ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រឿងសមត្ថកិច្ចរុញ​ជនរងគ្រោះឲ្យទៅប្តឹងទីនេះ ទីនោះ

ចែករំលែក៖

ជារឿយៗ ខ្ញុំបាទសង្កេតឃើញថា នៅពេលដែលមានបញ្ហាកើតឡើង នគរបាល​មិនចង់​ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលជាជន​រងគ្រោះ ទាំងក្នុងរឿងជម្លោះគ្រួសារ (ហិង្សា) ឬ​បញ្ហា​សន្តិសុខ​ពាក់ព័ន្ធករណីចោរលួច ចោរប្លន់នោះឡើយ ។ វាក្លាយទៅជាបញ្ហារុញ​ដាក់​គ្នា ដោយសមត្ថកិច្ចខ្លះថា កើតហេតុនៅទីណា ទៅប្តឹងនៅទីនោះ? ខ្លះថា ផ្ទះសម្បែង​ស្នាក់នៅទីណា ទៅប្តឹងនៅទីនោះ? ទីបំផុត​ជនរងគ្រោះ ខ្លះខ្ជិលប្តឹង ព្រោះតែ​សមត្ថកិច្ច​ចេះតែរុញឲ្យទៅនេះ ឲ្យទៅនោះ ។ ថ្មីៗនេះ កើតមាន​ករណីបែបនេះច្រើនមកហើយ ទាំងការ​ស្នើសុំរកអន្តរាគមន៍ពីប្រជាពលរដ្ឋ ក្នុងជម្លោះរឿងគ្រួសារ និងករណី​សន្តិសុខសណ្តាប់ធ្នាប់ជាដើម ។

នេះគឺជាការមិនទទួលខុសត្រូវរបស់សមត្ថកិច្ចមូលដ្ឋាន ជាពិសេស​ថ្នាក់ប៉ុស្តិ៍ ។ ថ្ងៃមុនមានករណីក្មេងទាស់គ្នានៅតាមដងផ្លូវ បែងចែក​សង្កាត់មួយកន្លែង ក្នុងខណ្ឌដូនពេញ ។ នៅពេលដែលពួកគេទៅប្តឹងនៅប៉ុស្តិ៍ ត្រូវបានមន្ត្រីប៉ុស្តិ៍អះអាងថា មិនមែនជាទឹកដីប៉ុស្តិ៍របស់ខ្លួន ដូច្នេះត្រូវតែទៅប្តឹងនៅប៉ុស្តិ៍ខាងនោះទៅ ។ នៅពេលដែលទៅដល់ប៉ុស្តិ៍មួយទៀត មន្ត្រីប៉ុស្តិ៍ទាំងនោះថា កន្លែងពួកគេ​ទាស់គ្នា ស្ថិតនៅក្នុងដែនសមត្ថកិច្ច​ប៉ុស្តិ៍ផ្សេងទេ ដូច្នេះទៅប្តឹងនៅប៉ុស្តិ៍នោះទៅ ។ ទីបំផុត ជនរងគ្រោះ​បានសម្រេចចិត្ត​ត្រឡប់​ទៅផ្ទះរបស់ខ្លួនដោយលែងចង់ទាមទាររកយុត្តិធម៌​ ។ ករណីមួយទៀត​បានកើតឡើងចំពោះគ្រួសារ​មួយ នៅគ្រាដែលពួកគាត់ឈ្លោះ​គ្នាតាមផ្លូវហើយរកអន្តរាគមន៍ភ្លាមៗពីមន្ត្រីនគរបាលមួយកន្លែងនៅក្នុងខណ្ឌទួលគោក ។ មន្ត្រីប៉ុស្តិ៍នៅក្នុងខណ្ឌទួលគោកសួរជនរងគ្រោះថា ផ្ទះនៅឯណា? ជនរងគ្រោះថា ផ្ទះនៅក្នុងខណ្ឌមានជ័យ ។ ពេលនោះមន្ត្រីប៉ុស្តិ៍នៅខណ្ឌទួល​គោកប្រាប់ឲ្យទៅប្តឹង​នៅ​ប៉ុស្តិ៍​ដែល​រស់នៅក្នុងខណ្ឌមានជ័យនោះទៅ ។

ក្រៅតែពីបញ្ហា​នៃការ​មិនទទួលខុសត្រូវ​ចំពោះបញ្ហាកំប៉ិកកំប៉ុកខាងលើនេះ សមត្ថកិច្ច​ក៏លំបាកក្នុងការទាក់ទងផងដែរ ។ ដូច«ឯកឧត្តម»ម្នាក់ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា លេខទូរស័ព្ទរបស់អាជ្ញាធរមូលដ្ឋានថ្នាក់សង្កាត់, ប៉ុស្តិ៍ ដែលដាក់​សម្រាប់ឲ្យប្រជាពលរដ្ឋទាក់ទងនោះ គឺមិនងាយ​នឹងលើកទទួលនោះឡើយ ។ មានន័យថាវាជាលេខទូរស័ព្ទសាធារណៈ ដូច្នេះ​ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន​នៅពេលដែល​ទូរស័ព្ទចូលទៅនោះ ពិតជាគ្មាននរណាទទួលឡើយ ។ រឿងរ៉ាវយ៉ាងដូច្នេះ តែងតែកើតមានជារៀងរាល់ថ្ងៃ នៅតាមបណ្តា សង្កាត់-ខណ្ឌ ព្រោះតែអាជ្ញាធរទាំងពីរថ្នាក់នេះ «ខ្ជិល» និងមិនទទួលខុសត្រូវ ។ សម្រាប់យើងខ្ញុំជាប្រជាពលរដ្ឋ​ធ្លាប់ជួបប្រទះស៊ាំភ្នែកទៅហើយ ។

រឿងរ៉ាវដែលគេអាចប្រទះឃើញ​ជាញឹកញាប់មួយទៀតនោះគឺករណីសាកសពអណ្តែតទឹក ។ សពខ្លះអណ្តែតតាំងពីខណ្ឌជ្រោយចង្វា ហើយត្រូវបានសមត្ថកិច្ច​នៅខណ្ឌនេះ «ឆ្កឹះបំប៉ើង» បន្តអណ្តែត​មកដល់​ខណ្ឌឫស្សីកែវ… អាជ្ញាធរខណ្ឌឫស្សីកែវ ក៏មិនប្រាថ្នាទទួលលាភសក្ការ​រឿងខ្មោចនេះទៀត ក៏ប្រាប់កូនចៅឲ្យរុញទម្រាក់​មកដល់​មុខ​វាំង ក្នុងទឹកដីខណ្ឌដូនពេញ ហើយជួនកាល​មន្ត្រីខណ្ឌដូនពេញ ក៏រុញ​សាកសព​ឲ្យអណ្តែតទឹករហូតដល់ខណ្ឌច្បារអំពៅ ឬខណ្ឌមានជ័យ… ។ រឿងខ្មោចអណ្តែតទឹក​គ្មាននរណា​ចង់បាន​ទទួលខុសត្រូវ? ប៉ុន្តែបើឈើអណ្តែតទឹក ពិតជាមិនបណ្តោយឲ្យហួស​ទៅទេ ។ ដូចគ្នានេះដែរ គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ដែលជាព្រំដែន ខណ្ឌ-សង្កាត់ ក៏ពិបាករកសមត្ថកិច្ចចុះមកដោះស្រាយណាស់ដែរ ។ នៅពេលសួរទៅខ្លះថាក្នុងទឹកដីខណ្ឌនេះ ព្រោះវានៅម្ខាងផ្លូវ ខ្លះថានៅខណ្ឌនោះ ព្រោះនៅចិញ្ចើមផ្លូវទឹកដីខណ្ឌនោះ… ។ ករណីនេះ អាជ្ញាធរថ្នាក់លើ គួរដាក់វិធានការផង ៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖