ព័ត៌មានទាន់ហេតុការណ៍៖

អេសស៊ីជីប្រកាសលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី២ និងឆមាសទី១ឆ្នាំ២០១៨

ចែករំលែក៖

បាងកក៖ ក្រុមហ៊ុនអេសស៊ីជី (SCG) បានប្រកាសពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី២ឆ្នាំ២០១៨ ដែលមានកម្រិតគួរជាទីពេញចិត្តប្រហាក់ប្រហែលនឹងត្រីមាសមុនផងដែរបើទោះបីជារងផលប៉ះពាល់ពីការចំណាយច្រើនជាងមុន និងភាពនៅទ្រឹងនៃតម្រូវការតាមរដូវកាលក្តី ។ អេសស៊ីជីបានបង្ហាញថាខ្លួនបានចាត់វិធានការសំខាន់ៗក្នុងការពង្រឹងអាជីវកម្មស្នូលធ្វើយ៉ាងណាដើម្បីទ្រទ្រង់ដល់ការពង្រីកខ្លួនជាបន្តបន្ទាប់នៅក្នុងទីផ្សារអាស៊ានដូចជាការជំរុញអភិវឌ្ឍអាជីវកម្មលក់រាយបែបទំនើប និងការចែកចាយផលិតផលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន ។

បន្ថែមលើនេះ ក្រុមហ៊ុន ក៏បានបង្ហាញពីការពង្រីកអាជីវកម្មដឹកជញ្ជូននៅក្នុងប្រទេសចិនភាគខាងត្បូង និងការបន្តគាំទ្រដល់ផ្នែកនវានុវត្តន៍ និងផលិតផល និងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ក្នុងគោលបំណងពង្រឹងគុណភាពនៃការរស់នៅ ។ ទាំងអស់នេះនឹងជួយជំរុញកំណើនប្រកបដោយចីរភាពសម្រាប់ក្រុមហ៊ុនទៅថ្ងៃអនាគត ។

ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនអេសស៊ីជីលោក រ៉ុងរ៉ូតរាំងស៊ីយូផាស (RoongroteRangsiyopash) បានបង្ហាញនូវលទ្ធផលប្រតិបត្តិការមុនសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី២ឆ្នាំ២០១៨ដោយក្នុងនោះប្រាក់ចំណូលពីការលក់ ដែលបានចុះបញ្ជីរួចគឺមានទំហំទឹកប្រាក់១៥២៧៤ពាន់លានរៀល (៣៧៧៤លានដុល្លារសហរដ្ឋអាមេរិក) គឺកើនឡើង១១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង២ភាគរយបើធៀបនឹងត្រីមាសមុនដោយសារតែបរិមាណ និងតម្លៃនៃការលក់បានខ្ពស់ជាងមុនសម្រាប់អាជីវកម្មភាគច្រើនរបស់ក្រុមហ៊ុន ។ ប៉ុន្តែប្រាក់ចំណេញក្នុងត្រីមាសទីពីរនេះគឺមានចំនួន១៥៧៣ពាន់លានរៀល ( ៣៨៩លានដុល្លារ) ដែលបានធ្លាក់ចុះ៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការធ្លាក់ចុះនេះគឺដោយសារតែការថមថយនៃអាជីវកម្មសារធាតុគីមី និងការធ្លាក់ចុះនៃប្រាក់ចំណូលភាគលាភពីអាជីវកម្មវិនិយោគ ។ ទោះជាយ៉ាងណាប្រាក់ចំណេញផ្នែកប្រតិបត្តិការសម្រាប់ត្រីមាសទីពីរឆ្នាំ២០១៨គឺប្រហាក់ប្រហែលនឹងត្រីមាសមុនដែរដោយសារតែមានប្រាក់ចំណេញភាគលាភតាមរដូវកាល ដែលបានមកពីដៃគូក្នុងអាជីវកម្មផ្សេងទៀតបើទោះបីជាមានការធ្លាក់ចុះតាមរដូវកាលនូវតម្រូវការស៊ីម៉ង់ត៍-សម្ភារសំណង់ក្តី ។

ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនអេសស៊ីជីសម្រាប់ឆមាសទីមួយឆ្នាំ២០១៨ គឺមានទំហំទឹកប្រាក់៣០៣២៤ពាន់លានរៀល ( ៧៥២៣លានដុល្លារ) គឺបានកើនឡើង៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះភាគច្រើនគឺដោយសារតែតម្លៃសារធាតុគីមីបានកើនឡើងខ្ពស់ជាងមុន ។ ទោះជាយ៉ាងណាប្រាក់ចំណេញក្នុងឆមាសទីមួយគឺមានចំនួន៣១៥២ពាន់លានរៀល (៧៨២លានដុល្លារ) គឺបានធ្លាក់ចុះ១៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការធ្លាក់ចុះនេះគឺដោយសារតែពុំមានការលក់ទុនវិនិយោគដូចឆ្នាំមុនព្រមជាមួយនឹងការកើនឡើងនូវតម្លៃប្រាក់បាត និងការកើនឡើងខ្ពស់នូវតម្លៃសារធាតុnaphtha ។ បន្ថែមលើនេះប្រាក់ចំណូលពីការនាំចេញសម្រាប់ឆមាសទីមួយឆ្នាំ២០១៨គឺមានទំហំទឹកប្រាក់៨២៥៤ពាន់លានរៀល (២០៤៨លានដុល្លារ) ឬស្មើនឹង២៧ភាគរយនៃប្រាក់ចំណូលផ្នែកលក់ជារួមរបស់អេសស៊ីជី ដែលពុំមានការប្រែប្រួលឡើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

សម្រាប់ប្រតិបត្តិការរបស់SCG ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីការលក់ក្នុងត្រីមាសទីពីរឆ្នាំ២០១៨គឺមានទំហំទឹកប្រាក់៣៨០៨ពាន់លានរៀល (៩៤១លានដុល្លារ) គឺបានកើនឡើង១៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទំហំទឹកប្រាក់នេះគឺស្មើនឹង២៥ភាគរយនៃប្រាក់ចំណូលពីការលក់សរុបរបស់ក្រុមហ៊ុនSCG ។ ប្រាក់ចំណូលនេះរាប់បញ្ចូលទាំងការលក់តាមរយៈប្រតិបត្តិការក្នុងស្រុកនៃទីផ្សារអាស៊ាននីមួយៗ និងការនាំចូលពីប្រទេសថៃផង ។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនSCG គឺមានទំហំទឹកប្រាក់៧២២៥០ពាន់លានរៀល (១៧៨១១លានដុល្លារ) ។ ចំណែកឯទ្រព្យសកម្មសរុបរបស់SCG នៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) គឺមានទំហំទឹកប្រាក់១៨០០៥ពាន់លានរៀល ( ៤៤៣៩លានដុល្លារ) ដែលស្មើនឹង២៥ភាគរយនៃទ្រព្យសកម្មសរុបរួមរបស់SCG ។

ប្រទេសកម្ពុជានៅតែបង្ហាញពីការលូតលាស់ជាប់ជាលំដាប់ដោយផ្អែកលើការកើនឡើងនូវការសាង់សង់ដូចជាអគារពាណិជ្ជកម្ម និងអគារស្នាក់នៅនៅក្នុងទីក្រុងធំៗដូចជារាជធានីភ្នំពេញក្រុងសៀមរាប និងក្រុងព្រះសីហនុជាដើម ។ ក្រៅពីទីក្រុងធំៗក្រុងតាមបណ្ដាខេត្តផ្សេងទៀតដូចជាតាកែវកំពត និងកំពង់ចាមក៏មានការលូតលាស់គួរឲ្យកត់សម្គាល់ផងដែរ ។ នៅក្នុងប្រទេសកម្ពុជាផ្អែកលើរបាយការណ៍លទ្ធផលត្រីមាសទីពីរឆ្នាំ2018ក្រុមហ៊ុនSCG នៅក្នុងប្រទេសកម្ពុជាមានទ្រព្យសកម្មសរុបជាទឹកប្រាក់1.394ពាន់លានរៀល (344លានដុល្លារ) ។ ប្រាក់ចំណូលពីការលក់នៅក្នុងត្រីមាសទីពីរឆ្នាំ2018របស់ក្រុមហ៊ុនគឺមានទំហំទឹកប្រាក់407ពាន់លានរៀល (101លានដុល្លារ) ដែលរាប់បញ្ចូលទាំងការលក់បានមកពីប្រតិបត្តិការក្នុងស្រុក និងការនាំចូលពីប្រទេសថៃហើយប្រាក់ចំណូលនេះមានការកើនឡើង21%បើធៀបនឹងរយៈកាលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះគឺដោយសារតែមានការកើនឡើងសម្រាប់អាជីវកម្មស៊ីម៉ង់ត៍-សម្ភារសំណង់ និងប្រតិបត្តិការរោងចក្រស៊ីម៉ង់ត៍នៅក្នុងខេត្តកំពត ។ សម្រាប់ឆមាសទីមួយនៃឆ្នាំ2018ប្រាក់ចំណូលពីការលក់របស់អេសស៊ីជីនៅក្នុងទីផ្សារកម្ពុជាគឺមានទំហំទឹកប្រាក់813ពាន់លានរៀល (202លានដុល្លារ) ដែលកើនឡើង19%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ វឌ្ឍនា

OLYMPUS DIGITAL CAMERA


ចែករំលែក៖