ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអានៈ សមត្ថកិច្ចខណ្ឌកំបូលដេកលក់ឬ បានជាកើតមានបទល្មើសច្រើន ?

ចែករំលែក៖

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានសង្កេតឃើញថា ចាប់តាំងពីខណ្ឌកំបូលបានផ្ដាច់ចេញពីខណ្ឌពោធិ៍សែនជ័យពេលណាមក មានភាពមិនប្រក្រតីមួយចំនួនជុំវិញបញ្ហាសន្តិសុខក្នុងមូលដ្ឋានដែលកើតមានជាញឹកញាប់ហើយអាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌមួយនេះហាក់ដូចជាដេកលក់ និងមិនយកចិត្តទុកដាក់ទាល់តែសោះទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋរស់នៅឲ្យមានភាពកក់ក្តៅ ។

រូបខ្ញុំផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋទូទៅតែងសង្កេតឃើញថា នាពេលកន្លងមក ក៏ដូចបច្ចុប្បន្ន មានល្បែងស៊ីសង ការប្រើប្រាស់គ្រឿង ចោរលួច ចោរប្លន់ ចោរឆក់ ស្ទើរជាប្រចាំ ហើយមិនត្រូវបានសមត្ថកិច្ចនៅទីនោះបង្រ្កាបបានម្តងណាទេ ក្រៅពី ប្រជាពលរដ្ឋចាប់ជនល្មើសយកទៅប្រគល់ឲ្យសមត្ថកិច្ចដោយខ្លួនឯង ។

ជាក់ស្តែងដូចនៅក្នុងសង្កាត់កំបូលនាប៉ុន្មានថ្ងៃមកនេះ ក្នុងមួយថ្ងៃ មានឆក់ទូរស័ព្ទពេលថ្ងៃមួយលើក និងពេលយប់មានចោរកាប់ប្លន់យកម៉ូតូបានសម្រេចនៅតាមបណ្ដោយផ្លូវជាតិលេខ៤ មិនត្រូវបានអាជ្ញាថរមានសមត្ថកិច្ចនៅទីនោះចុះជួយធ្វើអន្តរាគមន៍ ឬចាប់ជនដៃដល់បានឡើយ ។ ក្នុងករណីនេះត្រូវបានជនរងគ្រោះម្នាក់ដែលត្រូវចោរបួននាក់បានធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកម៉ូតូមួយគ្រឿងទៅបាត់គាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលរួចហើយថែមទាំងសុំឲ្យសមត្ថកិច្ចឆែកតាមកាមេរ៉ាសុវត្ថិភាពរបស់ស្ថានីយប្រេងឥន្ធនៈមួយកន្លែងដែលថតបាន សកម្មភាពប្លន់នេះ តែមិនត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលកំបូលសហការជាមួយម្ចាស់ស្ថានីយដើម្បីវែកមុខឬឆែកក្នុងកាមេរ៉ារកមុខជនដៃដល់បានឡើយ។ផ្ទុយទៅវិញសកម្មភាពចោរប្លន់ដែលជនដៃដល់ប្រើកាំបិតប៉័ងតោកាប់ជនរងគ្រោះត្រូវចំក្បាលពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ដេរ៨ថ្នេររួចយកម៉ូតូទៅបាត់ដោយសុវត្ថិភាព បែរជា សមត្ថកិច្ចនៅទីនេះលាក់បាំងព័ត៌មាននេះមិនឲ្យថ្នាក់លើរបស់ខ្លួនដឹងព្រោះខ្លាចត្រូវមាត់ និងមិនចូលរួមសហការជាមួយស្ថានីយប្រេងឥន្ធនៈឆែកកាមេរ៉ាស្រាវជ្រាវជនដៃដល់នោះទេ  ។ 

ប្រជាពលរដ្ឋក៏ដូចរូបខ្ញុំផ្ទាល់គិតថា បទល្មើសដែលកើតឡើងជាញឹកញាប់នេះនៅមិនទាន់គិតពីភាពអសន្តិសុខនៅតាមផ្លូវលំឬផ្លូវបេតុងចូលក្នុងភូមិមួយចំនួនទៀតនៅឡើយ ខណៈដែលគេសង្កេតឃើញថាគ្រឿងញៀនបានកើតមានក្នុងមូលដ្ឋាននេះប្រៀបបីដូចជាផ្សារត្រីហើយអ្នកលក់គ្រឿងញៀនទៀតសោតច្រើនតែក្មេងស្ទាវៗ។ ពេលសេពគ្រឿងញៀនម្ដងៗពួកគេតែងបង្កទំនាស់កាប់ចាក់គ្នាមិនញញើត ហើយរាល់បទល្មើសកើតឡើងពេលជនរងគ្រោះជាច្រើនបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរ​បាលខណ្ឌកំបូលក៏ដូចជានៅតាមបណ្តាសង្កាត់នីមួយៗមិនឃើញមានសមត្ថកិច្ចនៅទីនោះដោះស្រាយឬបង្ក្រាបចោរលួចចោរប្លន់ទាំងនោះបានម្តងណាទេ ឬបានដែរ តែបានម្តងម្កាល ។

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់កំបូល ស្នើសុំឱ្យលោកស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចុះត្រួតពិនិត្យអំពីសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូលផង ព្រោះថាសមត្ថកិច្ចនៅទីនោះហាក់កំពុងដេកលក់ខ្លាំងណាស់ ៕ ប្រជាពលរដ្ឋរស់នៅសង្កាត់កំបូលម្នាក់ 


ចែករំលែក៖