ភ្នំពេញៈ គណៈកម្មការមូលត្រកម្ពុជា(គ.ម.ក.) កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំធ្វើសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយជាសាធារណៈ អំពីការដាក់ឲ្យអនុវត្តប្រកាសស្តីពី ការបង្ហាញព័ត៌មានសាជីវកម្ម ស្ថិតនៅទីស្តីការគណៈកម្មការមូលបត្រកម្ពុជា អគារលេខ៩៩ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលជាច្រើនកុះករ ។
លោកស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងមតិស្វាគមន៍ភ្ញៀវអ្នកចូលរួមទាំងអស់ ក៏ដូចជាធ្វើបទបង្ហាញស្តីពី«ព័ត៌មានដែលផ្តល់ជូនគណៈកម្មការមូលបត្រកម្ពុជា ដោយលោកសៀង ធានហុង ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានសាជីវកម្ម នៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃ គ.ម.ក. ផងដែរ ។
បន្ទាប់មក មានបទបង្ហាញស្តីពី ព័ត៌មានដែលផ្តល់ជូនទីផ្សារមូលបត្រប្រតិស្រុត ដោយលោក ហៃ លីដេត មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ នៃនាយកដ្ឋានចុះបញ្ជី និងផ្តល់ព័ត៌មាន នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងបទបង្ហាញស្តីពី យន្តការ និងនីតិវិធីក្នុងការបង្ហាញព័ត៌មានសាជីវកម្ម ដោយកញ្ញា ប៉ុន ពេជ្រនារី មន្ត្រីជំនាញការិយាល័យគ្រប់គ្រងព័ត៌មានសាជីវកម្ម នៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃ គ.ម.ក. ។
ជាមួយគ្នានេះ ក៏មានបទបង្ហាញស្តីពី កាតព្វកិច្ចនិងទណ្ឌកម្មក្នុងការបង្ហាញព័ត៌មានសាជីវកម្ម ដោយលោកស្រី ហាក់ គន្ធា មន្ត្រីជំនាញការិយាល័យគ្រប់គ្រងព័ត៌មានសាជីវកម្ម នៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃ គ.ម.ក. ផងដែរ ៕