រោងការរោងបុណ្យបិទផ្លូវនៅតែជាបញ្ហាចោទក្នុងរាជធានីភ្នំពេញ ។ វាមិនត្រឹមតែធ្វើឲ្យចំណែកផ្លូវត្រូវរួមតូច ឬបិទទាំងស្រុងនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺរថយន្តប្រមូលសំរាម មិនអាចធ្វើចរាចរណ៍បាន ។ ដូច្នេះ លំនៅឋានប្រជាពលរដ្ឋដែលស្ថិតនៅតាមបណ្តោយផ្លូវដែលមានរោងការ, រោងបុណ្យ ត្រូវកកស្ទះសំរាមយ៉ាងហោច២ថ្ងៃ ។ នេះគឺជាប្រធានបទថ្មីមួយ ដែលអាជ្ញាធរត្រូវគិតពិចារណា ឬចាត់វិធានការចំពោះរោងបុណ្យ ឬរោងការ ដែលបិទផ្លូវទាំងស្រុង ។ រោងបុណ្យ, រោងការខ្លះ ថ្វីបើមិនបិទផ្លូវទាំងស្រុង ប៉ុន្តែភាគច្រើនណាស់គឺមិនអាចឲ្យរថយន្តប្រមូលសំរាមឆ្លងកាត់បាននោះឡើយ ។ បើរថយន្តប្រមូលសំរាមមិនអាចឆ្លងកាត់បាន មានន័យថា សំរាម នៅតែបន្តគរមុខផ្ទះប្រជាពលរដ្ឋ ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ នាងខ្ញុំសង្កេតឃើញថា អាជ្ញាធររាជធានីភ្នំពេញ បានដាស់តឿន រួមទាំងការហាមប្រាមខ្លះផង ចំពោះអ្នកដែលធ្វើរោងការ ឬរោងបុណ្យបិទផ្លូវ ។ ប៉ុន្តែការប្រកាសជាមួយនឹងវិធានការស្រាលៗ ហាក់ដូចជាមិនមានប្រសិទ្ធភាពទាល់តែសោះ ។ នៅតែបន្តកើតមានរោងការ រោងបុណ្យបិទផ្លូវដែលមួយចំណែកធ្វើឲ្យបញ្ហាកកស្ទះចរាចរណ៍ កាន់តែប្រឈម ហើយមួយចំណែកទៀតគឺការខកខានចំពោះការចូលទៅប្រមូលសំរាមរបស់រថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី ។ បញ្ហានេះ គួរតែមានការជជែកវែកញែកដោះស្រាយ ជាមួយនឹងវិធានការជាក់លាក់ បើមិនដូច្នោះទេ បញ្ហារោងបុណ្យ រោងការបិទជិតផ្លូវ គឺមិនអាចដោះស្រាយបានឡើយ ។ រីឯការទទូចស្នើសុំរបស់អាជ្ញាធរ គឺមិនមានប្រសិទ្ធភាពទាល់តែសោះ ចំពោះវិធានការនៃការទទូចឲ្យទុកផ្លូវសម្រាប់អ្នកធ្វើដំណើរ ឬរថយន្តដឹកសំរាម ។
សំរាមគឺជាបញ្ហាធំមួយនៅរាជធានី ។ ប្រសិនជាខកខានការប្រមូលសំរាមតែមួយថ្ងៃ នឹងធ្វើឲ្យសំរាមចាល់ ជាពិសេសវាបង្កឲ្យក្លាយទៅជាដង្កូវ និងជះក្លិនអាក្រក់ ។ ប្រជាពលរដ្ឋក្នុងទីក្រុងសព្វថ្ងៃ គ្មាននរណាប្រាថ្នាចង់ទុកសំរាមនៅក្នុងផ្ទះ ឬនៅមុខផ្ទះខ្លួននោះឡើយ ។ នៅតំបន់ខ្លះ ពេលឃើញរថយន្តប្រមូលសំរាមមកដល់ម្តងៗ អ្នកភូមិសម្តែងអារម្មណ៍រីករាយជាពន់ពេក ។ សម្រាប់អ្នកនៅកណ្តាលក្រុងឯណេះវិញ ការខកខានរបស់ក្រុមហ៊ុនប្រមូលសំរាម មិនចុះមកប្រមូលឲ្យទៀងទាត់តាមកាលវិភាគធ្វើឲ្យសំរាមចាល់ស្អុយរលួយពេញផ្ទះ ។ នៅក្នុងចំណោមបញ្ហានៃការកកស្ទះសំរាមនោះ ក៏មានមូលហេតុមួយផងដែរ នោះគឺបណ្តាលមកពីរោងបុណ្យ រោងការបិទផ្លូវ មិនអាចឲ្យរថយន្តប្រមូលសំរាមចេញ ចូល បាន ។
អាជ្ញាធរត្រូវចាត់វិធានការជាក់លាក់ ចំពោះអ្នកសុំច្បាប់ធ្វើរោងការ រោងបុណ្យ ឬក៏អាចថា និយាយដល់ថៅកែតុការ, រោងបុណ្យ លៃយ៉ាងណាឲ្យទំហំរោងបុណ្យ, រោងការរបស់ខ្លួនសមល្មមនឹងទំហំផ្លូវដែលអាចឲ្យធ្វើចរាចរណ៍បាន សមល្មមសម្រាប់រថយន្តដឹកសំរាម ។ ការបិទផ្លូវទាំងស្រុង ប្រឈមនឹងហានិភ័យខ្ពស់ ឬក៏ប្រសិនបើមានគ្រោះថ្នាក់ ដូចជាអគ្គិភ័យកើតឡើងជាយថាហេតុណាមួយនោះ តើរថយន្តពន្លត់អគ្គិភ័យអាចបើកបរជាន់លើរោងការ, រោងបុណ្យ នោះឬយ៉ាងណា? ដូច្នេះទាំងអាជ្ញាធរ ទាំងអ្នកដែលមានសិទ្ធិក្នុងការចុះហត្ថលេខាឲ្យមានរោងបុណ្យ រោងការ សង់បិទផ្លូវ គួរពិចារណាផង អំពីហានិភ័យដែលនឹងកើតឡើង?… ប៉ុន្តែអ្វីដែលត្រូវធ្វើជាបឋមនៅពេលនេះ គឺលៃយ៉ាងណាទុកផ្លូវអាចឲ្យធ្វើដំណើរចេញ-ចូលបានផង ជាពិសេសរថយន្តប្រមូលសំរាម ៕ ប្រជាពលរដ្ឋម្នាក់