នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតក្រសួងសុខាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសដាច់ណាត់ពីការអនុវត្តអភិក្រម ក្នុងការកំណែទម្រង់ ។ សម្តេចតេជោបានប្រកាសថា ទោះបីជាជម្រៅណាក៏ដោយ ត្រូវជីកកកាយតាមចាប់មេខ្លោងគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ឲ្យទាល់តែបាន ។ មិនតែប៉ុណ្ណោះ សម្តេចតេជោក៏បានព្រលយថា មានទីតាំងគ្រឿងញៀនធំមួយទៀត ដែលសមត្ថកិច្ចមិនព្រមចាប់ ទាំងពីរកន្លែងតែម្តងក្នុងពេលតែមួយកន្លងទៅនោះ ។ នេះជាអ្វីដែលសម្តេចតេជោបានលើកឡើង ដែលសមត្ថកិច្ចគួរតែត្រូវដឹងថា តើទីតាំងធំមួយទៀត នោះគួរតែកាត់ផ្តាច់ឫសគល់ព្រមគ្នាជាមួយក្លិបកម្សាន្តរ៉ក់តែម្តងទៅ ។
ក្នុងនាមប្រជាពលរដ្ឋមួយរូប ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគតិបណ្ឌិតរបស់សម្តេចតេជោ ក្នុងការបង្ក្រាបបញ្ហាគ្រឿងញៀននេះ ។ ប៉ុន្តែទីតាំងធំមួយកន្លែងទៀតនោះ ក៏គួរតែចាត់វិធានការផ្តាច់ឫសគល់ផងដែរ បើមិនដូច្នោះទេ ជំងឺគ្រឿងញៀន នៅតែមិនអាចព្យាបាលបាន ។ ក្នុងនាមប្រជាពលរដ្ឋខ្ញុំជឿថា អាជ្ញាធរមានសមត្ថកិច្ចប្រាកដជាដឹងហើយទីតាំងធំមួយកន្លែងទៀត ដែលមានជំនួញ និងការប្រើប្រាស់គ្រឿងញៀនយ៉ាងគគ្រឹកគគ្រេងនោះ ។ ឬមួយក៏ចាំប្រមុខរាជរដ្ឋាភិបាលបញ្ជាផ្ទាល់ឲ្យចាត់វិធានការ ចំពោះទីតាំងគ្រឿងញៀនធំលំដាប់ទីពីរនោះ? ប្រជាពលរដ្ឋដូចខ្ញុំបាទ ពិតជាដឹងថា តើនៅភ្នំពេញមានទីតាំងគ្រឿងញៀនធំៗប៉ុន្មានកន្លែង និងត្រូវជីកឫស ជីកគល់រកអ្នកនៅពីក្រោយខ្នងបានដែរឬទេ ។
ប្រជាពលរដ្ឋពិតជាគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលអំពីបញ្ហាគ្រឿងញៀននេះ ។ បើទោះបីជា អ្នកកាង ឬម្ចាស់ទីតាំងមានអំណាចធំប៉ុនណាក៏ដោយ ក៏ត្រូវតែចាត់វិធានការតាមច្បាប់ ដែលមានស្រាប់នោះដែរ ។ វិធានការដែលមានស្រាប់ គឺជាយន្តការមួយដែលសមត្ថកិច្ចជំនាញយកមកអនុវត្តយ៉ាងមានប្រសិទ្ធភាពដើម្បីបង្ក្រាបអ្នកជួញដូរគ្រឿងញៀន និងអ្នកកាង ។ ក្នុងនាមប្រជាពលរដ្ឋចង់ឃើញតែប្រទេសមួយដែលរស់នៅប្រកបដោយសុខសន្តិភាព មិនមែនញាំញីដោយសារគ្រឿងញៀននោះឡើយ ។ ដើម្បីចៀសផុតពីបញ្ហាគ្រឿងញៀនកំប៉ិកកំប៉ុកត្រូវចាត់វិធានការចំពោះទីតាំងធំៗជាមុនសិន ពីព្រោះថា ការលុបបំបាត់ទីតាំងធំៗ ដែលជាភ្នាក់ងារចែកចាយ ក៏អាចរួមចំណែកលុបបំបាត់ទីតាំងតូចៗនោះបានដែរ ។
អ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានព្រលយ ល្មមសមរម្យដែលអាជ្ញាធរមានសមត្ថកិច្ចអាចចាត់វិធានការចំពោះទីតាំងទីពីរ ឬទីតាំងគ្រឿងញៀនធំៗផ្សេងទៀតបានហើយ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ចង់ដឹងថា តើនរណាជាខ្នងបង្អែកឲ្យទីតាំងគ្រឿងញៀនធំលំដាប់ទី២នៅភ្នំពេញនោះ និងថា តើនៅកម្ពុជាមានទីតាំងគ្រឿងញៀន ចែកចាយ ប្រើប្រាស់គ្រឿងញៀនប៉ុន្មានកន្លែង ។ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចពិតជាគួរឲ្យកោតសរសើរ ប៉ុន្តែត្រូវមានវិធានការបង្ក្រាបគ្រប់ទីកន្លែងមិនថា តួច ឬធំនោះឡើយ ។ ធ្វើបែបនេះ ទើបមានយុត្តិធម៌សង្គម និងផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋបានស្មើៗគ្នា ។ ច្បាស់ហើយ សម្តេចតេជោ ពិតជាគាំទ្រទង្វើសមត្ថកិច្ចក្នុងការបង្ក្រាបនេះ ដូច្នេះ បើទោះបីជាម្ចាស់ទីតាំងជាឧកញ៉ា ពាក់លោកខែ ពាក់ផ្កាយ ក៏ត្រូវចាត់វិធានការដែរ ។ ជយោ! សម្តេចតេជោ! ៕