ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ៖ ការធ្វើឲ្យសហគមន៍ មានជីវភាពធូរធារអាចទប់ស្កាត់បានការបំផ្លាញព្រៃឈើ និងការសម្លាប់សត្វព្រៃ

ចែករំលែក៖

ខេត្តព្រះវិហារ៖លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបានរៀបចំគោលនយោបាយ និងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅជុំវិញតំបន់ការពារធម្មជាតិឲ្យមានជីវភាពធូរធារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សត្វព្រៃគ្រប់ប្រភេទ។

ថ្លែងក្នុងឱកាសដឹកនាំប្រតិភូ និងអ្នកសារព័ត៌មានទស្សនាគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ និងសហគមន៍អេកូ ទេសចរណ៍នៅសហគមន៍ត្មាតប៉ើយនៅថ្ងៃទី១០ ខែមិថុនានេះ លោក បានឲ្យដឹងថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូជាតិ និងអន្តរជាតិ អនុវត្គម្រោង ឲ្យប្រជាសហគមន៍បង្កើតមុខរបរដូចជាបង្កបង្កើនផលស្រូវក្រអូបតាមបច្ចេកទេស និងលក្ខខណ្ឌតម្រូវដែលមានគុណភាព និងតម្លៃខ្ពស់ និងបង្កើតមុខរបរបម្រើដល់វិស័យអេកូ ទេសចរណ៍ ព្រមទាំងបណ្តុះបណ្តាលសហគមន៍ឲ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀត សំដៅធ្វើយ៉ាងណាឲ្យសហគមន៍មានចំណូល បន្ថែមសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផល ព្រៃឈើ និងបរបាញ់សត្វព្រៃ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ។

សូមបញ្ជាក់ថា គម្រោងស្រូវសត្វត្រយ៉ង ត្រូវបានអនុវត្តដោយអង្គការសមាគមន៍អភិរក្សសត្វព្រៃ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន សម្រាប់ធ្វើការងារជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដើម្បីអភិរក្សសត្វព្រៃ ពិសេសសត្វត្រយង ចង្កំកស និងត្រយងយក្សដែលកំពុងមានវត្តមាននៅតំបន់នោះ។

លោក កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ត្មាត ប៉ើយ បានផ្សារភ្ជាប់ជាមួយការអភិរក្សព្រៃឈើ និងសត្វព្រៃ តាមរយៈឲ្យពួកគេបញ្ឈប់ការកាប់ព្រៃឈើ និងបរបាញ់សត្វព្រៃ ដូចជាត្រយ៉ងយក្សដែលជាសត្វស្លាបដំណាងឲ្យប្រទេសកម្ពុជា ហើយវាក៏ជាប្រភេទសត្វស្លាបកម្រនៅក្នុងពិភពលោក ដោយងាកមកអនុវត្តផលិកម្មស្រូវសរីរាង្គវិញ។

លោកបញ្ជាក់ថា «អង្គការសមាគមន៍អភិរក្សសត្វព្រៃបាន បង្កើតអង្គការក្នុងស្រុកមួយឈ្មោះ សន្សំម្លប់ព្រៃ នៅក្នុងឆ្នាំ ២០០៩ ដើម្បីផ្តល់ឱកាសដល់កសិករក្នុងការទទួលបាននូវតម្លៃបន្ថែមលើផលិតផលស្រូវរបស់ពួកគេដែលផលិតបាន តាមរយៈការប្តូរមកវិញនូវការអនុវត្តន៍ផលិតកម្មស្រូវមិត្តភាព សង្រ្គោះសត្វព្រៃ។ ការអនុវត្តន៍ទាំងនេះរួមមាន ការមិនកាប់ទន្រ្ទាន និងពង្រីកដីខុសច្បាប់ គោរពគោលការណ៍មិនបរបាញ់ បរិភោគ និងជួញដូរសត្វព្រៃ និងអនុវត្តន៍ផលិតកម្មស្រូវតាមស្តង់ដារសរីរាង្គ» ៕

ដោយ៖សូរិយា


ចែករំលែក៖