នៅក្នុងសង្គមខ្មែរយើងតាំងពីដើមមកដល់បច្ចុប្បន្នមានមនុស្សចោលម្សៀតបីជំពូកដែលធ្វើជារនាំងសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ពួកគេជាក្រុមមនុស្សដែលតាំងខ្លួនជាជើងឯកគ្រប់យ៉ាង តែការពិតជាក់ស្តែងមិនបានធ្វើអ្វីទាល់តែសោះក្រៅតែពីសូត្រទ្រឹស្តី និងធ្វើជាឧបសគ្គដល់ការរីកលូតលាស់របស់ប្រទេស។
ជំពូកទី១៖ គឺក្រុមអ្នកនយោបាយចោលម្សៀត៖ ក្រុមនេះពេលប្រទេសជាតិជួបគ្រោះអាសន្នដែលធ្វើឲ្យខ្មែរស្លាប់ស្ទើរផុតពូជនាំគ្នាលាក់មុខដូចសត្វពង្រូល ឬសត្វអណ្តើកក្នុងស្នូក។ ពួកគេរត់ទៅសម្ងំសុខនៅ ឯបរទេសយ៉ាងសប្បាយរីករាយ ចង់ខ្មែរស្លាប់អស់ក៏អស់ទៅចុះមិនខ្វល់។ ប៉ុន្តែ ពេលមានអ្នកចេញមុខតតាំងយកជីវិតធ្វើដើមទុន និងបានរៀបចំប្រទេសស្រួលបួលហើយ ស្រាប់តែនាំគ្នាជិះយន្តហោះ ពាក់ក្រវ៉ាត់ក អាវធំ មកស្រែកឆ្ការដៃឆ្ការជើងថាខ្លួនជាបិតា ប្រជាធិបតយ្យដែលមកសង្គ្រោះប្រទេសនេះឲ្យរួចផុតពីគ្រោះថ្នាក់។ ពួក គេគឺជាក្រុមអ្នកនយោបាយគង់ហ៊ានដូចបទចម្រៀង៖ «ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីថយចេញបងដេញឲ្យអូនមើល។ ក្រពើក្នុងទឹកបងមិនសូវហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់ឲ្យអូនមើល។ ការ៉ុងមានស្រូវបងមិនសូវហ៊ានលី ការ៉ុងទទេបងលីឲ្យអូនមើល»។
ក្រុមអ្នកនយោបាយស៊ីឡាកទាំងនោះដែលពាក់ស្លាកមហាអំណាចនៅពីក្រោយខ្នងបានផ្តើម សម្តែង តួធ្វើជាលាត់ដៃអាវ មូរជើងខោ ដើរកាត់ វាលស្រែបួនដប់ម៉ែត្រ ចង្អុលលិច ចង្អុលកើត ស្រែកឡូឡាថា យួន យកដីខ្មែរអស់ហើយរួចក៏ប្រញាប់ឡើងឡានទំនើប ម៉ាស៊ីនត្រជាក់ ជិះកាត់ផ្លូវស្អាត ភ្លឹង ឆ្លងស្ពានថ្មីសន្លាង ចូលហាងទំនើបដេកក្នុងសណ្ឋាគារប្រណីត រួចហើយយកខួរក្បាលប្រឌិតរឿងអាក្រក់ៗ បង្ហោះតាមហ្វេសប៊ុក ថា ស្រុកយើងក្រណាស់ ប្រជាជនយើងវេទនាណាស់ ដូច្នេះត្រូវតែផ្លាស់ប្តូរ។ វិធីផ្លាស់ប្តូររបស់ពួកគេទៀតសោត គឺបើធ្វើតាមរយៈការបោះឆ្នោតពិតជាមិនឈ្នះទេ ពីព្រោះមិនអាច បោកប្រជាពលរដ្ឋខ្មែរដែលបានជាសាក្សីផ្ទាល់ភ្នែកនៃដំណើរការរីកលូតលាស់របស់ប្រទេសបានឡើយ។ ប្រសិនបើមកប្រណាំងស្នាដៃនិងសមិទ្ធផលជាមួយគណបក្សដឹកនាំដោយលោក ហ៊ុន សែន រឹតតែមិនអាចពីព្រោះសមិទ្ធផលរបស់គេមានគគោក ខណៈដែលខ្លួនមិនបានធ្វើអ្វីសូម្បីប៉ុនក្រចក។ ដូច្នេះវិធីមានតែម្យ៉ាងគត់ គឺញុះញង់បំបែកបំបាក់ បំបះបំបោរ ចាក់រុកឲ្យមនុស្សស្អប់គ្នា។ យកអ្នកមានចាប់ភ្ជល់ជាមួយអ្នកក្រ, យកមន្ត្រី មកលាបពណ៌ចាប់ភ្ជល់ជាមួយ រាស្ត្រធ្វើឲ្យខ្មែរក្លាយជាសត្រូវនឹងគ្នា ដើម្បីងាយស្រួលបញ្ឆេះកំហឹងចលនា បដិវត្តពណ៌ធ្វើឲ្យប្រទេសជួបនឹងភាពឆោឡោរួចឆក់ឱកាសផ្តួលរំលំគេដើម្បីឡើងកាន់អំណាចខ្លួនឯង។ សកម្មភាពរបស់ក្រុមអ្នកនយោបាយចោលម្សៀតទាំងនោះ គឺប្រឆាំងគ្រប់រឿងមិនថារឿងនោះល្អឬអាក្រក់ ខុសឬត្រូវ ឡើយ ពោល គឺបើរដ្ឋាភិបាលទៅស្តាំពួកគេទៅឆ្វេង បើបក្សកាន់អំណាចទៅលិចពួកគេទៅកើត គឺធ្វើយ៉ាងណា ចាំខ្ទាស់ឬប៉ែងជើងកុំឲ្យការដឹកនាំប្រទេសដំណើរការទៅមុខដោយស្រួល។
ជំពូកទី២៖ គឺក្រុមសង្គមស៊ីវិលចោលម្សៀត៖ ក្រុមនេះក៏មិនខុសពីអ្នកនយោបាយចោល ម្សៀតប៉ុន្មាន ដែរ។ក្នុងសម័យកាលដែលប្រទេស និងប្រជាជនរងទុក្ខវេទនាបំផុត គ្មានឃើញពួកសិទ្ធិមនុស្ស ឬអង្គការសង្គមស៊ីវិលណាមកស្រែកថ្កោលទោសពួកខ្មែរក្រហម និងចេញមុខធ្វើចលនាដើម្បីការពារសិទ្ធិពលរដ្ឋខ្មែរសូម្បីតែ បន្តិច គឺស្ងាត់ឲ្យឈឹងដូចចោរ លួចសេះ។ តែដល់ពេលខ្មែររួចផុតពីស្លាប់ មានសិទ្ធិសេរីភាព មានជីវភាពល្អ មានសាលារៀន មន្ទីរពេទ្យ មានចំណីអាហារ សម្លៀកបំពាល់ល្អ អាចប្របករបរអ្វីក៏បាន ស្រាប់តែនាំគ្នាចេញ មុខព្រាតមិនដឹងមកពីទិសណាខ្លះ មកស្រែកឡូឡា ពាក់ស្បែកខ្លា អួតថាបិតា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គ្រប់គ្នា។ អង្គការសង្គមស៊ីវិល ៥០០០ ត្រូវបានបង្កើតឡើងក្នុងប្រទេសដ៏តូចមួយនេះ។ អង្គការខ្លះ មួយថ្ងៃ មួយថ្ងៃគិតតែពីស្រែករិះគន់បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ យូរៗទៅអត់មានអីស្រែក សូម្បីប៉ូលិស ចាប់ចោរទៅស្រែកការពារចោរថាត្រូវគេរំលោភសិទ្ធិ ត្រង់ពលរដ្ឋអ្នករងគ្រោះដោយសារចោរមិនខ្វល់។ លើសពី នេះពួកសង្គមស៊ីវិលចោលម្សៀតទាំងនោះចាំតែតាមការពារពួកអ្នកនយោបាយចោលម្សៀតដូចគ្នា។ ពួកគេ តែងបង្កបញ្ហានេះបញ្ហានោះមិនចេះចប់ ដល់ពេលអាជ្ញាធរមានសមត្ថកិច្ចចាត់ វិធានការនាំគ្នាស្រែកថា រំលោភ សិទ្ធិមនុស្ស រំលោភសេរីភាពបញ្ចេញមតិ។ រឿងល្អប៉ុនដំរីមិនខ្ចីនិយាយ រឿងអាក្រក់ប៉ុនចៃ និយាយមិនឈប់។
ក្រៅពីចាំចាប់កំហុសគេតូចតាចមឋពង្រីកឲ្យធំក្រុមនេះក៏មានជំនាញខាងការប្រឌិតរឿងដើម្បីចិញ្ចឹមអាជីព របស់ខ្លួនផងដែរពីព្រោះគោលដៅរបស់ពួកគេគឺសរសេរគម្រោងដោយ បំប៉ោងសភាពការណ៍ឲ្យធំដើម្បីទាក់ទាញម្ចាស់ជំនួយឲ្យទម្លាក់លុយធំ។ ដូច្នេះ បើអស់រឿង អស់សកម្មភាព អស់អីនិយាយ គឺអស់លុយ។ គោលដៅធំរបស់ពួកគេគឺលុយនេះឯង។ ដើម្បីលុយពួកគេសុខចិត្តបម្រើមហិច្ឆតាបរទេស សូម្បីបំផ្លាញជាតិខ្លួនឯងក៏ហ៊ានធ្វើ។
ជំពូកទី៣៖ គឺក្រុមមនុស្សចោលម្សៀតដែលចាំតែទើសគេ៖ ក្រុមនេះមួយថ្ងៃៗអង្គុយតែមុខ Computer ឬលេងតែហ្វេសប៊ុក។ និយាយពីទ្រឹស្តីវិញហៀរកែង តែការងារជាក់ស្តែង គឺហ៊្សេរ៉ូ។ បន្តិចលើកទ្រឹស្តីអ្នកប្រាជ្ញ នេះឬអ្នកប្រាជ្ញនោះមកបង្ហោះ ដោយតាំងខ្លួនជាអ្នកចេះដឹង ជ្រៅជ្រះហើយប្រដៅគេប្រដៅឯង។ អង្គុយចាំតែ ចាប់កំហុសគេបើគេធ្វើអីក៏ខុសរហូត តែខ្លួនឯងវិញមិនដែលបានធ្វើអ្វីសោះ ដើម្បីសង្គមក្រៅពីអង្គុយលេង ហ្វេសប៊ុក និងចាប់កំហុសអ្នកដទៃហើយយកមកបង្ហោះរិះគន់។ ត្រឹមរិះគន់ដើម្បីស្ថាបនាមិនថ្វីទេ ប៉ុន្តែជាទូទៅគឺការរិះគន់បែបចំអកឡកឡឺយបែបជាន់ពន្លិច! តើអស់លោកមានយល់អារម្មណ៍ ដល់អ្នកដែលខំធ្វើដែរឬទេ? ដោយសារបញ្ហាហ្នឹងហើយដែលការរិះគន់របស់អស់លោក គ្មានតម្លៃដែលគេមិនទទួលយក។
សរុបទៅ ក្រុមមនុស្សចោលម្សៀតទាំងបីជំពូកដូចបាន លើកឡើងខាងដើមគួរធ្វើខ្លួនឲ្យមាន មសយាទជាងនេះដើម្បីចូលរួមទាំងអស់គ្នាក្នុងការរុញច្រាននាវាកម្ពុជាឲ្យលឿនលយទៅមុខក្នុងទិសដៅដ៏ត្រឹមត្រូវមួយ។ ពាក្យសុភាសិតបូរាណខ្មែរបានពោលថា «បើមិនបានជួយចូកជួយចែវ សូមកុំយកជើងរាទឹក»។ យ៉ាងណាមិញ បើសិនជាអស់លោកមិន បានធ្វើអ្វីជាប្រយោជន៍សង្គមទេ សូមកុំតែបង្កឧបសគ្គទៅបានហើយ។ ផ្ទុយទៅវិញប្រសិន បើនៅតែបន្តភាពចោលម្សៀតបែបនេះតទៅមុខទៀតនោះក្រុមទាំងនេះបើទោះជាមិនរលាយខ្លួនឯងក៏គង់ត្រូវគេរំលាយចោលដែរពីព្រោះទុកនាំចង្រៃស្រុក ៕ ព្រឹទ្ធាចារ្យម្នាក់នៅភ្នំពេញ