ព្រៃឈើតំបន់ការពារនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ នៅតែបន្តទទួលរងនូវការកាប់បំផ្លាញ ព្រោះតែពួកឈ្មួញមានឥទ្ធិពល ឈរចាំទិញជាចំហរ ដោយមិនញញើតច្បាប់នោះឡើយ ។ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មិនដែលខ្វល់ចំពោះបញ្ហាបង្ក្រាបបទល្មើសនោះទេ ដោយគេសង្ស័យថា ពួកឈ្មួញបានចែករំលែកលាភសក្ការ ជូនដល់អស់លោកដែលមានជំនាញ ដែលជាស្ថាប័នជំនាញរួចអស់ហើយ ។ គេរាយការណ៍ថា ឈ្មួញល្បីឈ្មោះ ឆាង ម៉ៅ ឬ ង៉ោ ម៉ៅ ដែលទិញឈ្មោះមន្ត្រីនគរបាលនៅស្រុកក្រគរ ឈរធ្វើសកម្មភាពចាំទិញឈើ នៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញនោះ កំពុងធ្វើសកម្មភាពជាចំហរ ។
គេរាយការណ៍ទៀតថា ឈ្មួញ ឆាង ម៉ៅ បានដាក់កម្លាំងចាំឈរទិញឈើប្រណីតប្រភេទធ្នង់ នៅចំណុច
ស្ទឹងទី៣ ស្ថិតក្នុងភូមិវាល ឃុំសំរោងស្រុកភ្នំក្រវាញ, នៅជើងភ្នំ ត្រង់ចំណុចស្ទឹងរប៉ាត់រប៉ាយ ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ និងនៅទីតាំងផ្លូវចូលចំណុចត្រពងពុង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង និងមួយចំណុចទៀតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ សកម្មភាពនៃការទិញឈើទាំងបណ្តាប៉ុន្មានចំណុចខាងលើនេះ គឺបានធ្វើឡើងទាំងចំហរ ដោយមិនខ្លាចអំណាចនរណាឡើយ ។ លោក ង៉ោ ម៉ៅ ឬឆាង ម៉ៅ បានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ បើទោះបីជាដឹងថា សកម្មភាពក្នុងការទិញឈើទាំងនោះ គឺជាអំពើខុសច្បាប់ក៏ដោយ ។
អ្វីដែលហួសពីនេះទៀត សកម្មភាពនៃការទិញឈើផ្តាច់មុខនេះ គឺធ្វើឲ្យប្រជាពលរដ្ឋអ្នករកស៊ីឈើរអ៊ូរទាំ ពីព្រោះថា នៅពេលដែលដឹកឈើយកទៅឲ្យកូនដៃលោក ឆាង ម៉ៅ ដែលឈរចាំទិញហើយនោះ គឺត្រូវតែលក់ឲ្យក្នុងតម្លៃណាក៏ដោយ បើមិនដូច្នោះទេ មុខជាត្រូវក្រុមលោកឆាង ម៉ៅ ប្តឹងឲ្យសមត្ថកិច្ចចាប់អ្នករកស៊ីកាប់ឈើនោះ ដាក់គុកមិនខាន ។ ដូច្នេះ អ្នករកស៊ីដឹកឈើ ឬកាប់ឈើត្រូវបង្ខំចិត្តលក់ឈើ ទោះបីតម្លៃថោកទៅឲ្យក្រុមលោកឆាង ម៉ៅ ពីព្រោះក្រុមនេះជាអ្នកម៉ៅផ្តាច់ក្នុងការទិញឈើនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ។ បើទោះបីជាសកម្មភាពទិញឈើទាំងនេះត្រូវបានធ្វើជាចំហរក៏ដោយ ក៏មន្ត្រីបរិស្ថាន ក៏ដូចជារដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ មិនដែលខ្វល់នោះដែរ ៕