នៅឯស្រុកបារាំង ទាំងជនជាតិបារាំងជាច្រើនដែលធ្លាប់ចេញចូលប្រទេសកម្ពុជា ទាំងអានិកជនខ្មែរ រស់នៅស្រុកបារាំងដែលស្រឡាញ់ប្រទេសជាតិ បានសម្តែងមតិដោយហួសចិត្តចំពោះលោក សម រង្ស៊ី ដែល បាននិងកំពុងរៀបចំធ្វើបាតុកម្មនៅក្រៅប្រទេសក្នុងបំណងបំផ្លាញការបោះឆ្នោត ក៏ដូចជានិយាយអាក្រក់អំពី ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
ជនជាតិបារាំងម្នាក់បានកោតសរសើរប្រទេសកម្ពុជាថាកំពុងអភិវឌ្ឍយ៉ាងខ្លាំង និងយ៉ាងលឿនរហ័ស មិនគួរឲ្យជឿ។ គាត់និយាយថា ប្រសិនបើខានទៅប្រទេសកម្ពុជាតែពីរឆ្នាំពេលទៅដល់ភ្នំពេញគាត់ចំណាំលែង បានថាអ្វីជាអ្វីអស់ហើយពីព្រោះមានការប្រែប្រួលខ្លាំងណាស់៖ សំណង់អាគារខ្ពស់ៗ ហាងទំនិញ ផ្សារទំនើប ផ្លូវស្អាត ស្ពានអាកាស ពិសេសយានយន្តណែនណាន់មិនខុសពីទីក្រុងបាងកក ឬទីក្រុងធំៗនៃប្រទេសក្នុងតំបន់ ឡើយ។ ចេញពីភ្នំពេញទៅបណ្តាខេត្តក៏មានការអភិវឌ្ឍន៍យ៉ាងលឿនដែរ។ តាមផ្លូវស្ទើរតែចំណាំអ្វីមិនបានសោះ។
ជនជាតិបារាំងរូបនោះបន្តថា តែគាត់ឆ្ងល់ណាស់ថា បើស្តាប់សម្តី សម រង្ស៊ី និយាយហាក់ដូចជាប្រទេស កម្ពុជាវេទនាណាស់ ពលរដ្ឋក្រអត់បាយហូប ត្រូវគេធ្វើបាបជិះជាន់សង្កត់សង្កិន វាយដំ ធ្វើទារុណកម្មសម្បើម ណាស់។ ជនជាតិបារាំងរូបនោះបន្តថា «ប៉ុន្តែពេលខ្ញុំជួបពលរដ្ឋខ្មែរគ្រប់រូបពួកគេមានស្នាមញញឹមប្រកបដោយ ក្តីសង្ឃឹម និងរួសរាយរាក់ទាក់គួរឲ្យចូលចិត្ត។ ពួកគេមានជីវភាពធូរធារ សមរម្យ ទោះជានៅតាមបណ្តាខេត្តក្តី ម្នាក់ៗមានម៉ូតូ ឡាន ទូរស័ព្ទទំនើបស្ទើរគ្រប់ដៃរាប់ទាំងព្រះសង្ឃ និងកុមារតូចៗក៏មានកាន់ទូរស័ព្ទស្មាតហ្វូន ល្អៗដែរ។ ខ្ញុំយល់ថា ប្រទេសកម្ពុជាកំពុងរីកចម្រើនខ្លាំងមែនទែនគួរឲ្យរីករាយ មិនដូចអ្វីដែលលោក សម រង្ស៊ី និយាយទាល់តែសោះ»។ គាត់ចោទជាសំណួរទៀតថា តើ សម រង្ស៊ី គាត់ចង់បានអី? បានជាគាត់ដើរនិយាយ អាក្រក់ៗពីប្រទេសខ្លួនឯង និងដើរធ្វើបាតុកម្មបន្តិចនៅស្រុកបារាំង បន្តិចនៅកូរ៉េ បន្តិចនៅសហរដ្ឋអាមេរិក? បើសិនជាគាត់យកពេលទៅជួយអភិវឌ្ឍប្រទេសប្រហែលមានប្រយោជន៍ច្រើនណាស់។
ចំណែកបងប្អូនខ្មែររស់នៅស្រុកបារាំងដែលធ្លាប់ចេញចូលប្រទេសកម្ពុជាញឹកញាប់ ក៏មានទស្សនៈ ប្រហែលគ្នានឹងជនជាតិបារាំងម្នាក់នេះដែរ។ ពួកគេនិយាយថា ខ្មែររស់នៅក្រៅប្រទេសមួយចំនួនដែលគ្មាន លទ្ធភាពទៅលេងស្រុកញឹកញាប់ ឬមានគំនិតងប់ងល់តែរឿងនយោបាយតែងជឿងប់ទៅលើគណបក្សប្រឆាំង ហើយតាំងខ្លួនជាអ្នកជ្រុលនិយម មើលទៅស្រុករបស់ខ្លួនដូចយ៉ាប់យ៉ឺនណាស់។ ប៉ុន្តែ ពួកគាត់អត់បានដឹងទេ ថា បងប្អូនគាត់នៅស្រុកខ្មែរខ្លះមានជីវភាពល្អជាងពួកគាត់នៅស្រុកបារាំងទៅទៀត។ «និយាយទៅស្រុកខ្មែរ ឥឡូវគេរីកចម្រើនខ្លាំងមិនដូចពីក្រោយជំនាន់ ប៉ុល ពត ទេ គឺផ្ទុយស្រឡះពីការនិយាយរបស់លោក សម រង្ស៊ី» នេះជាការអះអាងរបស់អានិកជនខ្មែរម្នាក់នៅក្រុងប៉ារីស ដោយគាត់បញ្ជាក់ថាកាលពីមុនគាត់ឧស្សាហ៍ចូល ស្តាប់លោក សម រង្ស៊ី ពេលមានការជួបជុំម្តងៗ តែក្រោយមកឈប់ទៅចូលរួមទៀតពីព្រោះគាត់និយាយមិន ពិត។ មានបងប្អូនខ្មែរជាច្រើនទៀតដែលគាត់ស្គាល់ក៏ឈប់ទៅស្តាប់លោក សម រង្ស៊ី ទៀតដែរពីព្រោះពួកគេ ធ្លាប់ចេញចូលស្រុកខ្មែរញឹកញាប់ហើយបានឃើញការពិតខុសពីលោក សម រង្ស៊ី និយាយ។ អាចនិយាយបាន ថា ឥឡូវនេះការគាំទ្រលោក សម រង្ស៊ី នៅក្រៅប្រទេសមានការថយចុះខ្លាំងមិនដូចមុនទេ។ រីឯការចូលលុយ កាក់ក្តីក៏មិនសូវមានដែរ។ បច្ចុប្បន្ន លោក សម រង្ស៊ី ពិបាកប្រមូលមនុស្សណាស់។ ដើម្បីប្រមូលបាន ១០០ ឬ ២០០ នាក់ត្រូវកែនតាំងពីប៊ែលហ្សិក ស្វីស កាណាដា ឬប្រទេសផ្សេងទៀតទើបបាន ពីព្រោះគេមិនសូវចូលចិត្ត ការយកនយោបាយធ្វើអាជីពចិញ្ចឹមជីវិត ហើយនិយាយអី្វតែអាក្រក់អាក្រក់ខ្លាំងណាស់ពីប្រទេសរបស់ខ្លួន។
គេនៅចាំបានថាកាលពីថ្មីៗនេះ ក្រុមរបស់លោក សម រង្ស៊ី នេះឯងបានទៅធ្វើបាតុកម្មនៅប្រទេសកូរ៉េ ដើម្បីទាមទារឲ្យជប៉ុនបញ្ឈប់ការគាំទ្រដល់ គ.ជ.ប។ ពេលនោះជនជាតិកូរ៉េជាច្រើនបានជេរប្រមាថអ្នកទាំងនោះ ថា ទៅធ្វើបាតុកម្មរញ៉េរញ៉ៃនៅស្រុកគេធ្វើឲ្យខូចសណ្តាប់ធ្នាប់ស្រុកគេ។ មានជនជាតិកូរ៉េខ្លះជេរក្រុមបាតុករ តាមហ្វេសប៊ុក ហើយអ្នកខ្លះទៀតរង្គាសចិត្តខ្លាំងពេលឃើញក្រុមបាតុករក្រុមលោក សម រង្ស៊ី លើកទង់ជាតិ ជប៉ុននៅលើទឹកដីគេ។
និយាយរួមអ្វីដែលលោក សម រង្ស៊ី ធ្វើមិនល្អសម្រាប់ប្រទេសជាតិទេ។ វាបង្ហាញថា ខ្មែរយើងសម័យ នេះហើយនៅតែមិនបានសុខស្រួលជាមួយគ្នា នៅបន្តកាប់ចាក់គ្នា ដើម្បីតែអំណាចធ្វើឲ្យបរទេសគេមើលងាយ ជាតិសាសន៍យើង។ ពួកបារាំងនិយាយថា តាំងពីកើតមកឃើញតែក្រុមខ្មែរបង្កើតចលនាតស៊ូនៅក្រៅប្រទេស ពិសេសនៅស្រុកបារាំងនេះ។ ទីបំផុត ប្រទេសធ្លាក់ចូលក្នុងរបបខ្មែរក្រហមដែលមានសុទ្ធតែជានិស្សិតស្រុក បារាំងជាអ្នកបង្កើតចលនា និងធ្វើជាមេខ្មែរក្រហមសម្លាប់មនុស្សយ៉ាងឃោរឃៅ។ ជនជាតិបារាំងគេឆ្ងល់ថា ហេតុអីបានជាអ្នកនយោបាយខ្មែរមិនព្រមរៀនសូត្រពីប្រវត្តិសាស្ត្ររបស់ខ្លួន។ គេថា ពេលនេះជាពេលដែលខ្មែរ ត្រូវរួមគ្នាអភិវឌ្ឍប្រទេសឲ្យទាន់គេឯងក្នុងតំបន់ និងក្នុងពិភពលោក គឺមិនមែនជាពេលដែលត្រូវដើរធ្វើបាតុកម្ម គ្រប់កន្លែង ដើរហែកហួរប្រទេសរបស់ខ្លួន ដើរញុះញង់ឲ្យខ្មែរបែកបាក់គ្នាដូចលោក សម រង្ស៊ី កំពុងធ្វើនេះទេ។ ប្រទេសកម្ពុជាមានមូលដ្ឋានគ្រឹះដ៏រឹងមាំមួយហើយ គឺសន្តិភាព ដូច្នេះនៅសល់តែអ្នកនយោបាយខ្មែររួមគ្នាជួយ អភិវឌ្ឍប្រទេសឲ្យទៅមុខ ហើយកុំបំផ្លាញអ្វីដែលមានរួចហើយដូចអតីតកាលទៀត។ ពួកគេយល់ថា អ្វីដែល លោក សម រង្ស៊ី កំពុងធ្វើនៅក្រៅប្រទេសធ្វើឲ្យគេនឹកដល់អតីតកាលមុនរបបខ្មែរក្រហមក៏មានចលនាបែបនេះ នៅក្រៅប្រទេសដែរ។ ទីបំផុត គឺបំផ្លាញខ្ទេចគ្មានសល់សូម្បីជីវិតមនុស្សពីព្រោះតែភ្លើងគំនុំរវាងខ្មែរ និងខ្មែរ នេះឯង។
ស្តាប់ការរៀបរាប់របស់ជនជាតិបារាំង និងបរទេសផ្សេងទៀត យើងជាខ្មែរនៅក្រៅប្រទេសពិតជាខ្មាស គេណាស់ ហើយចេះតែគិតសង្វេគថា ហេតុអ្វីបានជាខ្មែរយើងមិនចេះបានសុខសោះដូច្នេះ? ហេតុអ្វីកិត្តិយស ប្រទេសយើងនៅតែអាប់ឱនដោយសារនយោបាយហែកហួរគ្នាបែបនេះ? ជួសមុខឲ្យខ្មែរនៅស្រុកបារាំង និង នៅឯនាយសមុទ្រទាំងអស់ យើងសូមផ្តល់ដំបូន្មានដល់លោក សម រង្ស៊ី ឲ្យបញ្ឈប់បង្កអរិយភាពរវាងខ្មែរ និង ខ្មែរតទៅទៀត ហើយត្រូវកែប្រែទស្សនៈដើម្បីប្រយោជន៍ជាតិ លើកស្ទួយកិត្យានុភាពជាតិ ជាជាងធ្វើឲ្យជាតិអាប់ ឳនមិនចេះចប់មិនចេះហើយបែបនេះទៀតទៅ៕ តំណាងខ្មែរនៅស្រុកបារាំង