ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរអនុញ្ញាតឲ្យបើកហាង​ដោយមិនគិតពីចំណត

ចែករំលែក៖

ហាងកាហ្វេ​ថ្មីៗ បានកើតឡើងជាបន្តបន្ទាប់​នៅកណ្តាលរាជធានីភ្នំពេញ ដោយការអនុញ្ញាត​យល់ព្រមពីអាជ្ញាធរ ប៉ុន្តែ​មិនបានគិតគូរ​អំពីចំណត​នោះឡើយ ។ ដូច្នេះ យានយន្តរបស់អតិថិជននៃហាងកាហ្វេល្បីឈ្មោះជាច្រើន បានយកចិញ្ចើមផ្លូវ និងខ្លះ​យកចំណែកផ្លូវធ្វើជា​ចំណត​តែម្តង ។ ប្រការនេះ ធ្វើឲ្យផ្លូវរួមតូច ហើយមិនអាច​ធ្វើចរាចរណ៍បាន ។ នេះជាមូលហេតុមួយ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញនេះដែរ ។ ដូច្នេះវាជាកំហុសរបស់អាជ្ញាធរ ដែលអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ឬអាជីវករបើកហាង​លក់កាហ្វេ ដោយមិនគិត​អំពីចំណតឲ្យបានច្បាស់លាស់ ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទ​មើលឃើញថា បញ្ហាកកស្ទះចរាចរណ៍​នៅក្នុងទីក្រុងសព្វថ្ងៃ មួយផ្នែកដោយសារតែ​ហាងផឹកស៊ី ហាងកាហ្វេ ក៏ដូចជាភោជនីយដ្ឋាន រួមទាំងហាងទំនិញផង មិនមានចំណតត្រឹមត្រូវឲ្យអតិថិជនរបស់ខ្លួន ។ ម្ចាស់អាជីវកម្ម ខ្លះយកចិញ្ចើមផ្លូវ​ធ្វើជាចំណត ដែលជាមូលហេតុធ្វើឲ្យផ្លូវកាន់តែរួមតូច ហើយជាពិសេស គឺមិនអាចឲ្យអ្នកធ្វើជើងធ្វើដំណើរបាននោះឡើយ ។ អាជ្ញាធរតែងតែរអ៊ូរទាំអំពីការលំបាក​ក្នុងការរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែគឺអាជ្ញាធរ​នេះ​ហើយដែលជាអ្នកបង្កឲ្យមានបញ្ហាខាងសណ្តាប់ធ្នាប់ ព្រោះជាអ្នកអនុញ្ញាតឲ្យគេបើក​ហាងដោយមិនគិតគូរអំពីបញ្ហា​ចំណតជាមុននោះ ។ សាលារាជធានីភ្នំពេញតែងតែដាស់តឿន និងប្រកាសថា ត្រូវ​មានចំណត មុននឹងបើកហាង ធ្វើអាជីវកម្មនានា ។ ប៉ុន្តែ​វិធានការនេះ​ហាក់ដូចជាមិនមានប្រសិទ្ធភាពទេ ។

មិនតែប៉ុណ្ណោះ អគារធំៗ ដែលជួលឲ្យគេធ្វើជាការិយាល័យ ក៏គ្មានចំណតសមរម្យ​នោះដែរ ។ ជាក់ស្តែង​អគារធំមួយខាងលិច​មន្ទីរពេទ្យ​កុមារជាតិ ជួលឲ្យគេបើកក្រុមហ៊ុន ប៉ុន្តែគ្មានចំណត​នោះឡើយ ។ បុគ្គលិក​ក្រុមហ៊ុនដែលធ្វើការនៅក្នុងអគារនេះ បានយកយានយន្តរបស់ខ្លួនផ្ញើជាប់នឹងរបងមន្ទីរពេទ្យកុមារជាតិ ។ ជួនកាលគេផ្ញើយានយន្តលយមកលើចំណែកផ្លូវ ដែលមិនត្រឹមតែបាត់បង់ចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរថ្មើរជើង​ប៉ុណ្ណោះទេ ប៉ុន្តែ​សូម្បីតែផ្លូវសម្រាប់យានយន្ត​ក៏ត្រូវបានកាត់បន្ថយដែរ ។ ចំណុចនេះ អាជ្ញាធរ​គួរតែពិនិត្យពិច័យ ព្រោះវាជាហេតុផលរួម ដែលអាច​កាត់បន្ថយបាន ។ រីឯការដែលអនុញ្ញាតឲ្យម្ចាស់ហាង​លក់ទំនិញ, កាហ្វេ, គុយទាវ យកចិញ្ចើមផ្លូវ ឬចំណែកផ្លូវ​ធ្វើជាចំណតយានយន្តនោះ វាក៏អាច​ចាត់វិធានការ​ដោយច្បាប់បានដែរ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖