រោងការសង់បិទផ្លូវសាធារណៈមួយ នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែធ្នូខាងមុខនេះ គឺជាឱកាស ដែលសិស្សសាលាវេសស្ទើនអន្តរជាតិត្រូវសម្រេចចិត្តផ្អាកការសិក្សារយៈពេល២ថ្ងៃ។ នៅក្នុងសេចក្តីជូនដំណឹងរបស់សាលាវេសស្ទើនអន្តរជាតិបឹងត្របែកសាខាទី១ បានជូនដំណឹងដល់មាតាបិតា អាណាព្យាបាល និងសិស្សទាំងអស់ឲ្យបានជ្រាបថា សម្រាប់តែសាខាបឹងត្របែកទី១ នឹងមានការសម្រាករយៈពេល២ថ្ងៃ ដោយមូលហេតុ មានការបិទផ្លូវរៀបចំពិធីមង្គលការនៅភូមិគ្រឹះខាងមុខសាលា នៅថ្ងៃទី១១ និង១២ ខែធ្នូ ឆ្នាំ២០១៩ ហើយសិស្សត្រូវចូលរៀនជាធម្មតាវិញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមសេចក្តីជូនដំណឹងនេះ ផ្លូវមួយខ្សែនៅមុខសាលាវេសស្ទើនអន្តរជាតិ សាខាបឹងត្របែកត្រូវផ្អាកការសិក្សារយៈពេល២ថ្ងៃ ព្រោះតែរោងការសង់បិទផ្លូវ។ វាមិនមែន សម្រាប់តែអ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវនោះរាល់ថ្ងៃទេ ប៉ុន្តែច្បាស់ណាស់ វាបាន រំខានដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋ រួមទាំងកូនខ្ញុំបាទផង។ ឯណាទៅការ តាំងចិត្តរបស់សាលារាជធានី ដែលប្រកាសកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ដែល ថាមិនអនុញ្ញាតឲ្យរោងបុណ្យ រោងការសង់បិទផ្លូវដូចមុនទៀតហើយនោះ។ ម្តងនេះ មិន មែនត្រឹមតែធ្វើឲ្យអ្នកធ្វើដំណើរជេរប្រទេចផ្តាសាអាជ្ញាធរនោះទេ ប៉ុន្តែកូនចៅប្រជា ពលរដ្ឋ ដែលត្រូវទៅរៀនសូត្រនៅសាលាមុខរោងការនោះ ត្រូវខកខានរយៈពេល២ ថ្ងៃថែមទៀត។ ដូច្នេះវិធានការរបស់សាលារាជធានីភ្នំពេញមិនគ្របដណ្តប់ចំពោះ កំណាត់ផ្លូវមុខសាលាវេសស្ទើនអន្តរជាតិសាខាបឹងត្របែកទី១នោះឡើយ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់សែនសោកស្តាយចំពោះការដែលបញ្ជូនកូនទៅរៀននៅ សាលាវេសស្ទើនអន្តរជាតិសាខាបឹងត្របែកទី១ ដោយមិននឹកស្មានថាមានរោងការ សង់បិទផ្លូវបំពានសេចក្តីសម្រេចចិត្តដ៏មុតមាំរបស់សាលារាជធានីភ្នំពេញនោះឡើយ។ បើដឹងថាមានគេសង់រោងការបិទផ្លូវមុខសាលាវេសស្ទើនអន្តរជាតិសាខាបឹងត្របែកទី ១យ៉ាងដូច្នេះ ខ្ញុំបាទមិនបញ្ជូនកូនទៅរៀននៅសាលាដែលមានទីតាំងខាងលើនេះទេ និងម្យ៉ាងទៀតនឹកស្មានថា សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញមុខជាត្រូវ បានអនុវត្តបយ៉ាងខ្ជាប់ខ្ជួនជាពុំខានឡើយ។ ប៉ុន្តែទីបំផុតវាគ្រាន់តែជាសេចក្តីជូន ដំណឹង ដែលមិនមានតម្លៃសម្រាប់ឲ្យប្រជាពលរដ្ឋគោរពនោះទេ។
បើតាមខ្ញុំបាទទោះបីជាបុគ្គលណាក៏ដោយរស់នៅក្រោមច្បាប់ ត្រូវអនុវត្តច្បាប់ មិន មែនច្បាប់កំណត់ដោយឡែកថា អ្នកដែលមានលំនៅឋានមុខសាលាវេសស្ទើនអន្តរជាតិ សាខាបឹងត្របែកទី១ អាចសង់រោងការបិទផ្លូវបាននោះទេ។ ផ្ទុយទៅវិញទីណាក៏ដោយ ឲ្យតែស្ថិតក្រោមវិសាលភាពសាលារាជធានីភ្នំពេញត្រូវតែស្ថិតក្រោមច្បាប់ ដែល សាលារាជធានីភ្នំពេញបានកំណត់។ និយាយយ៉ាងដូច្នេះមិនមែនមានន័យថា ខ្ញុំបាទ អាក់អន់ស្រពន់ចិត្តចំពោះម្ចាស់កម្មវិធីមង្គលការដែលសង់រោងបិទផ្លូវនោះទេ ផ្ទុយទៅ វិញគឺការដែលអាជ្ញាធរបង្កើតច្បាប់ហើយមិនអនុវត្តឯណោះទៅវិញទេ ដែលធ្វើឲ្យប្រជា ពលរដ្ឋខូចចិត្ត។ មតិភាគច្រើនក៏ដូចជាខ្ញុំបាទផងដែរ យល់ថាពេលនេះរោងការ១បាន សង់បិទផ្លូវចរាចរណ៍ បណ្តាលឲ្យសិស្សខានរៀនរយៈពេល២ថ្ងៃ បើប្រជាពលរដ្ឋមិន ថ្នាំងថ្នាក់ មិនរិះគន់ទើបវាចម្លែក៕ ប្រជាពលរដ្ឋម្នាក់