ដោយសារតែគោលនយោបាយអាត្មានិយមរបស់អាមេរិក ដឹកនាំដោយលោក ដូណាល់ ត្រាំ បានធ្វើឲ្យសម្ពន្ធមិត្តនៅអឺរ៉ុបបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយអាមេ រិកមិនដែលគិតពីផលប្រយោជន៍ប្រទេសជាមិត្តជិតស្និទ្ធនោះឡើយគិតតែប្រយោជន៍ផ្ទាល់ខ្លួន ដោយបានដំឡើ ងពន្ធយ៉ាងខ្ពស់ ដល់អឺរ៉ុប មិនធ្លាប់មានពីមុនមកឡើយ។
សកម្មភាពរបស់លោកត្រាំ បានធ្វើឲ្យ ប្រទេសនៅតំបន់អឺរ៉ុប ងាកចេញពីអាមេរិក ទៅស្វែងរកដៃគូផ្សេងមកជំនួសវិញនៅ ក្នុងវិស័យពាណិជ្ជកម្ម ក្នុងនោះមានចិន និងរុស្ស៊ីជាដើម រួមទាំងប្រទេសតំបន់អាស៊ី ដែលមានសេដ្ឋកិច្ចកំពុងតែរីកចម្រើន។ក្រៅពីសេដ្ឋកិច្ចអឺរ៉ុបក៏បានពង្រឹងសមត្ថភាពការពារជាតិដោយខ្លួនឯង ឈប់ពឹងផ្អែក លើអាមេរិក ។
នៅពេលនេះបារាំងបានអំពាវនាវដល់អឺរ៉ុបទាំងមូលឲ្យមានស្មារតីទទួលខុសត្រូវការពារដោយខ្លួនឯង។ នៅក្នុងសុន្ទរកថាទៅកាន់តំណាងការទូតរបស់បារាំង ២៥០ រូប លោកម៉ាក្រុងបានស្នើឱ្យមានជំនួបរវាងអឺរ៉ុប ចិន ជប៉ុន និងមេដឹកនាំអាមេរិក នៅ ក្នុងទីក្រុងប៉ារីស នៅថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីពិភាក្សាគ្នាធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក OMC ព្រោះច្បាប់ របស់អង្គការនេះលែងមានប្រសិទ្ធភាពទៅហើយ និងក៏ជាកិច្ចឆ្លើយតបទៅនឹងនយោបាយឯកតោភាគីរបស់អាមេរិកផងដែរ។
លោក ម៉ាក្រុង ក៏បានអំពាវនាវឱ្យសហ ភាពអឺរ៉ុប ឈប់រំពឹងលើសហរដ្ឋអាមេរិក ជាពិសេសលើផ្នែកសន្តិសុខ។ លោក ប្រធានាធិបតីបារាំងនឹងបង្ហាញគម្រោង ពង្រឹងសន្តិសុខអឺរ៉ុបថ្មី នៅខែខាងមុខ។ លោកម៉ាក្រុងបានប្រកាសថាអឺរ៉ុបគួរតែ ពិចារណាឡើងវិញអំពីផលវិបាកដែល បន្សល់ទុកដោយសង្គ្រាមត្រជាក់។ លោក ចង់បើកកិច្ចពិភាក្សាស៊ីជម្រៅ គូសវាស យុទ្ធសាស្ត្រការពារជាតិ (អឺរ៉ុប) និងសន្តិសុខឡើងវិញជាមួយគ្រប់ដៃគូអឺរ៉ុប រាប់ ទាំងរុស្ស៊ីផង។ លោកម៉ាក្រុងមានគម្រោងផ្តល់សន្ទុះដល់កិច្ចចរចា ជាមួយរុស្ស៊ី ស្តី អំពីសន្តិសុខអុីនធើណេត អាវុធគីមី អាវុធ យុទ្ធភណ្ឌ ជម្លោះដែនដី សន្តិសុខអវកាស និងតំបន់ប៉ូលទៀតផង។
លោកប្រធានាធិបតីបារាំង អេមម៉ានុយ អែល ម៉ាក្រុង ត្រូវបើកសន្និសីទប្រចាំឆ្នាំ បង្ហាញទិសដៅនយោបាយការបរទេស របស់បារាំង នៅថ្ងៃចន្ទនេះ។ ជានយោបាយដែលផ្តោតខ្លាំងទៅលើអឺរ៉ុប។ ជាមួយនឹងកម្មវត្ថុការពារលើកតម្កើងអឺរ៉ុប និងជំហរ ការពារនយោបាយបើកចំហពិភពលោកភាវូបនីយកម្ម លោកម៉ាក្រុង ក៏បានព្រមានបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបឱ្យឈប់ រំពឹងតែទៅលើអាមេរិក ក្នុងវិស័យសន្តិ សុខ។
កាលពីថ្ងៃទី ២៩សីហា ឆ្នាំ២០១៧ នៅពេលលោកម៉ាក្រុងបើកសន្និសីទ នយោបាយជាលើកដំបូង ពិភពលោកទាំង មូលហាក់បានផ្ញើក្តីសង្ឃឹមខ្លាំងណាស់លើលោកប្រធានាធិបតី វ័យក្មេង ដែលទើប ជាប់ឆ្នោតថ្មីៗ។ លោក ម៉ាក្រុងជាបង្គោលលើឆាកអន្តរជាតិបាន ព្រោះលោកមាន ជំហរនយោបាយការពារអឺរ៉ុប ការពារ ប្រយោជន៍រួមបែបពហុសេរីពិភពលោក ខុសពីលោកត្រាំ ដែលគេពិបាកយល់ និងខុសពីលោកស្រី នាយករដ្ឋមន្ត្រីអង់គ្លេសដែលចង់ដើរចេញពីអឺរ៉ុប។
ប៉ុន្តែមួយឆ្នាំក្រោយមក លោកម៉ាក្រុង ពិតជាកំពុងប្រឹងធ្វើជាមេតែម្នាក់ឯង មិនថាក្នុងកិច្ចការពារនយោបាយសេដ្ឋកិច្ចបែប ពហុភាគី ឬការធ្វើកំណែទម្រង់អឺរ៉ុបទេ។ សន្និសីទបង្ហាញទិសដៅនយោបាយការ បរទេសបារាំង នៅថ្ងៃនេះប្រព្រឹត្តទៅក្នុង បរិបទដ៏អាប់អួ។ រាល់គ្រប់គម្រោងកំណែទម្រង់ធំៗរបស់លោកម៉ាក្រុង ត្រូវស្ទះ ដោយសារសន្ទុះជាតិនិយមជ្រុលនៃសមាជិកអឺរ៉ុបនៅភាគខាងកើត និងអុីតាលី។ ចំណែកក្រុមប្រទេសអ្នកមាននៅភាគខាងជើង បដិសេធមិនជួយសមាជិកក្រីក្រក្នុងក្រុម ពីរឿងពន្ធដារឡើយ។ ម្នាក់ៗភ័យរួម រឹតខ្លាចលំហូរអន្តោប្រវេសន៍បាក់ចូលស្រុកខ្លួន។ ប្រមុខដឹកនាំអាល្លឺម៉ង់ សម្ពន្ធមិត្ត ជាប្រវត្តិសាស្ត្រ ដែលធ្លាប់ជាមេកោយ រួមគ្នា ចុះខ្សោយខ្លាំងក្រោយការបោះឆ្នោតសភា។
ធ្វើអ្វីក៏ដោយបើធ្វើតែម្នាក់ឯង ពិតជា មិនអាចសម្រេចទេ ! ដូច្នេះលោកម៉ាក្រុង ត្រូវស្វែងរកសម្ពន្ធមិត្តថ្មីមកគាំទ្រលោក។ ចាប់ពីថ្ងៃស្អែកទៅ លោកប្រធានាធិបតីត្រូវធ្វើដំណើរទៅដាណឺម៉ាក និងហ្វាំងឡង់។ ក្នុងរយៈពេលប៉ុន្មានខែមុខនេះលោកត្រូវ ជួបពិភាក្សាជាមួយប្រមុខដឹកនាំប្រទេសជាសមាជិកអឺរ៉ុបយ៉ាងហោចណាស់ក៏ពាក់កណ្តាលដែរ ព្រោះនៅសល់តែ៩ខែទៀត ប៉ុណ្ណោះ សហភាពអឺរ៉ុបត្រូវរៀបចំការបោះឆ្នោតសភាហើយ។ បើអឺរ៉ុបនៅតែមិនទៅមុខនៅពាក់កណ្តាលឆ្នាំ២០១៩ មានន័យថាលោកម៉ាក្រុងមានបញ្ហាយុទ្ធសាស្ត្រហើយ។
សន្តិសុខជាតិ/អន្តរជាតិ ប្រយុទ្ធ ប្រឆាំងនឹងភេរវកម្ម សុខុមាលភាព សាធារណៈ (អាកាសធាតុ អប់រំ ជំនួយ អភិវឌ្ឍន៍) ជាអាទិភាពចម្បងរបស់ បារាំង។ នៅក្នុងសុន្ទរកថា លោក ម៉ាក្រុង បានសង្កត់ធ្ងន់អំពីតួនាទីកាន់តែសកម្មរបស់បារាំងក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅលីប៊ី និងក្នុងការស្វែងរកដំណោះស្រាយនយោបាយឱ្យ វិបត្តិស៊ីរី ដោយអះអាងថាការបន្តរក្សាវត្តមានរបស់លោកបាសា អាល់អាសាដ នៅស៊ីរី ជាកំហុសដ៏ធ្ងន់ មួយ។
តាំងពីមួយឆ្នាំកន្លងមកនេះ បារាំងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ អាជ្ញាធរបារាំងបានថែមទាំងបង្ហាញឆន្ទៈល្អ សហការជា លើកទីមួយជាមួយរុស្ស៊ី ក្នុងប្រតិបត្តិការ មនុស្សធម៌នៅស៊ីរីផង។ ប្រមុខរដ្ឋបារាំងបានតែងតាំងតំណាងផ្ទាល់ខ្លួនលោកម្នាក់ទទួលបន្ទុកកិច្ចការស៊ីរីទៀត។ ក៏ប៉ុន្តែបារាំងនៅតែមានតួនាទីបន្ទាប់បន្សំក្នុងល្បែងការទូត ចំពោះបញ្ហាស៊ីរីដដែល។
ចំពោះបញ្ហាអុីរ៉ង់ បារាំងរបស់លោក ម៉ាក្រុង កំពុងសាកល្បង ធ្វើឱ្យកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអន្តរជាតិចុះហត្ថលេខានៅឆ្នាំ២០១៥ បន្តរស់រានមានជីវិតទៀត បើទោះបីជាអាមេរិកបានប្រកាសដកខ្លួនចេញ និងចាប់ផ្តើមដាក់ទណ្ឌកម្មលើអុីរ៉ង់ហើយក៏ដោយ។ តាមការពិតក្នុងនៅក្នុងសំណុំរឿងនេះ គ្រប់គ្នាធ្លាប់រំពឹងលើរូបលោកម៉ាក្រុង ឱ្យទៅបញ្ចុះបញ្ចូលលោក ត្រាំ។ ប៉ុន្តែការបង្ហាញភាពស្និទ្ធស្នាលល្អូកល្អិន ជាពិសេសបែបបុគ្គលក្តី មិនបានផ្តល់ លទ្ធផលវិជ្ជមានទេ ហើយពេលទណ្ឌកម្មអាមេរិកបានចាប់អនុវត្ត ទៅលើរាល់គ្រប់ក្រុមហ៊ុនសហគា្រសណាដែលធ្វើការជា មួយអុីរ៉ង់ទៀត ពោលគឺមានប៉ះពាល់ដល់ក្រុមហ៊ុនបារាំងដែរ។ បារាំងសម្គាល់ ឃើញថាខ្លួនកាន់តែអស់អំណាចទៅៗនៅក្នុងរឿងនេះ៕ ម៉ែវ សាធី