ភ្នំពេញ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ប្រជាពលរដ្ឋទូទៅដែលរស់នៅប្រទេសកម្ពុជា បាននាំគ្នាដើរលេងដោយផ្ដោតទៅលើកន្លែងណាដែលមានបរិស្ថានល្អស្រស់ស្អាតដូចជា៖ តាមដងព្រៃ ភ្នំ តាមទឹកធ្លាក់នាតំបន់រមណីដ្ឋានជាច្រើនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា មានតំបន់ធម្មជាតិ ដែលមានទេសភាពស្អាតប្រៀបដូចឋានសួគ៌លើដី ចំនួន៤កន្លែងហើយទេសភាពនៅតំបន់នោះ គឺពិតជាស្រស់ស្អាតបំផុតប្រៀបដូចរូបក្នុងផ្ទាំងគំនូរផងដែរ។
តោះសូមអានអត្ថបទលម្អិត និងរូបភាពមានដូចខាងក្រោម៖
១. សមុទ្រឈើ នៅមណ្ឌលគិរី
សមុទ្រឈើ ដែលស្ថិតនៅភូមិឡៅកា ឃុំសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាកន្លែងដែលមានទេសភាពស្រស់ត្រកាល ដោយអាចមើលព្រៃឈើដ៏ក្រាស់ឃ្មឹក ដាច់កន្ទុយភ្នែកជាប់ជើងមេឃប្រៀបដូចជាសមុទ្រ។
លោក ដួង វេហា មគ្គទេសក៍ទេសចរណ៍ខេត្តមណ្ឌលគិរី បានប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក» ថា៖ “សមុទ្រឈើ វាមិនមែនគ្របដណ្ដប់ដោយទឹកទេគឺវាពោរពេញដោយដើមឈើ។ មូលហេតុ ដែលគេហៅថា សមុទ្រឈើ ព្រោះពេលយើងឈរលើកូនភ្នំនេះ គឺអាចមើលឃើញព្រៃឈើលាតសន្ធឹងជាប់ជើងមេឃដាច់កន្ទុយភ្នែក ប្រៀបដូចទឹកសមុទ្រ ហើយឃើញភ្នំតូចធំ ប្រៀបដូចជាកោះយ៉ាងដូច្នោះដែរ”។
សមុទ្រឈើ ស្ថិតនៅខាងជើងឆៀងខាងលិចក្រុងសែនមនោរម្យ និងនៅជិតភ្នំដោះក្រមុំ។ ភ្ញៀវទេសចរទៅលេងនៅមណ្ឌលគិរី មិនសូវរំលងតំបន់នេះទេ ព្រោះវាពិតជាមានទេសភាពស្រស់ស្អាតណាស់ ជាពិសេសគឺពេលថ្ងៃរះ និងថ្ងៃលិច។ ជាមួយនឹងអាកាសធាតុត្រជាក់ដ៏រ៉ូមែនតិកវាក៏ជាទីកន្លែងអំណោយទានសម្រាប់គូស្នេហ៍ក្នុងការសាសង ឬលក្ខណៈគ្រួសារក៏ទទួលបានអារម្មណ៍រីករាយប្លែកផងដែរ។
ទី២ ទឹកជ្រោះតាតៃ
ទឹកជ្រោះតាតៃ កោះអណ្ដែត កោះសាឡៅ តំបន់ព្រះអាទិត្យរៀបលិច ព្រៃកោងកាង ការដើរកម្សាន្តព្រៃជាដើម គឺជាសក្ដានុពលដែលមាននៅរមណីយដ្ឋានអេកូទេសចរណ៍តាតៃ ដែលស្ថិតក្នុងទឹកដី ខេត្តកោះកុង ជាខេត្តមានសក្ដានុពលទេសចរណ៍ធម្មជាតិមួយរបស់កម្ពុជា។
ប្រសិនបើធ្វើដំណើរពីភ្នំពេញត្រូវឆ្លងកាត់ផ្លូវ ២៧០គីឡូម៉ែត្រ នោះលោកអ្នកនឹងទៅដល់តំបន់ទេសចរណ៍ តាតៃ ហើយប្រសិនបើធ្វើដំណើរពីទីរួមខេត្តកោះកុងវិញនោះ មានចម្ងាយប្រហែល១៨គីឡូម៉ត្រ។
៣. ទំនប់ប្រទាក់ក្រឡានៅកំពត
រមណីយដ្ឋានមួយនេះស្ថិតក្នុង ឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត ចម្ងាយប្រមាណ៤គីឡូម៉ែតភាគខាងកើត សាលាស្រុក ទឹកឈូ។ ភ្ញៀវទេសចរណ៍ដែលចង់មកទស្សនារមណីយដ្ឋាននេះ ត្រូវធ្វើដំណើរតាមផ្លូវលំបត់ចុះពីផ្លូវជាតិលេខ ៣៣ ត្រង់សាលាស្រុកទឹកឈូ។
ក្រៅពីមុជទឹកលេង និង គយគន់ចម្ការអ្នកស្រុក ភ្ញៀវទេសចរណ៍ដែលមកទស្សនារមណីយដ្ឋាននេះអាចស្រូបយកខ្យល់អាកាសបរិសុទ្ធលាយលំនឹងសម្រស់ព្រៃភ្នំជាច្រើន។ និយាយអំពីសណ្ឋានភូមិសាស្ត្រ គឺទីនេះប្រៀបបានទៅនឹងខ្ទះត្នោតធំមួយនាកណ្ដាលព្រៃភ្នំ។
វាមិនឆ្ងាយពីភូមិអ្នកស្រុកឡើយ ហើយនៅទីនេះមានខ្ទុះលក់អាហារ ជាច្រើនកន្លែង ដែលភ្ញៀវទេសចរណ៍មកទស្សនារមណីយដ្ឋាននេះ មិនខ្វះអាហារហូបចុកនោះទេ។
ក្រុមការងារ “ផ្លូវទៅស្រុក” បានទៅផ្ដិតរូបនៅទីនេះពេលមេឃជិតភ្លៀងទៅហើយដូចនេះ មិនបានចាប់បានគ្រប់ជ្រុងជ្រោយនៅអ្វីដែលទំនប់ប្រទាក់ក្រឡា មាននោះឡើយ។
៤. ដងព្រៃលិចទឹកនៅស្ទឹងត្រែង
ព្រៃលិចទឹកនៅតាមដៃទន្លេមេគង្គជាកន្លែងកម្សាន្តដ៏កម្រមួយនៅប្រទេសកម្ពុជាដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ឃើញ។ ព្រៃលិចទឹកនេះត្រូវបានគេហៅថា រុំាសា (តំបន់អភិរក្សលិចទឹក)មានចម្ងាយរាប់គីឡូម៉ែត្រតាមដងទន្លេមេគង្គ នៅឃុំអូរស្វាយ ស្រុកថាឡាបូរិវ៉ាត ខេត្តស្ទឹងត្រែង។
ជាក់ស្តែងតំបន់នេះគឺជាផ្នែកមួយ នៃរាជធានីអាណាចក្រខ្មែរសម័យបុរាណ និងរាប់បញ្ចូល ទាំងរុំាសា (តំបន់អភិរក្ស លិចទឹក) ដែលមានសត្វផ្សោតតាមដងទន្លេមេគង្គ សត្វបក្សាបក្សី សត្វព្រៃ ជាច្រើនទៀត។ វាប្រៀបបាននឹងត្បូងពេជ្រដ៏មានតម្លៃ ដែលបានផុសឡើងពីទឹកតាមបណ្តោយទន្លេមេគង្គ។ វាបានផ្តល់នូវសម្បត្តិព្រៃឈើដ៏ ប្រសើរ ដែលជាជម្រដ៏ប្រសើរសម្រាប់សត្វព្រៃ។ ជាពិសេស ហ្វូងបក្សាបក្សី និងជាជម្រកត្រីដ៏ប្រសើរក្នុងរដូវវស្សា។
គួរបញ្ជាក់ដែរថា នៅរដូវប្រាំង ពេលទឹកស្រក ទីនេះបានរំលេចឲ្យឃើញនូវឆ្នេខ្សាច់ពណ៌សដ៏ស្រស់ស្អាត ដែលលាតសន្ធឹង តាមបណ្តោយដងទន្លេ គួរឲ្យចង់ដើរលេងកម្សាន្ត ហើយក៏មានព្រែកជាច្រើន ដោយមាន ព្រែកខ្លះមានទឹកហូរលឿន។ នៅតាមបណ្តោយទន្លេមេគង្គ ក្នុងឃុំស្វាយ តំបន់អភិរក្សដីល្បាប់រុំសា ត្រូវបានការពារដោយច្បាប់ ជាពិសេសតំបន់ត្រីពង ដែលជាទីកន្លែងផ្តល់នូវការបង្កកំណើតដល់ត្រីរាប់លានក្បាល សត្វបក្សា បក្សី និងសត្វព្រៃដ៏ទៃទៀត ព្រមទាំងមានដើមឈើជាច្រើនប្រភេទ ផ្តល់ឲ្យតំបន់នេះក្លាយជា តំបន់អេកូឡូស៊ីដ៏ធំមួយ។ ឃុំអូរស្វាយ មានចម្ងាយ៥៧គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧ និងអាចធ្វើដំណើរតាមទន្លេមេគង្គដែលហូរឆ្ពោះទៅ ទិសពាយព្យនៃក្រុងស្ទឹងត្រែង៕
ដោយ៖សហការី