ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ ល្ងង់ចឹង បានភ្លើ មិនស្គាល់មួយដំបរ និង៤ !

ចែករំលែក៖

ម្សិលមិញនេះ នាយជាល បានចូលទៅផឹកកាហ្វេទឹកកកមួយកែវ នៅហាងកាហ្វេចិញ្ចើមថ្នល់ ហើយបានប៉ះចំអ្នកនយោបាយកាហ្វេខ្មៅកំពុងជជែកគ្នាយ៉ាងតឹងសរសៃក អំពីរឿង ព្រះមហា ក្សត្រ ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

លោកពូម្នាក់ដែលមានវោហាស័ព្ទជាងគេ បានឆ្ការដៃដៃឆ្ការជើងនិងនិយាយឮជាងគេលើកឡើងថា « ខ្ញុំមិនយល់ ហេតុអី មិនទាន់រដ្ឋសភាបោះឆ្នោតយល់ព្រមបង្កើតរដ្ឋាភិបាលថ្មីផង ម៉េចក៏ព្រះមហាក្សត្រចាត់តាំង សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អ៊ីចឹង ? និយាយសឹងចប់មិនទាន់ បុរសវ័យជាង២០ឆ្នាំម្នាក់ ដែលទើបដាក់កែវកាហ្វេទឹកកកពីមាត់ សើចឃិះ និងបានបន្ទរពីក្រោយថា « ស្រុកយើង ធ្វើអី្វឲ្យតែប្លែកពីគេតែអីចឹង ខ្ញុំក៏មិនយល់ដែរ អារឿងកូនកើតមុនឪហ្នឹង ? »

បានស្តាប់ការជជែករបស់មនុស្សពីរនាក់ដូចជាទើសត្រចៀកពេក នៅចុងតុកាហ្វេម្ខាងឯណោះ លោកម្នាក់ដែលទំនងជាអ្នកចេះច្បាប់គួរសមដែរនោះ បានញញឹមខ្ជឹបដាក់អ្នទាំងពីរ ដោយនិយាយថា « សូមលោកទាំងពីរកុំយល់ច្រឡំពាក្យថា ចាត់តាំង និងតែងតាំង ឲ្យសោះ ។ការឡាយព្រហស្ថលេខារបស់ព្រះករុណា ចាត់តាំងសម្តេចតេជោ ជានាយករដ្ឋមន្ត្រីអាណត្តិ ទី៦នេះ គឺធ្វើឡើងតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដើម្បីរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មី គ្រាដែល CPP ជាអ្នកមានសំឡេងឆ្នោតច្រើនជាងគេ រួចទើបយកសមាសភាពទាំងនោះឆ្លងទៅ សភា និងព្រឹទ្ធសភា » ។

លោកម្នាក់នេះ បានលើកយកទូរស័ព្ទបើកច្បាប់ រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា៤ ហើយអានវគ្គឃ្លាខ្លះៗក្នុងមាត្រានេះថា « តាមសេចក្តីស្នើពីគណបក្សនយោបាយ ដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សនយោបាយដែលឈ្នះឆ្នោតឲ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលរួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជ រដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា ។ព្រឹទ្ធសមាជិករដ្ឋសភា ត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវបេក្ខជន ប្រធាន អនុប្រធាន នៃរដ្ឋសភា ក៏ដូចជាប្រធាន អនុប្រធានគណកម្មការជំនាញ ទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខជន នាយករដ្ឋមន្រ្តីនិងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត »។ ដូច្នេះសូមលោកពូ ទាំងពីរនាក់កុំច្រឡំការប្រើពាក្យ ចាត់តាំង និង តែងតាំង ខុសគ្នាស្រឡះ ហើយ ។

បានស្តាប់ការពន្យល់របស់លោកម្នាក់នេះ ធ្វើឲ្យបុរសពីរនាក់នោះបើកភ្នែកធំៗហាក់ដូចជាស្វាងកាហ្វេ ឯខ្ញុំទាញកង់កញ្ចាស់ជិះចេញពីតុកាហ្វេទាំងគិតបែបលេងសើចថា « បុរសពីរ នាក់នេះពិតជា ល្ងង់ចឹង បានជាភ្លើ មិនស្គាល់មួយដំបរ និង៤ » ៕ នាយជាល

 


ចែករំលែក៖