ទីផ្សារមូលបត្រនៅក្នុងតំបន់អាស៊ី បានធ្លាក់ចុះជាច្រើនសប្តាហ៍ជាប់គ្នា ដោយសារតែការវាយប្រហារដោយកូវីដ-១៩ ហើយប្រទេសជាច្រើនបានបិទព្រំដែន និងផ្សារទំនើប ។ ជាមួយគ្នា នេះ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩មិនដឹងថាពេលណាអាចគ្រប់គ្រងបានទាំងស្រុងនោះឡើយ។
ប៉ុន្តែក្រោយពេលអាមេរិក ប្រកាសកញ្ចប់ចំណាយជួយសល់សេដ្ឋកិច្ចបញ្ចៀសផលប៉ះពាល់ដោយសារតែ កូវីដ-១៩បានជួលដល់ទីផ្សារមូលបត្រ នៅក្នុងតំបន់អាស៊ីនិងលើពិភពលោក មានសន្ទុះកើនឡើងវិញ ។
សារព័ត៌មាន ប៊ីប៊ីស៊ី បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងព្រឹទ្ធសភាបានយល់ព្រមលើកញ្ចប់ជំនួយសេដ្ឋកិច្ចមួយ ក្នុងតម្លៃ១,៨ពាន់ពាន់លានដុល្លារ ជាហេតុនាំឲ្យទីផ្សារភាគហ៊ុន នៅអាស៊ីមានការកើនឡើងខ្ពស់។
ទីផ្សារភាគហ៊ុនបានកើនឡើងខ្លាំង។ រីឯផ្សារហ៊ុននៅ Wall Street សហរដ្ឋអាមេរិក និងផ្សារហ៊ុននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មានការកើនឡើង កាលពីថ្ងៃទី២៤ ខែមីនា បន្ទាប់ពីការប៉ាន់ស្មានថា នឹងមានកិច្ចព្រមព្រៀងលើកញ្ចប់ជំនួយសេដ្ឋកិច្ចអាមេរិក កើតឡើង ។
ទីផ្សារភាគហ៊ុននៅអាស៊ី ក៏បានកើនឡើងខ្លាំងដែរ នៅក្នុងការជួញដូរ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។ សន្ទស្សន៍ភាគហ៊ុនជប៉ុន Nikkei 225បានកើនឡើង ៧,៩ភាគរយ ក្រោយពីព័ត៌មានដ៏ល្អនេះផ្សព្វផ្សាយ។
កញ្ចប់ថវិកាជំនួយរបស់អាមេរិករួមបញ្ចូលថវិកា សម្រាប់សង្គ្រោះដល់ឧស្សាហកម្មទាំងឡាយ ដែលរងផលប៉ះពាល់ បណ្តាលមកពីវិបត្តិ នៃការឆ្លងរាតត្បាតវីរុសកូវីដ១៩។
នៅសហរដ្ឋអាមេរិក ផ្សារភាគហ៊ុន Dow Jones Industrial Average បានកើនឡើងបំផុត ក្នុងមួយថ្ងៃ មិនដែលធ្លាប់មាន ចាប់តាំងពីឆ្នាំ១៩៣៣នោះមក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កញ្ចប់ថវិកាជំនួយនេះ មិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយដែរ។
ទីផ្សារនៅអាស៊ី, សន្ទស្សន៍ Hang Seng នៅហុងកុង បានកើនឡើង ៣,១ភាគរយ ហើយសន្ទស្សន៍ភាគហ៊ុនរបស់ចិន Shanghai Composite បានកើនឡើង២ភាគរយ នៅក្នុងការជួញដូរកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។
គួរបញ្ជាក់ថា នៅក្នុងខែនេះ ទីផ្សារហ៊ុនអាមេរិក Dow Jones Industrial Average បានកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលចំនួន៥ថ្ងៃមកនេះ ហើយធ្លាក់ចុះបំផុតចំនួន៥ថ្ងៃ មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងរយៈពេល១៣៥ឆ្នាំ។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ផ្សារភាគហ៊ុន Wall Street, ផ្សារហ៊ុន Dow Jones បានកើនឡើងដល់ ១១,៤ភាគរយ ដែលមិនធ្លាប់មាននោះឡើយ ចាប់តាំងពីពេលវិបត្តិសេដ្ឋកិច្ចពិភពលោក (Great Depression) នាឆ្នាំ១៩៣០នោះមក ៕ ដោយ៖ធីរីណា