ខេត្តបាត់ដំបង៖ ក្រោយពីអ្នកស្រុកនៅស្រុក សំពៅលូននាំគ្នា ភ្ញាក់ផ្អើល ប្រទះ ឃើញប្រាសាទ បុរាណ នៅជើងភ្នំ នៅជិតព្រំដែនកម្ពុជា-ថៃ ប្រជាពលរដ្ឋនាំ គ្នាមានជំនឿជឿជាក់ថាមានបារមីសក្តិសិទ្ធនាំគ្នាបន់ស្តន់។ មន្រ្តីជំនាញ វប្បធម៌ ខេត្ត និងវិចិត្រសិល្បៈខេត្តបាត់ដំបងចុះ ទៅត្រួតពិនិត្យឃើញបានអះអាងថា ថ្មនោះមិនមែន ជាថ្មប្រាសាទបុរាណ នោះទេគឺ ជាថ្មសំណឹក ធម្មជាតិមាន រាងដូច ជាប្រាសាទកំពូល៥ ។ ថ្មមានរាងដូចប្រាសាទ ដែលអ្នកស្រុកប្រទះឃើញ ស្ថិតនៅចំណុចភ្នំប្រាសាទ ក្បែរអូរល្វា ក្នុងភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម សុភ័ណ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ទីតាំងខាងលើគឺជាកូនភ្នំតូចមួយ ថ្មនោះមានលក្ខណៈធម្មជាតិ គឺវាមានសំណឹកតាមរយៈត្រូវទឹកភ្លៀង ត្រូវខ្យល់រាប់សិបលានឆ្នាំទៅ ហើយដូច្នេះធ្វើឲ្យថ្មទាំងនេះ ប្រែប្រួលលក្ខណៈទ្រង់ទ្រាយ មានរាងដូចប្រាសាទនោះមែន និងគ្មានការកសាងដោយមនុស្សនោះឡើយ ។ ពោល ថ្មនេះវាក៏មានលក្ខណៈដូចថ្មនៅភ្នំសំពៅប្រាំ ស្ថិតនៅលើភ្នំបូកគោ ខេត្តកំពត វាមានសំណឹកដូចគ្នានោះផងដែរ ។
ជុំវិញនៃការចុះត្រួតពិនិត្យថា មានប្រាសាទបុរាណនៅក្នុងភូមិសាស្រ្តស្រុកជាប់ព្រំដែនកម្ពុជា-ថៃ បើតាមប្រជាពលរដ្ឋដែលឲ្យដឹងថា ថ្មនេះត្រូវបានអ្នកស្រុកប្រទះឃើញជាច្រើនឆ្នាំមកហើយ ទើបតែមួយរយៈចុងក្រោយនេះ ក៏មានការនិយាយតគ្នា និងការថតបង្ហោះតាមព័ត៌មានសង្គម ពីប្រជាពលរដ្ឋ ទើបមន្ត្រីជំនាញ ចុះមកពិនិត្យជាក់ស្តែង បង្ហាញថា មិនមែនជាប្រាសាទបុរាណ នោះទេ។
ពលរដ្ឋបន្តទៀតថា ថ្មមានរាងដូចប្រាសាទបុរាណ គឺមានបារមីសក្តិសិទ្ធ ដោយប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ មានជំនឿជឿជាក់តែងនាំគ្នាតែទៅបន់ស្រន់សុំសេចក្តីសុខបានដូចបំណង និងជាពិសេសបន់ស្រន់សុំទឹកភ្លៀងជារៀងរាល់ឆ្នាំ នៅពេលជួបបញ្ហាគ្រោះរាងស្ងួតម្ដងៗ ក្រោយបន់រួច ក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិតប្រាកដមែន ។
បច្ចុប្បន្នពលរដ្ឋនៅក្នុងតំបន់នោះកំពុងនាំគ្នាអភិរក្ស ថ្មមានរាង ដូចប្រាសាទ បុរាណដើម្បីរក្សាទុកឲ្យបានគង់វង្ស សម្រាប់ទុកឲ្យប្រជាពលរដ្ឋគោរពបូជាពីមួយជំនាន់ទៅមួយជាន់រហូតទៅ ៕ សំ វិច្ឆិកា