បារាំង៖ អាចនិយាយបានថា ប្រទេសតំបន់អឺរ៉ុបកំពុងប្រឈមបញ្ហាយ៉ាងខ្លាំង នៃការឆ្លងរាលដាលកូវីដ-១៩ ប្រទេសក្នុងតំបន់អឺរ៉ុបបានសម្រេច ប្រើប្រាស់ កម្លាំងទាហានដើម្បី ទប់ស្កាត់ការឆ្លងរាលដាល។ ទាហានបានដាក់ពង្រាយគ្រប់ទិសទីដើម្បីត្រួតពិនិត្យ បម្រាមគោចរ របស់ពលរដ្ឋ បញ្ចៀសការឆ្លងរាលដាល លើសពីសមត្ថភាពគ្រប់គ្រង ។
នៅពេលនេះបារំាង បានសម្រេចដកទាហានចេញពីអ៊ីរ៉ាក់ជាបណ្តោះអាសន្ន ក្រោយពេល សភាអ៊ីរ៉ាក់បានបោះឆ្នោត ហាមកងកម្លាំងបរទេសទាំងអស់មានវត្តមាន នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោយពីការវាយប្រហារធ្វើឃាតទៅលើមេទ័ពអ៊ីរ៉ង់ និងជាមេបញ្ជាការកងកម្លាំងជនជាតិឃឺដ (Quds) លោក Qassem Soleimaniនោះរួចមក ។ រីឯជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីរ៉ាក់ មកទល់នឹងថ្ងៃទី២៦ ខែមីនា មាន៣១៦នាក់ ក្នុងនោះបាត់បង់ជីវិត២៧នាក់ និង៧៥នាក់បានចាកចេញពីមន្ទីរពេទ្យ ។
ប្រភពព័ត៌មានTelesurtv ផ្សាយថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រសួងការពារជាតិបារាំង បានប្រកាសថា នឹងដកកងទ័ពទាំងអស់ដែលឈរជើងនៅក្នុងទឹកដីអ៊ីរ៉ាក់ រហូតទាល់តែមានស្ថានការណ៍អំពីការឆ្លងរាតត្បាត នៃវីរុសកូវីដ-១៩ មានភាពល្អប្រសើរឡើងវិញ ។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង បានបញ្ជាក់ថា ខ្លួនសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍កងកម្លាំង រហូតទាល់មានការប្រកាសអំពីការដាក់ពង្រាយកងកម្លាំងឲ្យធ្វើប្រតិបត្តិការនៅអ៊ីរ៉ាក់ជាថ្មី ។
បារាំងនៅតែបន្តប្រតិបត្តិការតាមដែនអាកាសប្រឆាំងទៅលើក្រុមរដ្ឋអិស្លាមនៅឡើយទេ ។ ប៉ុន្តែដោយសារស្ថានការជំងឺកូវីដ ១៩ ឆ្លងរាតត្បាត ទើបបារាំងសម្រេចដកកងទ័ពចេញពីអ៊ីរ៉ាក់ជាបណ្តោះអាសន្ន ។
យោធាអ៊ីរ៉ាក់ កាលពីថ្ងៃទី២៤ ខែមីនា បានប្រកាសថា កងកម្លាំងទាហានបារាំង ដែលស្ថិតក្នុងក្រុមសម្ពន្ធមិត្ត ដឹកនាំដោយអាមេរិក ប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ិស្លាម (IS)នោះ នឹងដកចេញពីទឹកដីអ៊ីរ៉ាក់ ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន INA។ រីឯការដកកងកម្លាំងនេះធ្វើឡើង តាមការសម្របសម្រួល និងកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ផងដែរ ។
គួរបញ្ជាក់ថា កងទ័ពបារាំងជាផ្នែកមួយ នៃកងកម្លាំងសម្ពន្ធមិត្តអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានទទួលភារកិច្ចជួយដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ប្រយុទ្ធប្រឆាំងក្រុមជីវពល IS ។ ប្រតិបត្តិការរបស់បារាំងធ្វើឡើង តាមដែនអាកាសប្រឆាំងនឹងក្រុម IS នៅក្នុងអ៊ីរ៉ាក់ និងស៊ីរី ហើយផ្តល់សម្ភារបរិក្ខារយោធា និងហ្វឹកហាត់ទៅដល់កងកម្លាំងយោធាអ៊ីរ៉ាក់ផងដែរ។
មកលទល់ពេលនេះ មានពលរដ្ឋជាង៤៦៨ពាន់នាក់បានឆ្លងកូវីដ-១៩ និងអ្នកស្លាប់កើនឡើងដល់ជាង២១ពាន់នាក់ហើយ។ ការឆ្លងរាលដាលកើនឡើងកាន់តែខ្ពស់ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់មនុស្សជាតិ ។
នៅពេលនេះក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានស្នើឲ្យបង្កើល្បឿននៃការផលិតវ៉ាក់សាំង ប្រឆាំង COVID-19 ឲ្យបានលឿនបំផុត ដើម្បីកុំឲ្យជំងឺនេះចាក់ឬសកាន់តែខ្លាំង ។ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូបរបស់អាមេរិក បាននិយាយថា វាមានឱកាសទៅរួចដែលវីរុសកូរ៉ូណាថ្មី ដែលបង្កជាជំងឺរលាកសួតធ្ងន់ធ្ងរ COVID-19 អាចនឹងក្លាយជាជំងឺមួយ កើតឡើងវិលជុំតាមវដ្ដរដូវ ដូច្នេះហើយចាំបាច់ណាស់ត្រូវតែស្វែងរកវ៉ាក់សាំង និងវិធីសាស្រ្តព្យាបាលជំងឺនេះឱ្យមានប្រសិទ្ធភាព ឱ្យបានកាន់តែឆាប់រហ័ស។
លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) ដែលជាអ្នកដឹកនាំស្រាវជ្រាវពីជំងឺឆ្លង នៅឯវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក ធ្វើការកត់សម្គាលខាងលើ នៅក្នុងការធ្វើបទបង្ហាញដ៏ខ្លីមួយ នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ដែរថា វីរុសកូរ៉ូណាថ្មីបាននិងកំពុងចាក់ឬស នៅក្នុងតំបន់អឌ្ឍគោលខាងត្បូង ជាទីដែលមានអាកាសធាតុ ត្រជាក់កំពុងខិតជិតចូលមកដល់។
អ្នកវិទ្យាសាស្ត្រអាមេរិកកាំងរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលយើងកំពុងមើលឃើញក្នុងពេលនេះ… នោះគឺនៅក្នុងតំបន់អាហ្វ្រិកខាងត្បូង និងបណ្ដាប្រទេសអឌ្ឍគោលខាងត្បូង មានករណីឆ្លង COVID-19 ចំពេលអាកាសធាតុត្រជាក់កាន់តែខិតជិតចូលមកដល់។ មួយវិញទៀត បើសិនជាពួកគេមានករណី ឆ្លងរីករាលដាលខ្លាំង នោះយើងត្រូវតែត្រៀមខ្លួនជាមុន ចំពោះលទ្ធភាពដែល COVID-19 អាចនឹងក្លាយជាជំងឺមួយកើតឡើងវិលជុំវិញតាមវដ្ដរដូវ ហើយវាចាំបាច់ផងដែរ ក្នុងការស្វែងរកវ៉ាក់សាំង និងវិធីសាស្រ្តព្យាបាលជំងឺនេះឱ្យមានប្រសិទ្ធភាព ឱ្យបានកាន់តែឆាប់រហ័ស»។
គួរជម្រាបថា ការអត្ថាធិប្បាយរបស់លោក Anthony Fauci បានសន្មត់ថា វីរុសកូរ៉ូណាថ្មីអាចសម្របខ្លួន និងរស់នៅក្នុងអាកាធាតុត្រជាក់បានល្អជាង អាកាសធាតុក្ដៅ និងមានសំណើម។ ការសន្មត់នេះទៀតសោត ក៏មានលក្ខណៈស្រដៀងគ្នាផងដែរ ទៅនឹងការសិក្សាស្រាវជ្រាវថ្មីមួយ ដែលបានបង្ហាញថា វីរុសនេះអាចរស់នៅក្នុងតំណក់ទឹក ខ្យល់អាកាស នៅពេលអ្នកឆ្លងជំងឺនេះកណ្ដាស ឬក្អកចេញមកក្រៅ នៅក្រោមអាកាសធាតុត្រជាក់ យូរជាងអាកាសធាតុក្ដៅ ព្រោះអាកាសធាតុត្រជាក់ អាចធ្វើឱ្យប្រព័ន្ធភាពសុំាមនុស្សចុះខ្សោយ។
ប៉ុន្តែវាមិនមែនមានន័យថា នៅក្រោមអាកាសធាតុក្ដៅ វីរុសកូរ៉ូណាថ្មីនឹងត្រូវបានបាត់បង់ ឬស្លាប់ទាំងស្រុងនោះទេ។ ជាឧទាហរណ៍ ជាក់ស្ដែងនៅអូស្រ្តាលី មានអ្នកឆ្លងជិត ២,៥០០នាក់ និង ០៨នាក់ស្លាប់ ខណៈប្រទេសនេះកំពុងស្ថិតនៅអាកាសធាតុក្តៅ៕ ដោយ៖ ធីរីណា