូតូទំនើបជិះ និងទូរស័ព្ទគ្រប់ដៃ។ ល។ តើអ្នកណាដែលចង់វិលរកស្ថានភាព ដូចសម័យខ្មែរក្រហមវិញនោះ? ដូច្នេះ ប្រជាពលរដ្ឋខ្មែរច្បាស់ជាចេញទៅបោះឆ្នោត ហើយសហគមន៍អន្តរជាតិ ច្បាស់ជានឹងបន្តកិច្ចសហការណ៍ជាមួយរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត នេះជាបន្តទៀតដូច អ្វីដែលលោក សាម អ៊ីន បានលើកឡើងនៅក្នុងវេទិកាសាធារណះថា ពួកគាត់ក៍ធ្លាប់សួរជនបរទេសត្រង់ៗ ហើយបរទេសក៍បានបញ្ជាក់ថាគេមិនអាចបដិសេធ ឬប្រកែកមិនទទួលស្គាល់រដ្ឋាភិបាលនៃប្រទេសមួយបានទេ។

ខ្ញុំក៏យល់ស្របទាំងស្រុងជាមួយលោក សាម អ៊ីន ដែរថា គ្មានទេកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាលើកទី២ស្តីអំពីកម្ពុជាដូចការស្រមើស្រមៃបែបកន្តឿខាងបញ្ញាស្មារតីរបស់លោក សម រង្ស៊ី។ សហគមន៍ អន្តរជាតិគ្មានហេតុផលបដិសេធលទ្ធផលនៃការបោះឆ្នោតមួយ ដែលឆ្លុះបញ្ចាំងពីប្រជាធិបតេយ្យ សេរី ពហុបក្ស បែបនេះនោះឡើយ។ សហគមន៍អន្តរជាតិក៏គ្មានជម្រើសអ្វីក្រៅតែពីធ្វើការជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ហើយជារដ្ឋាភិបាលដែលអាចធានាបាននូវស្ថិរភាពសង្គមកំណើនសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍន៍នោះដែរ។

ក្នុងន័យនេះ លោក សម រង្ស៊ី នឹងទទួលបាននូវរសជាតិបរាជ័យថ្មីមួយទៀត ក្នុងពេលខាងមុខដែល ជាលទ្ធផលនៃនយោបាយមិនមើលទិសខ្យល់របស់ខ្លួន។ «ដេកផ្ទះ ឈ្នះឯង» គឺពិតជាឈ្នះមែន គឺឈ្នះទាល់ តែអស់រលីងពីខ្លួន គឺអស់ទាំងបក្សអស់ទាំងអ្នកគាំទ្រក្នុងប្រទេស និងអស់ទាំងការគាំទ្រនៅលើឆាកអន្តរជាតិ។ ដូច្នេះ សូមលោក សម រង្ស៊ី បន្តដេកនៅផ្ទះឯស្រុកបារាំងតាមយុទ្ធសាស្ត្រ «ដេកផ្ទះ ឈ្នះឯង» ឲ្យបានលក់ស្រួល ចុះចំណែកខ្ញុំជាពលរដ្ឋខ្មែរ ខ្ញុំសូមប្រើសិទ្ធរបស់ខ្ញុំចេញទៅបោះឆ្នោតហើយៗការបោះឆ្នោតអោយបក្សណាក៍ ជាសិទ្ធិរបស់ខ្ញុំដែរដែលគ្មានអ្នកណាដឹងនិងមើលឃើញព្រោះជាការបោះឆ្នោតដោយសម្ងាត់និងដោយផ្ទាល់៕ សាស្ត្រចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម

 


ចែករំលែក៖